​កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២១​អង្សា​សេ ​និង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ​ចាប់ពី​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ដល់​ថ្ងៃទី​០២ ខែមីនា​

ភ្នំពេញ ​៖ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ បានប្រកាស​ ​ថា​ចាប់ពី​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ដល់​ថ្ងៃទី​០២ ខែមីនា ​ឆ្នាំ​២០២០ ​កម្ពុជា​នឹង​ចុះ​ត្រជាក់​ដល់​២១​អង្សា​សេ ​និង​ ​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម ​នៅ​តំបន់​វាលទំនាប​កណ្តាល​ ​និង​មាត់សមុទ្រ​។​​

​យោង​តាម​ការចេញផ្សាយ​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ ​នៅ​ថ្ងៃទី​២៥ ​ខែកុម្ភៈ ​ស្តីពី​ស្ថានភាព​ធាតុអាកាស​ ​ចាប់ពី​ថ្ងៃទី​២៥ ខែកុម្ភៈ ​ដល់​ថ្ងៃទី​០២ ​ខែមីនា ឆ្នាំ​២០២០ ​បាន​ឲ្យ​ដឹង​ថា ​តាមរយៈ​ការ​តាម​ដាន​ស្ថានភាព ​​អាកាសធាតុ​ ​ជាប់​ជា​បន្ត ​សង្កេតឃើញថា​ ​ជ្រលង​សម្ពាធ​ ​ខ្ពស់​ ​ខ្សោយ​គ្រប​​ដណ្តប់​លើក​កម្ពុជា​។​

​ក្រសួង​បន្ត​ថា​ ​ស្ថានភាព​បែបនេះ​នឹង​ធ្វើ​ឲ្យ​តំបន់​ជួរ​ភ្នំ​ដងរែក ​និង ​​ខ្ព​ង់រាប​ឦសាន​មាន​សីតុណ្ហភាព​អប្បបរមា ​មាន​ពី​២១ ​អង្សា​សេ ដល់​ ​២៣​អង្សា​សេ ​និង​សីតុណ្ហភាព​អតិបរមា​ មាន​ពី​៣២​អង្សា​សេ​ ​ដល់​៣៤​អង្សា​សេ​។ ​តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​ ​អប្បបរមា​មាន​ពី​ ​២៣ អង្សា​សេ ​ទៅ​២៥​អង្សា​សេ ​និង​សីតុណ្ហភាព​ ​អតិបរមា​ ​មាន​ពី​៣២​អង្សា​សេ ​ដល់​៣៤​អង្សា​សេ និង​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា ​​មាន​ពី​២៤ អង្សា​សេ ដល់​២៦​អង្សា​សេ ​និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣១ អង្សា​សេ ​ដល់​៣៣​អង្សា​សេ​។​

ក្រសួង​ធនធាន​ទឹក ​​ក៏បាន​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​២៧ ​ខែ​កុម្ភៈ ​ដល់​ថ្ងៃទី​០២ ​ខែមីនា​ខាងមុខនេះ ​​ផ្នែក​មួយ​ចំនួន​បណ្ដា​ខេត្ត​ជាប់​ ​តំបន់​មាត់សមុទ្រ ​នឹង​អាច​មាន​ភ្លៀង​ ​ពី​តិច​ទៅ​មធ្យម៕

​អត្ថបទ៖ ​ឌួង​​ ​វិ​រះ​ជ័យ​