អភិបាល​រាជធានី​ភ្នំពេញ ទៅ​ទទួល​ស្វាគមន៍ និង​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ ដែល​ជិះ​លើ​កប៉ាល់ Westerdam

ភ្នំពេញ​ ៖ អភិបាល​រាជធានី​ភ្នំពេញ ​លោក ឃួ​ង ស្រេង អម​ដំណើរ​ដោយ​អភិបាលរង លោក​ កើត ឆែ និង​ លោក មាន ចាន់​យ៉ា​ដា ព្រមទាំង​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ព្រមទាំង​មន្ត្រី​មួយ​ចំនួន​ទៀត​នា​រសៀល​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ​នេះ​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ទទួល​ស្វាគមន៍ និង​ជូន​ដំណើរ​ក្រុម​ភ្ញៀវ​ទេសចរ ជើង​ទី​២ ចំនួន​១៤១​នាក់ ដែល​បាន​ជិះ​កប៉ាល់ Westerdam មុននឹង​បន្ត​ហោះហើរ​តាម​យន្តហោះ​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគាត់​វិញ។

អភិបាល​ នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ ឃួ​ង ស្រេង ក្នុង​ឱកាស​អញ្ជើញ​ស្វាគមន៍​ដល់​ភ្ញៀវ​ទេសចរ​ទាំងនេះ នៅក្នុង​ព្រលានយន្តហោះ​ពោធិចិនតុង បាន​មានប្រសាសន៍​លើកឡើងថា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​ដោយ​ផ្ទាល់​ភ្ញៀវ​បរទេស​ចំនួន​ជាង​ ២ ០០០​ នាក់ ដែល​ជិះ​លើក​កប៉ាល់​ចូល​ចត​នៅ​ក្រុងព្រះសីហនុ ដល់​ក្រុង ព្រះ​សីហនុ​។ សម្ដេច​ បាន​យកចិត្តទុកដាក់​ខ្លាំង​ណាស់​ចំពោះ​ភ្ញៀវ​អន្តរជាតិ​ដែល​មកលេង​នៅ​ប្រទេស​កម្ពុជា​។ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ​សម្ដេច​តេ​ជោ​ ហ៊ុន សែន មិន​ត្រឹមតែ​យកចិត្តទុកដាក់​ចំពោះតែ​ប្រជាពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ សម្ដេច ​នូវ​បាន​យកចិត្តទុកដាក់​ជាមួយនឹង​បរទេស​ថែមទៀត ដែល​នេះ​បង្ហាញ​ពី​ការ​គោរព​សិទ្ធិមនុស្ស​របស់​ សម្ដេច​តេ​ជោ​ ហ៊ុន សែន។

លោក​បន្ត​ទៀត​ថា ក្នុងនាម​ជា​មន្ត្រីរាជការ​ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ត្រូវតែ​អនុវត្ត​ទៅ​តាម​ការណែនាំ​របស់ សម្ដេច​តេ​ជោ ​ហ៊ុន សែន បើ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទាំង​ ២ ០០០​ នាក់​ នេះ ក្នុង​នាម​អាជ្ញាធរ​រាជធានី​ភ្នំពេញ ​ក៏​ត្រូវតែ​អនុវត្ត​នូវ​អ្វី​ដែល​ជា​ការ​ណែនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា។ ដូច្នេះហើយ​ ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​រសៀល​នេះ​ បាន​មក​ទទួល​ស្វាគមន៍​ភ្ញៀវ​ទាំង​នេះ​។

លោក​បាន​បញ្ជាក់​ផង​ដែរ​ថា មកដល់ពេលនេះ មិនទាន់មាន​ប្រជាពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ឆ្លង​ជំងឺ​កូរ៉ូ​ណា​នៅ​ឡើយ​ទេ មានតែ​ជនជាតិ​ចិន​ម្នាក់​​គត់​ដែល​បាន​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​កូ​រ៉ូ​ណា​វីរុស​ថ្មី​នេះ ហើយ​បច្ចុប្បន្ន​នេះ​ អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​នោះ​ក៏បាន​ជា​សះស្បើយ​ហើយ​ដែរ ដែល​នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា ក្រសួងសុខាភិបាល​រប​ស់​កម្ពុជា ក៏​មាន​គ្រូពេទ្យ​ជំនាញៗ មិន​ចាញ់​គ្រូពេទ្យ​បរទេស​ដែរ​។​

សូមបញ្ជាក់ថា ក្រុម​ភ្ញៀវ​ទេសចរ​នៅ​លើ​នាវា Westerdam ចំនួន​១១៩​នាក់ ជា​ក្រុម​ជើង​ទី​១ បាន​ធ្វើ​ដំណើរ​តាម​យន្តហោះ​ត្រឡប់​ទៅកាន់​ប្រទេស​របស់​ពួកគេ​វិញ នៅ​វេលា​ថ្ងៃត្រង់​ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ពេលមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​វេលា​ម៉ោង​៩​និង​២០​នាទី​ព្រឹក​មិញ ហើយ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ក្រុម​ទី​២ ដែល​មាន​ជាង​១០០​នាក់​ផង​ដែរ​នោះ ក៏បាន​ធ្វើដំណើរ​ចេញ​ពី​ខេត្ត​ព្រះសីហនុ និង​បន្ដ​ចាកចេញ​តាម​ព្រលានយន្ដហោះ​អន្តរជាតិ​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​ទឹកដី​កំណើត​របស់​ពួកគេ​វិញ​។​

បើតាម​អាជ្ញាធរខេត្ត​ព្រះសីហនុ ថា នៅថ្ងៃនេះ​ អ្នកដំណើរ​ដែល​ជិះ​លើ​នាវា WESTERDAM ចំនួន​៤១៧​នាក់ ចាក​ចេញពី​ប្រទេស​កម្ពុជា តាម​ជើងយន្តហោះ​ទៅកាន់​ប្រទេស​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

អ្នកដំណើរ​ទាំង​៤១៧​នាក់​នេះ ត្រូវបាន​ចែកចេញជា​៣​ជើងយន្តហោះ ដែល​ពីរ​ជើង​ហោះ​ទៅកាន់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ទើប​បន្ត​ហោះ​ទៅកាន់​ប្រទេស​សិង្ហបុរី រួច​បន្ត​តាម ជើង​ហោះ​ហើរ ទៅកាន់​ប្រទេស​របស់​ពួកគាត់​រៀងៗ​ខ្លួន​។ ចំណែក​ជើង​ហោះហើរ​មួយ​ជើង​ទៀត គឺ​ត្រូវ​ហោះ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឆ្ពោះទៅកាន់​ប្រទេស​របស់​ពួកគាត់​តែម្តង​។​

គួរ​បញ្ជាក់​បន្ថែម​ទៀត​ថា កប៉ាល់​ទេសចរណ៍ Westerdam ដឹក​មនុស្ស​សរុប​ជាង ២ ២០០ ​នាក់ ក្នុង​នោះ​អ្នកដំណើរ​ ១ ៤៥៥​ នាក់ និង​ បុគ្គលិក​កប៉ាល់​ចំនួន​៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េ​ខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅ​លើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ ប៉ុន្តែ​នៅ​ទីបំផុត សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​នាវា​អាមេរិក​មួយ​នេះ​ចូល​ចត ​កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០​។

យោងតាម​បញ្ជី​អ្នកដំណើរ​បង្ហាញ​ឲ្យ​ឃើញ​ថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​នេះ​ ផ្ទុក​អ្នក​ទេសចរ​ចំនួន​៤១​ជាតិ​សាសន៍ ក្នុង​នោះ​ជនជាតិ​អាមេរិក​ច្រើនជាងគេ មាន​ចំនួន​រហូតដល់​៦៥១​នាក់ ជនជាតិ​កាណាដា​២៧១​នាក់ អង់គ្លេស​១២៧​នាក់ ជាតិ​សាសន៍​ដទៃ​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ជនជាតិខ្មែរ​ដែល​ចូលសញ្ជាតិ​កាណាដា ចំនួន​៥​នាក់​ ផង​ដែរ​៕


អត្ថបទ ៖ ​ស្រីរ័ត្ន​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114