BREAKING NEWS
Search

អ្នក​ស្រុក​ភូមិ​ព្រែក​រាំង​​​ ប្រកបមុខរបរ​ត្បាញ​កន្ទេល​ ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ ​ជួយ​គាំទ្រ

កំពង់ឆ្នាំង ​៖​ ប្រជាកសិករ​ភូមិ​ព្រែក​រាំង ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ប្រមាណ​ជាង​២០០​គ្រួសារ​ ក្រៅពី​ធ្វើស្រែ​ចម្ការ ​បាន​ប្រកបមុខរបរ​ត្បាញ​កន្ទេល​ក្រហម​លក់​នៅ​ក្នុង​មួយ​រដូវ​ពី​៣​ទៅ​៤​ខែ​ ត្បាញ​កន្ទេល​បាន​ពី​៨០​ទៅ​១០០​កន្ទេល ​ទៅតាម​កម្លាំង​ពលកម្ម​ និង​សមត្ថភាព ដែល​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៣​លាន​ទៅ​៤​លាន​រៀល ​នៅ​ក្នុង​មួយ​គ្រួសារៗ។

នៅ​ល្ងាច​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ អុំ​ស្រី សំ សារ៉េត ក្នុង​វ័យ​ជាង​៧០​ឆ្នាំ កំពុង​រៀបចំ​ទុកដាក់​កក់​សម្រាប់​ត្បាញ​កន្ទេល ​ដែល​បាន​ជ្រលក់​ថ្នាំ​ហើយ បាន​និយាយ​ឲ្យ​ដឹង​ថា​ ៖​ អ៊ំ​ស្រី ​បាន​ប្រកបមុខរបរ​តម្បាញ​កន្ទេលក្រហម​នេះ ​តាំងពី​អាយុ​១៣​ឆ្នាំ​មក​ម្ល៉េះ គឺ​ចេះ​តៗ​គ្នា​ពី​ម៉ែឪ​ និង​ដូនតា​មក ដែល​បច្ចុប្បន្ន​កូនចៅ​គាត់​ក៏បាន​ចេះ​ត្បាញ​កន្ទេល​តៗ​គ្នា​ពី​គាត់ ដូចជា​អ្នកស្រុក​ក្នុង​ភូមិ​ព្រែក​រាំង ជាង​២០០​គ្រួសារ​ដែរ។

អ៊ំ​ស្រី​បាន​បន្តថា​ ៖ មុខរបរ​ត្បាញ​កន្ទេល​ក្នុង​១​រដូវ​មាន​រយៈពេល​ពី​៣​ខែ​ទៅ​៤​ខែ ក្រោយពេល​ធ្វើស្រែ​ចម្ការ​រួច។ ការ​ត្បាញ​កន្ទេល​នេះ មុនដំបូង​ត្រូវ​ដាំ​កក់ និង​ក្រចៅ សម្រាប់​ត្បាញ​កន្ទេល ដោយ​ខ្លួនឯង​ទៅតាម​សមត្ថភាព​នៃ​ក្រុម​គ្រួសារ​ ដែល​អាច​ត្បាញ​កន្ទេល​បាន គឺ​ដាំ​ពី​១​ខែ ទៅ​១ខែ​កន្លះ​ទើប​ទទួលផល​។ ចំណែក​ទឹក​ថ្នាំ​សម្រាប់​ជ្រលក់​ពណ៌​កន្ទេល​ ត្រូវ​ទិញយក​មកពី​ទីផ្សារ។ ចំពោះ​ការ​ត្បាញ​កន្ទេល​មួយៗ ​ត្រូវ​ប្រើ​កម្លាំង​២​នាក់ ម្នាក់​ចាក់​ម្នាក់​ត្បាញ ដែល​ក្នុង​១​ថ្ងៃ​បើ​ប្រឹងប្រែង​អាច​ត្បាញ​បាន​កន្ទេល​តែ​១​ប៉ុណ្ណោះ។ ចំណែក​ការលក់​ចេញ​បោះ​ម៉ូយ គឺ​ម៉ូ​យមក​ទទួល​ទិញ​ដល់ផ្ទះ មានតម្លៃ​ពី​៤​ម៉ឺន​រៀល​ទៅ​១២​ម៉ឺន​រៀល ទៅតាម​ទំហំ​កន្ទេល​តូច​ឬ​ធំ ហើយ​ក្នុង​១​រដូវៗ អាច​រក​ប្រាក់​ចំណូល​បាន​ពី​៣​លាន ទៅ​៤​លាន​រៀល ទៅតាម​កម្លាំង​ពលកម្ម តិច​ឬ​ច្រើន​នៅ​ក្នុង​គ្រួសារ​នីមួយៗ។

ដោយឡែក​នៅ​ក្រោម​ផ្ទះ​មួយ មាន​កុមារី​ជំទង់​២​នាក់​បងប្អូន មាន​អាយុ​១០​ឆ្នាំ និង​១២​ឆ្នាំ កំពុង​ត្បាញ​កន្ទេល​បាន​និយាយ​ឲ្យ​ដឹង​ដែរ​ថា ​៖​ នាង​បាន​រៀន​ត្បាញ​កន្ទេល​ពី​ម្ដាយ​តាំងពី​អាយុ​៨​ឆ្នាំ ដែល​ពេលនេះ បាន​ឆ្លៀត​ពី​ការរៀនសូត្រ ពួក​នាង​តែង​ជួយ​ត្បាញ​កន្ទេល​ជួយ​ឲ្យ​ម្ដាយ​ដើម្បី​បាន​ប្រាក់​ផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ ដែល​ក្នុង​១​ថ្ងៃ​ពួក​នាង​អាច​ត្បាញ​កន្ទេល​​​តូច​បាន​១​ផង​ដែរ។

ចំណែក​ស្ត្រី ២​នាក់​ម្ដាយ​និង​កូន កំពុង​ត្បាញ​កន្ទេល​នៅ​មុខ​ផ្ទះ ក៏បាន​និយាយ​មិន​ខុសគ្នា​ដែរ​ថា ​៖​ នៅ​ក្នុង​១​រដូវ ពួកគាត់​២​នាក់​ម៉ែកូន​នៅផ្ទះ អាច​ត្បាញ​កន្ទេល​បាន​ពី​៦០​ទៅ​៨០​កន្ទេល​ ដែល​មាន​ទំហំ​ទទឹង​១​ម៉ែត្រ​២​តឹក និង​អាច​លក់​បាន​១​ៗ ថ្លៃ​៥​ម៉ឺន​រៀល ដែល​រក​អាច​ប្រាក់​ចំណូល​បាន​ក្នុង​១​រដូវ​ដក​ថ្លៃ​ទិញ​ថ្នាំ​ជ្រលក់​ចេញ បាន​ជាង​២​លាន​រៀល។

ប្រជាកសិករ​ភូមិ​ព្រែក​រាំងជា​អ្នក​ត្បាញ​កន្ទេល​ក្រហម បាន​អំពាវនាវ​ផង​ដែរ​ ដល់​ប្រជាពលរដ្ឋ​ខ្មែរ សូម​មេត្តា​ជួយ​គាំទ្រ​ផលិតផល​កន្ទេលក្រហម​របស់​អ្នកភូមិ​ព្រែក​រាំង​ពួកគាត់​ផង ដើម្បី​ជួយ​រក្សា​មរតក​ពី​ដូនតា​ខ្មែរ​កុំ​ឲ្យ​បាត់បង់ ក៏ដូចជា​បាន​ជួយ​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​នៅតាម​ជនបទ​ឲ្យ​មាន​ការងារ​ធ្វើ​នៅក្នុង​មូលដ្ឋាន ឲ្យ​មាន​ជីវភាព​ធូរធារ​ផងដែរ៕
ឈៀង ថា​រិ​ទ្ធ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114