ព័ត៍មានទាន់​ហេតុការណ៏
Search

វិធីកែ​សម្រស់ប្លែក​ៗរបស់ស្ត្រីក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក

ស្ត្រីនៅទូទាំងពិភពលោកមានសាវតាសម្រស់មិនដូចគ្នាទេ។ ដូច្នេះវាគ្មានអ្វីប្លែកទេ ដែលប្រទេសនីមួយៗមានស្តង់ដារសម្រស់ផ្ទាល់ខ្លួន ដែលខុសពីប្រទេសដទៃទៀត។ ក្នុងចំណោមប្រទេសទាំងនោះ មានប្រជាជាតិមួយចំនួន មានវិធីនៃការមើលឃើញសម្រស់ប្លែកៗ ដែលខ្លះដឹងហើយក៏អស់សំណើច និងខ្លះទៀតទុកជាការនិយាយតគ្នា។

ខាងក្រោមនេះ ជារឿងរ៉ាវប្លែកៗរបស់ស្ត្រីមកពីជុំវិញពិភពលោកទាំង១១ប្រទេស ដែលនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាក់ជាមិនខាន៖

១១. ប្រទេសអៀរឡង់

ស្ត្រីជនជាតិអៀរឡង់ជាធម្មតាមានរោមចិញ្ចើមក្រាស់ ស្បែកស្អាត និងបបូរមាត់ស្តើង។ ប៉ុន្តែលក្ខណៈពិសេសទូទៅបំផុតរបស់ពួកគេ គឺថ្ងាសធំ ភ្នែកពណ៌បៃតង និងសក់ក្រហម។ ដោយសារប្រជាជនអៀរឡង់តែងតែឈរតំណាងឱ្យសម្រស់ពីធម្មជាតិ ដូច្នេះការវាយតម្លៃលើសម្រស់ គេតែងផ្ដោតចំពោះលក្ខណៈទាំងអស់នេះសម្រាប់វាយតម្លៃសម្រស់ស្ត្រី។

១០. ប្រទេសជប៉ុន

នៅក្នុងបណ្តាប្រទេសលោកខាងលិចស្នាមញញឹម ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្រស់ស្អាត ប៉ុន្តែសម្រាប់ប្រទេសជប៉ុនមានភាពផ្ទុយពីនេះ។ នៅក្នុងប្រទេសនេះ ស្ត្រីវ័យក្មេងទៅកាន់គ្លីនិកធ្មេញ ដើម្បីធ្វើធ្មេញរបស់ពួកគេឲ្យមើលទៅកោង។ រូបរាងធ្មេញបែបនេះ ត្រូវបានគេចាត់ទុកថា ពិតជាគួរឱ្យស្រលាញ់ ព្រោះជនជាតិជប៉ុនជឿថា វាជានិមិត្តរូបនៃសម្រស់ធម្មជាតិពិតៗ។

៩. ប្រទេសអ៊ីរ៉ង់

តាមស្ថិតិបានបង្ហាញថា អ៊ីរ៉ង់មានភាគរយវះកាត់ច្រមុះខ្ពស់បំផុតនៅលើពិភពលោក។ នេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះស្ត្រីនៅអ៊ីរ៉ង់មិនអាចបង្ហាញរាងកាយរបស់ខ្លួនដើម្បីទាក់ទាញបុរសឡើយ។ ស្រ្តីនៅប្រទេសនេះ ចំណាយពេលវេលាច្រើន ដើម្បីតុបតែងមុខ ជាពិសេសច្រមុះរបស់ពួកគេ។

ការវះកាត់ច្រមុះ មានតម្លៃថ្លៃណាស់នៅក្នុងប្រទេសនេះ។ ដូច្នេះ ប្រសិនបើស្ត្រីណាបានឆ្លងកាត់វា មានន័យថា នាងមកពីគ្រួសារអ្នកមាន។ ដោយសារបញ្ហានេះ ស្ត្រីអ៊ីរ៉ង់ជាច្រើនពាក់បង់រុំបន្ទាប់ពីការវះកាត់ជាក់ស្តែង ដើម្បីបង្ហាញថា ពួកគេមានទ្រព្យសម្បត្តិគ្រប់គ្រាន់។ មានពួកគេខ្លះ ថែមទាំងពាក់បង់រុំក្លែងក្លាយ ដើម្បីធ្វើពុតថាបានវះកាត់ច្រមុះទៀតផង។

៨. ប្រទេសកូរ៉េខាងត្បូង

ទស្សនៈរបស់នារីនៅកូរ៉េខាងត្បូង ត្រូវបានកំណត់ដោយស្បែកស រាងល្អិត ច្រមុះស្រួច មុខតូច និងភ្នែកធំ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺទម្រង់មុខ ដែលមានចង្កាតូចចង្អៀត ហើយថ្ងាសទូលាយ។ ដើម្បីទទួលបាននូវទម្រង់មុខនេះ ស្ត្រីជនជាតិកូរ៉េជាច្រើនចំណាយប្រាក់រាប់រយដុល្លារទៅលើការវះកាត់កែសម្ផស្ស។

៧. ប្រទេសបារាំង

ស្ត្រីបារាំងភាគច្រើនមានសម្រស់ស្អាតពីធម្មជាតិគ្រប់ផ្នែកទាំងអស់។ ពួកគេស្លៀកពាក់ស្ទើរតែគ្មានការតុបតែង កម្រប្រើទឹកអប់ ប៉ុន្តែចូលចិត្តថែទាំសក់បំផុត។ ពួកគេជឿជាក់ថា សម្រស់ពិតត្រូវបានឆ្លុះបញ្ចាំងលើស្បែក ដូច្នេះជំនួសឱ្យការតុបតែងមុខ ពួកគេព្យាយាមប្រើគ្រីមឬឡេច្រើន ដើម្បីឱ្យស្បែករបស់ពួកគេមើលទៅល្អឥតខ្ចោះ។

៦.ប្រទេស តាជីគីស្ថាន

នៅតាជីគីស្ថាន រោមចិញ្ចើមដែលរួមគ្នាច្រើនត្រង់ប្រជុំចិញ្ចើម ត្រូវបានគេចាត់ទុកថា ជាស្តង់ដារនៃភាពស្រស់ស្អាតចំពោះស្ត្រី។ អបិយជំនឿខ្លះជឿថា ចិញ្ចើមរបស់អ្នកកាន់តែជិតគ្នា ប្តីរបស់អ្នកនឹងនៅជិតអ្នក។ ក្រៅពីនេះ វាត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃភាពបរិសុទ្ធ និងភាពគ្មានទោសពៃរ៍ចំពោះស្ត្រី។

ជាអកុសល ស្រ្តីខ្លះមិនមានរោមបែបនេះឡើយ ជាហេតុធ្វើឲ្យពួកគេក្លែងបន្លំវា ហើយប្រើឱសថដើម្បីបណ្ដុះរោម ឬគូររោមចិញ្ចើមដោយខ្លួនឯងដើម្បីមើលទៅស្រស់ស្អាត។

៥. ប្រទេសអារ៉ាប់ប៊ីសាអូឌីត

ស្ត្រីអារ៉ាប់ប៊ីសាអូឌីតផ្តល់អត្ថន័យលើភ្នែកថា គឺជាកញ្ចក់នៃដួងចិត្តរបស់មនុស្ស។ ដោយសារតែសាសនាពួកគេមិនអនុញ្ញាតឲ្យបង្ហាញមុខមាត់បាន ទើបពួកគេយកចិត្តទុកដាក់ចំពោះសម្រស់ភ្នែកលើសអ្វីទាំអស់។ ដើម្បីធ្វើឱ្យពួកគេកាន់តែមានភាពទាក់ទាញ ស្ត្រីនៅប្រទេសនេះ ចំណាយប្រាក់យ៉ាងច្រើនលើគ្រឿងតុបតែង និងឧបករណ៍គ្រប់ប្រភេទដែលពាក់ព័ន្ធនឹងភ្នែក។

៤. ប្រទេសចិន

សម្រាប់ស្ត្រីជនជាតិចិន ស្បែកស្លេកត្រូវបានគេចាត់ទុកថា ជាស្តង់ដារសម្រស់ពិត។ និន្នាការនេះពិតជាត្រឡប់ទៅអតីតកាល ដែលពណ៌នៃស្បែកទាក់ទងនឹងវណ្ណៈសង្គម។ ប្រសិនបើស្បែកស្រអាប់វាមានន័យថា មនុស្សនោះធ្វើការនៅចម្ការហើយក្រ។ ក្មេងស្រីជនជាតិចិនមិនចង់មើលទៅក្រទេ សូម្បីតែសព្វថ្ងៃនេះក៏ដោយ។ ដូច្នេះពួកគេព្យាយាមគ្រប់វិធីដើម្បីបានស្បែកសដូចព្រិល។

៣. ប្រទេសមីយ៉ាន់ម៉ា

សម្រាប់ប្រជាជនកាយ៉ានដែលរស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា កវែងត្រូវបានគេចាត់ទុកថា ជានិមិត្តរូបនៃសុខុមាលភាពនិងសម្រស់។ នោះហើយជាមូលហេតុដែលក្មេងស្រីក្នុងតំបន់នេះ ពាក់អាវស្ពាន់នៅករបស់ពួកគេចាប់ពីអាយុ ៥ ឆ្នាំ។ ដំបូងពួកគេដាក់កងចំនួន ៦ នៅជុំវិញក ហើយបន្ទាប់មកចំនួននោះកើនឡើង១រៀងរាល់ឆ្នាំ។ ពួកគេនឹងបញ្ឈប់ពាក់វា បន្ទាប់ពីរៀបការហើយ។

ជាលទ្ធផលនៃការពាក់កងរ៉ឺស័រទាំងនោះ ករបស់ស្ត្រីអាចឡើងដល់ ៤០ សង់ទីម៉ែត្រ។ ទោះជាវាពិបាកសម្រាប់ក្មេងស្រី សូម្បីតែងាកក្បាលក៏ដោយ ក៏ពួកគេមិនដែលត្អូញត្អែរទេ ព្រោះគេមានទស្សនៈថា ភាពស្រស់ស្អាតតម្រូវឱ្យមានការលះបង់។

២. ប្រទេសនូវែលសេឡង់

នៅនូវែលសេឡង់ការចាក់សាក់មិនត្រឹមតែត្រូវបានប្រើដើម្បីតុបតែងស្បែកប៉ុណ្ណោះទេ តែជនជាតិដើម ម៉ូរី ប្រើបច្ចេកទេសសាក់ឈ្មោះ ដើម្បីធ្វើអត្តសញ្ញាណប័ណ្ណប្រភេទមួយ ដែលមានលំនាំពណ៌ខ្មៅ និងពណ៌ខៀវនៅខាងស្តាំមនុស្ស។ ប្រពៃណីស្ត្រីម៉ូរី គឺសាក់រូបខ្លួនឯងនៅលើចង្កាក្នុងវ័យជំទង់ ដើម្បីបង្ហាញពីស្ថានភាពសង្គមរបស់ពួកគេ។

នៅពេលមនុស្សម្នាក់ទៀតនៃកុលសម្ព័ន្ធក្រឡេកមើលរូបសាក់នេះ ពួកគេអាចអានរឿងរ៉ាវទាំងមូលរបស់ម្ចាស់រូបបានយ៉ាងងាយ ហើយអាចប៉ាន់ស្មានថា ស្ត្រីនោះមានភាពស្រស់ស្អាតប៉ុណ្ណា។

១. ប្រទេសអេត្យូពី

នៅក្នុងប្រទេសនេះនៅពេលដែលស្ត្រីឈានដល់អាយុបង្កើតកូន មនុស្សបានដកធ្មេញខាងមុខរបស់នាងចំនួន ២ ចេញ ហើយចាក់ត្រង់បបូរមាត់ខាងក្រោមរបស់នាង។ បន្ទាប់មកពួកគេបញ្ចូលដីឥដ្ឋ ឬថាសឈើនៅក្នុងរន្ធនេះ។ នៅពេលនាងធំឡើងថាសធំនឹងត្រូវបានគេដាក់នៅទីនោះ ដើម្បីពង្រីកបបូរមាត់និងបន្តទៀតរហូតវាឈានដល់ចានដែលមានទំហំពេញមាត់។ បបូរមាត់នេះត្រូវបានប្រជាជន Surma ចាត់ទុកថា ជានិមិត្តរូបនៃភាពចាស់ទុំរបស់ស្ត្រី ដែលទាក់ទាញបុរសឱ្យរៀបការ ៕

 

ប្រែសម្រួល៖ សន្យា