BREAKING NEWS
Search

សម្ដេច​តេ​ជោ តែងតែ​គិតគូរ​ខ្ពស់​ពី​សុខទុក្ខ​ពលរដ្ឋ​ជាធំ ​មិន​ឲ្យ​នរណា​ម្នាក់​ឯកោ​ឡើយ​

កំពង់ឆ្នាំង ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ជាធំ​ ដោយ​ដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ ជន​ពិការ និង​ងាយ​រងគ្រោះ​ ក្នុង​អំឡុង​ជំងឺ​កូ​វីដ-​១៩ ដោយ​មិន​ឲ្យ​នរណា​ម្នាក់​នៅ​ឯកោ​ឡើយ។ ​

ក្នុង​នោះ ​សម្រាប់​ខែ​មិថុនា​កន្លង​មក​នេះ បាន​ផ្តល់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។

នេះ​ជា​ការ​លើកឡើង​របស់ លោក សួស គឹម​ថុ​ន ប្រធាន​សាខា​មូលនិធិ​ជន​ពិការ​ខេត្ត​កំពង់ឆ្នាំង​ខណៈ​ពេល​សហការ​ជាមួយ​ក្រុមហ៊ុន​ចក្រវាល​រៀល​អ៊ី​ស្តេត​លក់​ដី​ឡូត៍ ​ផ្លូវជាតិ​លេខ​៣ បាន​នាំ​យក​អំណោយ​ជូន​ជនពិការ​ក្រីក្រ​ ឈ្មោះ ម៉េង វុទ្ធី ពិការ​មួយ​កំណាត់​ខ្លួន ដោយ​ឈើ​ធ្លាក់​លើ រស់នៅ​ជា​មួយ​កូន​ពីរ​នាក់ សព្វថ្ងៃ​នៅ​ភូមិ​ផ្លូវ​ផ្សារ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង​ កាលពី​ម្សិល​មិញ​នេះ​។​

​លោក សួស គឹម​ថុ​ន ប្រធាន​សាខា​មូលនិធិ​ជន​ពិការ​ខេត្ត​កំពង់ឆ្នាំង​បាន​ថ្លែងថា ចាប់​តាំងពី​មូលនិធិ​ជន​ពិការ​បាន​ដំណើរការ​ដាក់​ហិប​ប្រាក់​វិភាគទាន​សប្បុរសធម៌​មកដល់​បច្ចុប្បន្ន​នេះ នៅ​ទូទាំង​២៥​រាជ​ធានី​-​ខេត្ត មាន​ហិប​ចំនួន​៧០០​ហិប ត្រូវ​បាន​ដាក់​នៅ​តាម​ទីសាធារណៈ​នានា​ដូចជា ​វត្ត​អារាម សណ្ឋាគារ រមណីយដ្ឋាន និង​កន្លែង​កម្សាន្ត​នានា។

តាមរយៈ​ថវិកា​ដែល​ប្រមូលបាន​ពី​ហិប​ប្រាក់​នេះ មូលនិធិ​ជនពិការ​ បាន​ប្រើប្រាស់​ទៅលើ​កម្មវិធី​ចំនួន​៣​ផ្សេងគ្នា ដើម្បី​ជួយ​ដល់​ជនពិការ​ក្រីក្រ។ កម្មវិធី​ទាំងនោះ​រួមមាន ៖ ទី​១​-ការផ្តល់​អំណោយ​សប្បុរសធម៌ ,ទី​២​-ការសាងសង់​ផ្ទះ , និង​ទី​៣-​ការ​ផ្តល់​ប្រាក់កម្ចី​ដែលមាន​ការប្រាក់​ទាប​។​

លោក​បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា ​ដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់​ជា​ថវិកា​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ ក្នុងអំឡុង​ជំងឺ​កូ​វីដ-​១៩។ ​សម្រាប់​ខែមិថុនា​កន្លងមកនេះ ផ្តល់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ចំនួន​ប្រមាណ​៥៦​ម៉ឺន​គ្រួសារ​។​

លោក​ប្រធាន​បន្ដថា ទោះបីជា​ស្ថានភាព ​នៃ​ការ​រីក​រាលដាល ​នៃ​ជំងឺ​កូ​វីដ​-១៩ ​មិនទាន់បាន​បញ្ចប់​ក្តី ក៏​មូលនិធិ​ជន​ពិការ​ នៅតែ​បន្ត​សកម្មភាព​របស់​ខ្លួន​លើ​ការ​ផ្តល់​សេវា​ជូន​ដល់​ជនពិការ និង​​ខិតខំ​ប្រឹង​ប្រែង​អនុវត្ត​នូវ​វិធានការណ៍​ជាច្រើន ​ដោយ​សហការ​ជាមួយ​សប្បុរសជន​ និង​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ជាក់ស្ដែង​ថ្ងៃនេះ ​ក្រុមហ៊ុន ចក្រវាល​រៀល​អ៊ី​ស្តេត​លក់​ដី​ឡូត៍​ផ្លូវជាតិ​លេខ​៣ បាន​នាំ​យក​អំណោយ​ជូន​ជន​ពិការ​ក្រីក្រ ​ឈ្មោះ ម៉េង វុទ្ធី ពិការ​មួយ​កំណាត់​ខ្លួន តាមរយៈ​សាខា​មូលនិធិ​ជនពិការ​ខេត្ត​កំពង់ឆ្នាំង​។​

គួរ​បញ្ជាក់​ថា អំណោយ​របស់​ក្រុមហ៊ុន​ខាងលើនេះ សម្រាប់​ជួយ​ដល់​ជនពិការ​មួយ​កំណាត់​ខ្លួន​រួម​មាន អង្គរ៧៥​គីឡូ មី​ម៉ា​ម៉ា​២​កេះ ត្រីខ​មួយ​កេះ​ធំ ត្រីងៀត​១.៥​គីឡូ តង់​ធំ​មួយ ទឹក​សុទ្ធ​វី​តា​ល់​២​កេះ និង​ថវិកា ៩៤០ ០០០ ​រៀល។ ​ថវិកា​នេះ​ មួយចំណែក​សម្រាប់​ជួសជុល​ផ្ទះ និង​មួយ​ចំណែក​ទៀត​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​បាន​មួយ​គ្រា​ផង​ដែរ​៕
អត្ថបទ ៖ វិមាន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114