ប៉ាណូ​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច​ផ្នែក​ខាងលិច ដាច់​ធ្លាក់​ចុះក្រោម​ របួស​ធ្ងន់​ស្ត្រី​១នាក់​

កំពត ៖ ស្ត្រី​ម្នាក់ ​បាន​រង​របួស​យ៉ាង​ដំណំ ខណៈ​ស្លាក​ប៉ាណូ​មួយ​ផ្ទាំង​ ស្ថិត​ចំណុច​ខ្លោងទ្វារ​ចូល​ផ្សារ​កំពង់ត្រាច ​ផ្នែក​ខាងលិច បាន​ដាច់​ធ្លាក់​មក​ក្រោម​សង្កត់​ពីលើ ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃទី​០៧ ខែ​ធ្នូ ឆ្នាំ​២០១៩។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយ​ថា ប៉ាណូ​ដែល​ធ្លាក់​បង្ក​ហានិភ័យ​ដល់​មនុស្ស​នេះ ជា​របស់​ក្រុមហ៊ុន​សាប៊ូ​វី​សូ​(Viso)​ ហើយ​ស្លាក​ប៉ាណូ​នេះ​ ត្រូវបាន​ដាក់តាំង​បញ្ឈរ​នៅមុខ​ខ្លោង​ទ្វារ​ផ្សារ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​គេ​មិនដែល​ឃើញ​ផ្នែក​ពាក់ព័ន្ធ​ណា​មួយ​មក​ត្រួតពិនិត្យ​ឡើយ ដោយ​ការ​ដាច់​ធ្លាក់​យ៉ាង​ផុយ​ស្រួយ​បែបនេះ សង្ស័យ​ច្រែះ​ស៊ី​ដែក​ផ្តាច់​មុខតំណ ឬ​ផ្សារ​មិន​ជាប់​និយាយ​ឲ្យ​ស្រួល​ស្តាប់ គឺ​ការ​ដំឡើង​ស្លាក​យីហោ​មានការ​ធ្វេសប្រហែស​ និង​គ្មាន​គុណភាព ទើប​ប៉ាណូ​នេះ​ងាយ​ដាច់​ធ្លាក់​ បង្ក​ឲ្យ​មនុស្ស​រងគ្រោះ​បែបនេះ។

ប្រភព​ដដែល​បាន​បន្តថា នេះ​ចាត់ទុកជា​សំណាងល្អ​ហើយ ព្រោះ​អំឡុងពេល​ប៉ាណូ​បាក់​ធ្លាក់​នោះ ស្របពេល​ដែល​ពុំ​សូវ​មាន​មនុស្ស​ចេញចូល​ច្រើន​ដូច​ពេលព្រឹក តែបើ​ប៉ាណូ​នេះ​ធ្លាក់​នៅពេល​ព្រឹក​ព្រលឹម​វិញ​មិនដឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់​ទេ​ដែល​ត្រូវ​រងគ្រោះថ្នាក់​ដោយសារ​ប៉ាណូ​សង្កត់​នោះ​។​

​គេ​បានបញ្ជាក់​ផងដែរ​ថា ស្ត្រី​ដែល​រងរបួស​ដោយសារ​ប៉ាណូ​សង្កត់​មាន ឈ្មោះ ជិន ខ្លឹង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រងរបួស​ធ្ងន់​(​បាក់​ខ្ទង់ច្រមុះ​) រស់នៅ​ភូមិ​កោះ​ផ្តៅ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​បច្ចុប្បន្ន ​ស្ត្រី​រងគ្រោះ ដោយសារ​មាន​ស្ថានភាព​របួស​ធ្ងន់ធ្ងរ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​៕

អត្ថបទ ៖ សេង ណា​រិ​ទ្ធ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114