ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​សេដ្ឋកិច្ច​និង​ទីផ្សារ​ការងារ

សៀមរាប ​៖​ លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​មាន​ប្រសាសន៍​ថា ​រាជរដ្ឋាភិបាល ​បាន​ និង​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការប្រែប្រួល​យ៉ាង​លឿន នៃ​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ សេដ្ឋកិច្ច​ និង​ទីផ្សារ​ការងារ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ជាមួយគ្នានេះដែរ​ ការអភិវឌ្ឍ​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ​នេះ​ ក៏​ឆ្លើយតប​ទៅ​នឹង​តម្រូ​វ​ការ​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ នូវ​សេវា​កាន់​តែ​មាន​គុណភាព ការ​ឆ្លើយតប​បាន​ឆាប់រហ័ស​ និង​ប្រកបដោយ​សមធម៌ ​និង​មាន​តម្លាភាព។

ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក​របស់​សមាគម​ផ្តល់​សេវា​ការងារ​សាធារណៈ​ពិភព​លោក (WAPES )​ក្រោម​ប្រធានបទ ឌីជីថល​នីយកម្ម​ក្នុង​សេវា​ការងារ​សាធារណៈ​ កាលពី​ព្រឹក​ថ្ងៃទី​០២ ​ខែ​ធ្នូ ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល​អង្គរ ភូ​គី​ត្រា ខេត្ត​សៀមរាប​ លោក​បណ្ឌិត អ៊ិត សំហេង បាន​ឲ្យ​ដឹង​ទៀតថា ​«​កម្ពុជា​យើង​ទើបតែ​បាន​បង្កើត​សេវា​ការងារ​សាធារណៈ ក្នុង​ឆ្នាំ​២០០៩ ដូច្នេះ​ការ​អភិវឌ្ឍ​ប្រព័ន្ធ ផ្តល់​សេវា​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម​ដោយ ការ​ប្រើប្រាស់​បច្ចេកវិទ្យា​នៅមានកម្រិត​ទាប​នៅឡើយ​។ ក្នុង​ន័យ​នេះ​ រាជរដ្ឋាភិបាល​ ក៏ដូចជា​ក្រសួង​ការងារ​ បាន​កំពុង​បន្ត​ខិតខំ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្តល់​សេវា​ការងារ ​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការប្រែប្រួល​យ៉ាង​លឿន នៃ​រចនាសម្ព័ន្ធ​ប្រជាសាស្ត្រ សេដ្ឋកិច្ច​ និង​ទីផ្សារ​ការងារ​ ព្រមទាំង​ទាមទារ​កាន់តែ​ខ្ពស់​ឡើង​របស់​ប្រជាពលរដ្ឋ នូវ​សេវា​កាន់​តែ​មាន​គុណភាព ការ​ឆ្លើយតប​បាន​ឆាប់រហ័ស​ និង​ប្រកប​ដោយ​សមធម៌ ​និង​មាន​តម្លាភាព​»​។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ សន្និសីទ​អាស៊ី​-​ប៉ាស៊ីហ្វិក នេះ ត្រូវ​បាន​ធ្វើឡើង​ត្រូវចំ​កាលៈទេសៈ ព្រម​ទាំង​មាន​សារប្រយោជន៍​ខ្លាំងណាស់​ ដោយបាន​ផ្តល់​ជា​ឱកាស​ដ៏​មានតម្លៃ​សម្រាប់​ប្រទេស​សមាជិក​ទាំងអស់​ចែករំលែក ស្វែងយល់​ និង​ដកស្រង់​យក​ចំណេះដឹង​បទពិសោធន៍​ និង​ការអនុវត្ត​ល្អ​ក្នុងការ​សិក្សា​ និង​ការចាប់យក​មកប្រើប្រាស់ នូវ​បច្ចេកវិទ្យា​បច្ចុប្បន្ន​ និង​ពេល​អនាគត សម្រាប់​ជំរុញ​ការ​ធ្វើ​ឌីជីថល​នីយកម្ម ព្រមទាំង​បំព្រួញ​គម្លាត ​នៃ​ការអភិវឌ្ឍ​សេវា​ការងារ​សាធារណៈ ក្នុងចំណោម​ប្រទេស​សមាជិក​របស់ WAPES ជាពិសេស​សម្រាប់​ប្រ​ទេ ស​ដែល​ទើបបាន​ចាប់ផ្តើម​អភិវឌ្ឍ​សេវា​ការងារ​សាធារណៈ​ដូចជា​កម្ពុជា ក្នុងការ​ខិតខំ ធ្វើដំណើរ​ឈានទៅ​ស​ម្រេច​ជោគជ័យ​នូវ​គោលដៅ​ចុង​ក្រោយ គឺ​ការ​ប្រែក្លាយទៅជា​សេវា​ការងារ​សាធារណៈ​ឌីជីថល​ពេញលេញ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​ការរៀបចំ​សន្និសីទ​នា​ថ្ងៃនេះ ក៏បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ជាថ្មី​ម្តង​ទៀត​អំពី​តួនាទី​កាន់តែ​សំខាន់​ចាំបាច់​របស់​WAPES នៅលើ​ឆាក​អន្តរជាតិ ក្នុងការ​បង្កើតជា​វេទិកា​សម្រាប់​ការសិក្សា​ និង​ការកសាង​ចំណេះដឹង និង​ផ្តល់ ការគាំទ្រ​ដល់​សមាជិក​ក្នុងការ​បង្កើន​ជំនាញ​។

កម្ពុជា ​ប្ដេជ្ញា​បន្ត​ចូលរួម​ផ្តល់​កិច្ចសហប្រតិបត្តិការ និង​ការគាំទ្រ​តាម​លទ្ធភាព​ដល់​រាល់​សកម្មភាព​របស់ WAPES ក្នុងការ​ឈានទៅ​សម្រេចបាន​ជោគជ័យ​នូវ​គោលដៅ​របស់​ខ្លួន​នេះ​។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា​ ការរៀបចំ​សន្និសីទ​នេះ ​គឺជា​វេទិកា​ដែល​ផ្តល់នូវ​កាលានុវត្តភាព​ក្នុង​ការ​ចែករំលែក​ចំណេះដឹង បទពិសោធន៍ និង​ការអនុវត្ត​ល្អ​ពាក់ព័ន្ធ​ការផ្តល់សេវា​ការងារ​សាធារណៈ ក្នុងចំណោម​រដ្ឋ​សមាជិក​ដែលមាន​ការអភិវឌ្ឍ​ខ្លាំងក្លា​ផ្នែក​ការផ្តល់សេវា​ការងារ​តាម​ប្រព័ន្ធ​ឌីជីថល ព្រមទាំង​ការបង្ហាញ​ពី​ករណី​សិក្សា​នៃ​ការចាប់ផ្តើម​ស្រូបយក​បច្ចេកវិទ្យា​ឌីជីថល​ចូល​ក្នុង​ការផ្តល់សេវា​ការងារ​របស់​រដ្ឋ​ជា​សមាជិក​ថ្មី​ដូចជា​កម្ពុជា​។​

គួរបញ្ជាក់​ផងដែរ​ថា ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ គឺជា​សមាជិក​ថ្មី​មួយ​ក្នុងចំណោម​សមាជិក​ចំនួន​១២ នៃ​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក របស់​សមាគម​ពិភព​លោក​ នៃ​សេវា​ការងារ​សាធារណៈ (WAPES) ដែលមាន​សមាជិក​សរុប​ចំនួន​៨២៕

អត្ថបទ ៖ ​សំអឿន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114