អភិបាលស្រុក​បន្ទាយស្រី​ព្រមាន​ចាប់​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ បើ​ម្ចាស់​ដី​ឡូ​តិ៍​នៅ​បន្ត សកម្មភាព​

​សៀមរាប ​៖ ​អភិបាលស្រុក​បន្ទាយស្រី បាន​ថ្លែង​ថា នឹង​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ប្រសិនបើ​ម្ចាស់​ដី​ឡូ​តិ៍ នៅតែ​ហ៊ាន​បន្ត​ឈូសឆាយ​ដោយ​បំពាន​ដីព្រៃ​របស់​រដ្ឋ​តទៅទៀត​។

អភិបាលស្រុក​បន្ទាយស្រី លោក​ឃឹម ហ្វី​ណង់ ថ្លែង​បញ្ជាក់​តាម​ទូរ​សព្ទ នា​ព្រឹក​ថ្ងៃ​ទី​១៤​កុម្ភៈ​យ៉ាង​ដូច្នេះ គឺ​បន្ទាប់ពី​មាន​បុគ្គល​ទៅ​ឈូសឆាយ​ព្រៃ បង្កើតជា​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់ ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ក្នុង​តំបន់​ហាមឃាត់​។ លោក​បន្តថា កាលពី​ថ្ងៃ​ទី​១៣​កុម្ភៈ​ម្សិលមិញ​នេះ មន្ត្រី​បាន​ចុះ​ទៅ​ពិនិត្យ​ឃើញ​ថា ទីតាំង​ដី​ខាងលើ​នៅក្នុង​ភូមិសាស្ត្រ​ភូមិ​រុន ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ដី​នេះ​ស្ថិតក្នុង​តំបន់​២ ដែលជា​ដែន​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា​។

លោក​ទទួល​ស្គាល់​ថា ពិតជា​មានការ​ឈូស​ឆាយ​រួចរាល់​ប្រហែល​៣​ទៅ​៤​ហិកតា​មែន តែ​សកម្មភាព​នោះ​យើង​ទើបតែ​ដឹង​។ ជា​មួយ​នឹង​ការ​ចុះទៅ​ពិនិត្យ​របស់​មន្ត្រី គឺ​បាន​ហៅ​ម្ចាស់​មក​ធ្វើ​កិច្ចសន្យា​បញ្ឈប់​គ្រប់​សកម្មភាព​ទាំងអស់​។

អភិបាលស្រុក​វ័យក្មេង​រូបនេះ បញ្ជាក់​យ៉ាង​ដាច់ខាត​ថា លោក​នឹង​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់​ព័ន្ធ ចាត់វិធានការ​ចាប់​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ ប្រសិនបើ​ម្ចាស់​គម្រោង​ដី​ឡូ​តិ៍​ខាងលើ នៅតែ​បន្ត​ឈូសឆាយ​ ឬ​ ឈូសឆាយ​ដោយ​លួចលាក់​ក្នុង​ប្រការ​ណាមួយ​។ មិន​ថា​ដី​នោះ​វា​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​អាជ្ញាធរ​អប្សរា ឬក៏​ដី​ស្របច្បាប់​នោះទេ តែ​រាល់​ការធ្វើ​អាជីវកម្ម​ណាមួយ ចាំ​ចាប់​ត្រូវសុំ​ច្បាប់​ជាមុន​។

ទោះបី​អាជ្ញាធរ​ស្រុក​បន្ទាយស្រី មិនទាន់​បង្ហាញ​ថា ម្ចាស់​ទីតាំង​ដី​ឡូ​តិ៍​ខាងលើ​ជា​នរណា ប៉ុន្តែ​មន្ត្រី​ដែល​ស្ថិត​ក្នុង​ហេតុការណ៍ ឲ្យ​ដឹង​ថា ម្ចាស់​ដី​ឡូ​តិ៍​ឈ្មោះ​ឈិន សំអឿន ភេទ​ប្រុស​អាយុ ៥៤​ឆ្នាំ​។ គាត់​គ្រោង​ឈូសឆាយដី​នៅ​ទីនោះ ប្រហែល​៤០​ហិកតា ប៉ុន្តែ​ពេលនេះ​ទើប​ឈូស​បាន​៣​ទៅ​៤​ហិកតា​ប៉ុណ្ណោះ​។

នៅ​ថ្ងៃ​ទី​១៤​កុម្ភៈ​នេះ លោក​ឈិន សំអឿន ដែល​អះអាង​ថា ​ជា​ម្ចាស់​គម្រោង​ដីឡូត៍ មិន​អាច​សុំ​ការ​បំភ្លឺ​បានទេ ដោយ​អ្នកទទួល​ទូរ​សព្ទ​ឆ្លើយ​ថា ច្រឡំ​លេខ​។ ​សូម​រម្លឹកថា នៅ​ខេត្តសៀមរាប មាន​មន្ត្រី​គ្រប់​គ្រប់​តំបន់​មួយចំនួន អាច​កន្ទេល​ធំ​បន្លំ​ដេក​៕
កុសល

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114