ក្រុម​នាវិក​របស់​នាវា Westerdam ​រៀបចំ​អាហារ​សាមគ្គី​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មុន​ចាក​ចេញពី​កំពង់ផែ​ក្រុងព្រះសីហនុ ត្រឡប់​ទៅកាន់​ប្រទេស​ខ្លួន​វិញ​

ព្រះសីហនុ ៖ ក្រុម​នាវិក​របស់​នាវា Westerdam ដើម្បី​ជា​ការ​ថ្លែងអំណរគុណ ​បាន​រៀបចំ​ហូប​អាហារ សាមគ្គី​រួម​គ្នា ជាមួយនឹង​ថ្នាក់ដឹកនាំ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ មុនពេល​នាវា​ចាកចេញ​ពី​កំពង់ផែ​ក្រុង​ព្រះសីហនុ ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​ខ្លួន​វិញ​ កាលពី​យ​ប់​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ២០២០។

នា​ឧកាស​នោះ លោក​មេបញ្ជាការ​នាវា បាន​ថ្លែង​កោតសរសើរ​ដល់ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​គ្រប់​លំដាប់​ថ្នាក់ ជា​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា​នូវ​ទឹកចិត្ត​មនុស្សធម៌ និង​គ្មាន​ការរើសអើង ​ដោយ​បាន​អនុញ្ញាត ទទួល​យក​នាវា Westerdam នាវិក និង​ភ្ញៀវទេសចរ​ទាំងអស់​ចូលមក​កាន់​កំពង់ផែ​ក្រុងព្រះសីហនុ​ និង​ជួយ​សម្របសម្រួល​នូវ​សេចក្តីត្រូវការ​គ្រប់បែបយ៉ាង​ ជាពិសេស​ជួយ​ដល់​ដំណើរ​ត្រលប់​ទៅកាន់​ប្រទេស​កំណើត​របស់​ភ្ញៀវ​ទេសចរ​នៅ​លើ​នាវា​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹងទុក​។​ យើងខ្ញុំ​ទាំងអស់​គ្នា ​នឹង​ចងចាំ​អំពី​កម្ពុជា ​នឹង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយពី​ទឹកចិត្ត​ដ៏​ល្អ​ប្រពៃ​នេះ​។

ជាមួយនេះ​ផង​ដែរ លោក គួច ចំ​រើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ពាំនាំ​នូវ ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជូន​ដល់​នាវិក​ទាំងអស់​ និង​បាន​ជូនពរ​ដល់​ក្រុម​នាវិក ​និង​អ្នក​រួម​ដំណើរ​ទាំងអស់ ​ទទួល​បាន​សេចក្ដី​សុវត្ថិភាព ក្នុង​ដំណើរ​វិល​ត្រលប់​កាន់​គោលដៅ​បន្ត​នា​ពេល​ខាង​មុខ​នេះ ហើយ​យើងខ្ញុំ​រីករាយ​ស្វាគមន៍​ដល់​ក្រុម​នាវិក និង​ភ្ញៀវ​ទេសចរ​ទាំងអស់ នៃ​នាវា Westerdam មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ជា​បន្តទៀត។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក​Westerdam ​បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុង​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួលបាន​ការអនុញ្ញាត​ពី សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​កម្ពុជា​។ នាវា​យក្ស​នេះ ដឹក​មនុស្ស​សរុប​ជាង ២ ២០០​ នាក់ ក្នុង​នោះ​អ្នកដំណើរ​ ១ ៤៥៥ ​នាក់ និង​ បុគ្គលិក​កប៉ាល់​ចំនួន​៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ​(​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយ​បារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់ពាន់នាក់​នៅលើ​នោះ អាច​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)៕


អត្ថបទ ៖ កោះពស់



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114