ផ្អើល​ភ្ញៀវ​ពេញ​រោងការ ក្រោយ​បុរស​ម្នាក់​ ប្រើ​ហិង្សា​លើ​អ្នក​មក​ហូប​ការ​

​តាកែវ ៖ មានការ​ផ្អើលឆោឡោ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​មួយ​ ​ដែល​បង្ក​មកពី​ជនសង្ស័យ​ម្នាក់​បាន​ប្រើ​ហិង្សា​យក​កាំបិត​ចាក់​លើ​ជនរងគ្រោះ​ពីរ​នាក់ ​បណ្តាល​ឲ្យ​រងរបួស​យ៉ាងដំណំ​។​

ហេតុការណ៍​នេះ ​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​២០​និង​២០​នាទី ក្នុង​ពិធី​អាពាហ៍ពិពាហ៍​របស់​ឈ្មោះ សយ យ៉ុម ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ​ ស្ថិតនៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់​ជុំ​ ស្រុក​គីរីវង់ ខេត្ត​តាកែវ​។ ជនបង្ក​មានឈ្មោះ ផុន កុសល ហៅ​ត្រចៀកកាំ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ពោធិ៍​រោង ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​យក​កូនកាំបិត​ចាក់ទៅលើ​ជនរងគ្រោះ​ពីរ​នាក់​មានឈ្មោះ សុខ វង្សា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចេក ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្ត​តាកែវ បណ្ដាល​ឲ្យ​រង​របួស​លើ​ត្រចៀក​ខាងស្ដាំ ​ប្រវែង​៣​សង់ទីម៉ែត្រ​ ​ និង​ឈ្មោះ ញ៉​ច ម៉ៅ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​០២ សង្កាត់​០២ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បណ្តាល​ឲ្យ​រងរបួស​ក្រោម​បបូរមាត់ ​ប្រវែង​៤​សង់ទីម៉ែត្រ​។ ចំពោះ​មូលហេតុ​ជន​បង្ក​ប្រាប់ថា ​ចង់​ដោះស្រាយ​គំនុំ​ចាស់។

បច្ចុប្បន្ន​ ជនសង្ស័យ​បង្ក​ហិង្សា​ដោយ​ចេតនា​ខាងលើនេះ ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​គីរីវង់​ឃាត់ខ្លួន​កសាង​សំណុំរឿង​តាម​នីតិវិធី​៕
អត្ថបទ ៖ វីរៈ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114