ផ្លូវជាតិ​លេខ​៥៨ ប្រវែង ១៧៤.១៦៦​គ​.​ម ពី​ខេត្ត​បន្ទាយមានជ័យ ដល់​ឧ​ត្ត​រ​មានជ័យ​នឹង​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃ​២៦​កុម្ភៈ​

បន្ទាយមានជ័យ ៖ ផ្លូវជាតិ​លេខ​៥៨ ប្រវែង ១៧៤.១៦៦​គ​.​ម ពី​ខេត្ត​បន្ទាយមានជ័យ ដល់​ឧ​ត្ត​រ​មានជ័យ​ នឹង​សម្ពោធ​ប្រើប្រាស់​ជា​ផ្លូវការ នា​ថ្ងៃ​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះ​រា​ណា​ចក្រ​កម្ពុជា។​

លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង សាធារណការ និង ដឹកជញ្ជូន បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួង កាលពី​ថ្ងៃអាទិត្យ ១​រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០២០ ចុះ​ត្រួតពិនិត្យ​គុណភាព​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ដែល​ត្រូវ​បាន​សាងសង់​ចប់សព្វ​គ្រប់ ដោយ​ក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោម​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ពី​ក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។​

ផ្លូវ​នេះ​មាន​ប្រវែង​សរុប​ចំនួន ១៧៤.១៦៦​គីឡូម៉ែត្រ និង​ទទឹង ១២​ម៉ែត្រ ក្នុងនោះ​ផ្លូវ​មេ​ប្រវែង ១៦៥.១៨៦ គីឡូម៉ែត្រ និង​ផ្លូវ​ខ្នែង​ប្រវែង ៨.៩៨០​គីឡូម៉ែត្រ សាងសង់​ឡើង​ក្រោម​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​នៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន រួម​ជា​មួយ​នឹង​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សរុប​ប្រមាណ​ជាង ១២២​លាន ដុល្លារ​សហរដ្ឋអាមេរិក ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ពីរ​ស្រទាប់ (DBST) គិត​ចាប់ពី​ផ្លូវជាតិ លេខ​៥ ត្រង់​គ​.​ម ៣៩៩+៩០០ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទៅកាន់​ផ្លូវជាតិ​លេខ​៦៨ ត្រង់​គ​.​ម ១០១+៥០០ (​ផ្លុ​ង​) ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

គម្រោង​ផ្លូវ​នេះ​បាន​ចាប់​ដំណើរ​ការ​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១៥ និង​ត្រូវ​បាន​បញ្ចប់​ការងារ​សាងសង់​ជា​ស្ថាពរ ១០០%​នៅ​ថ្ងៃ​ទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ​។​

កំណាត់​ផ្លូវ​នេះ​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ តំបន់​ភាគ​ពាយ័ព្យ​ប្រទេស ព្រមទាំង​ការ​ដឹក​ជញ្ជូន​កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ជាពិសេស​កំណាត់​ផ្លូវ នេះ​អាច​សម្រួល​ដល់​ការ​តភ្ជាប់​ជាមួយ​ព្រះរាជាណាចក្រ​ថៃ ក្នុង​ការពង្រីក​សក្ដានុពល​សេដ្ឋកិច្ច​ពាណិជ្ជ កម្ម​ថែមទៀត​របស់​ប្រទេសជាតិ​៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​