អាកាសធាតុ​នៅ​ប្រាសាទ​ព្រះវិហារ​ចុះ​ត្រជាក់​ខ្លាំង​ដល់​១០​អង្សា​សេ

​ព្រះវិហារ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​អាកាសធាតុ​នៅតាម​ជួរ​ភ្នំ​ដងរែក​ជាពិសេស​នៅ​តំបន់​ប្រាសាទព្រះវិហារ​ជាប់​ព្រំដែន​ថៃ​និង​នៅ​ទូទាំង​ខេត្តព្រះវិហារ ​ចុះ​ត្រជាក់​ចាប់តាំងពី​យប់​ថ្ងៃទី​០៣​ដល់ទី​០៧​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ​ ដែល​ចុះ​ត្រជាក់​ខ្លាំង​ខុសប្លែក​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ។

មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ប្រចាំការ​នៅ​ប្រាសាទព្រះវិហារ​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៧​ខែធ្នូ​ឆ្នាំ​២០១៩​​​ថា ​សីតុណ្ហភាព​ចន្លោះ​១០-១១​អង្សា​សេ​នៅ​ពេល​យប់​ និង​១៧-១៨​អង្សា​សេ​នៅ​ពេល​ថ្ងៃរសៀល​អូស​បន្លាយ​ចាប់តាំងពី​ថ្ងៃទី​០៣​ដល់ទី​០៧​ ខែធ្នូ​ឆ្នាំ​២០១៩។ អាកាសធាតុ​នៅ​ឆ្នាំ​២០១៩​ ត្រជាក់​ជាង​កាលពី​ឆ្នាំ​២០១៨​ លាយ​ទ្បំ​ទៅ​ដោយ​ខ្យល់​បក់​ខ្លាំង​ថែមទៀត ​ដែល​ពិបាក​នឹង​អង្គុយ​អាំងភ្លើង​អុស។

មន្ត្រី​ដដែល​បន្ត​ថា ​កងទ័ព​ឈរជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ មិន​ប្រឈម​នឹង​ជំងឺ​អំពី​ការចុះ​ត្រជាក់​ខ្លាំង​នេះ​ទេ​ ព្រោះ​រាជរដ្ឋាភិបាល​ បាន​ចែក​អាវ​រងា​ក្រាស់ៗ​ និង​ថ្នាំ​ផ្ដាសាយ​ជូន​កងទ័ព​រួច​អស់​ទៅហើយ​។​

​មន្ត្រី​ធនធានទឹក​និង​ឧតុនិយម​ខេត្តព្រះវិហារ​ បាន​ឲ្យ​ដឹង​ថា​ អាកាសធាតុ​ចុះ​ត្រជាក់​នៅ​ទូទាំង​ខេត្ត​ខុសគ្នា​បន្តិច​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ គឺ​នៅពេល​យប់​១៣-១៥​អង្សា​សេ ​និង​១៦-១៨​អង្សា​សេ​នៅពេល​ថ្ងៃរសៀល។

មន្ត្រី​ធនធានទឹក​ដដែល​បន្ត​ថា ​អាកាសធាតុ​ចុះ​ត្រជាក់​អូសបន្លាយ​ពេលវេលា​ដល់​ថ្ងៃទី​០៩​ខែធ្នូ​ឆ្នាំ​២០១៩​ ដូច្នេះ​សូម​បងប្អូន​ត្រៀម​អាវ​រងា​ ​និង​បង្ការ​ថែទាំ​សុខភាព​ឲ្យ​បានល្អ៕
មង្គល​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114