សម រង្ស៊ី និង កឹម សុខា ចេញ​ទស្សន​ខុសគ្នា​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​នាវា Westerdam របស់​អាមេរិក​ចូល​ចត

ភ្នំពេញ​ ៖ កាលពី​ថ្មី​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អនុញ្ញាត​ឲ្យ​នាវា Westerdam ដែលមាន​ដឹក​មនុស្ស​ជាង​២០០០​នាក់​បាន​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ដែល​សកម្មភាព​នេះ ទទួល​បានការ​សាទរ​យ៉ាង​ខ្លាំង​ពី​ពិភពលោក ក្នុង​នោះ​ក៏​មាន​ប្រធានាធិបតី​អាមេរិក Donald Trump ផង​ដែរ ហើយ​សម្រាប់​នៅ​កម្ពុជា គេ​ក៏​ឃើញ​លោក កឹម សុខា ដែលជា​អតីត​មេដឹកនាំ​បក្សប្រឆាំង​ក៏បាន​អបអរសាទរ​ផងដែរ តែ​អ្នក​ដែល​មិន​សាទរ​នោះ មានតែ​ម្នាក់​គត់ គឺ​លោក សម រង្ស៊ី និង​បក្សពួក ដែល​កំពុង​ដើរហើរ​យ៉ាង​សប្បាយ​នៅ​បរទេស​។

លោក កឹម សុខា អតីត​មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ បាន​ឆ្លើយតប​សំណួរ​របស់​អ្នកសារព័ត៌មាន​បរទេស​ម្នាក់ ស្ដីពី​ការ​អនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍​ដ៏​ធំ​ឈ្មោះ MS Westerdam របស់​សហរដ្ឋអាមេរិក បាន​ចូល​សំចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ ហើយ​លោក កឹម សុខា បាន​អះអាង​ថា ការអនុញ្ញាត​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌ និង​ការចូលរួម​រក​ដំណោះស្រាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ចំពោះ​អ្នកទេសចរ​ដែល​មកពី​បណ្តា​ប្រទេស​ផ្សេងៗ​។

សម្រាប់​លោក សម រង្ស៊ី ដែល​តែងតែ​អះអាង​ខ្លួន​ថា ជា​អ្នក​ប្រជាធិបតេយ្យ អ្នក​សិទ្ធិមនុស្ស​នោះ បែរ​ជា​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​នាវា MS Westerdam របស់​សហរដ្ឋអាមេរិក​ចូល​ចត​ឡើយ ហើយ​បាន​បន្ទោស​សម្តេច​នាយក​រដ្ឋមន្ត្រី​ថា មិនបាន​យកចិត្តទុកដាក់​ចំពោះ​សុខភាព​របស់​ប្រជាពលរដ្ឋ​ឡើយ​។

លោក សម រង្ស៊ី បាន​សរសេរ​លើ​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​យ៉ាង​នេះ​ថា សប្បុរសធម៌​ក្លែងក្លាយ របស់ ហ៊ុន សែន យើង​មិន​ជំទាស់​ការ​ជួយ​សង្គ្រោះ​អ្នកដទៃ​ទេ តែ ហ៊ុន សែន ត្រូវតែ​គិតគូរ​ពី​សុខភាព និង​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ នៅ​លើ​ទឹកដី​ប្រទេស​កម្ពុជា ជាមុនសិន​…​។ ដោយសារតែ​ការ​បើកចំហ​ឲ្យ​ជនជាតិ​ចិន ដែល​អាច​នាំមក​ជំងឺ បណ្តាល​មក​ពី​មេរោគ​វីរុស​កូ​រ៉ូ​ណា​នេះ ចូល​មក​ប្រទេស​កម្ពុជា​តាម​ចិត្ត ទើប ហ៊ុន សែន ទទួល​សម្ពាធ​ពី​អន្តរជាតិ ឲ្យ​កប៉ាល់ Westerdam ដែល​ដឹក​អ្នកដំណើរ​អន្តរជាតិ​ជាង​២ ពាន់​នាក់ ចូល​មក​សំចត នៅ​ទីក្រុង​ព្រះសីហនុ កាលពី​ថ្ងៃ​១៣ ខែកុម្ភៈ កន្លងទៅនេះ​។

ទាក់ទង​សកម្មភាព​នេះ លោក មុត ចន្ថា អតីតមន្ត្រី​ជាន់ខ្ពស់ នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​អះអាង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ធ្វើ​កាល​ពី​ពេល​ថ្មីៗ ចំពោះ​កប៉ាល់ Westerdam Ship Cruise តាមរយៈ​ការអនុញ្ញាត​ឲ្យ​កប៉ាល់​ចូល​សំចត និង​ការស្វែងរក​ដំណោះស្រាយ​ឲ្យ​អ្នកទេសចរ​ជាង​២០០០​នាក់ បន្ត​ដំណើរ​ទៅកាន់​ទិសដៅ​រៀងៗ​ខ្លួន​បន្ត​ទៀត ខណៈ​ដែល​ប្រទេស​ក្នុង​តំបន់​ខ្លះ បាន​បដិសេធ​ឲ្យ​ចូល​សំចត ហើយ​នេះ​គឺជា​កាយវិការ​មនុស្ស​ធម៌ ស្របតាម​គោលការណ៍​នៃ​ចលនា​កាកបាទក្រហម និង​អឌ្ឍចន្ទ​ក្រហម ហើយក៏​ជា​ការ​បង្ហាញ​ពី​ការមិន​រើសអើង ដែល​ស្របតាម​គោលការណ៍​នៃ​ច្បាប់​សិទ្ធិមនុស្ស​អន្តរជាតិ​ផងដែរ​។

គួរ​រំលឹក​ថា នាវា​ទេសចរណ៍​អាមេរិក​ឈ្មោះ Westerdam ដឹក​មនុស្ស​សរុប​ជាង​២២០០​នាក់ ក្នុង​នោះ​អ្នកដំណើរ​១៤៥៥​នាក់ និង​បុគ្គលិក​កប៉ាល់​ចំនួន​៨០២​នាក់ បាន​ចាក​ចេញពី​ទីក្រុង​ហុងកុង ប្រទេស​ចិន កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​២០២០ ប៉ុន្តែ​ត្រូវ​បាន​អាជ្ញាធរ កោះ​តៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះ​ហ្គាំ (​អាមេរិក​) និង​ប្រទេស​ថៃ បដិសេធ​មិន​ឲ្យ​ចូល​ចត​ឡើយ ដោយសារតែ​ការ​ព្រួយបារម្ភ​ថា ក្នុងចំណោម​មនុស្ស​រាប់​ពាន់​នាក់​នៅ​លើ​នោះ អាចមាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី (Covid-19)​។ នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក Westerdam ដែល​ផ្ទុក​មនុស្ស​ជាង​២​ពាន់​នាក់​នេះ ភាគ​ច្រើនជាង​ជនជាតិ​អាមេរិក និង​អឺរ៉ុប បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រោយ​ទទួល​បាន​ការអនុញ្ញាត​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

បន្ទាប់ពី​បាន​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ និង​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព ទេសចរ​ទាំងនោះ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​កម្សាន្ត​ដោយ​សេរី នៅ​ក្នុង​ប្រទេស​កម្ពុជា ឬ​ចាកចេញ​តាម​ជើង​យន្តហោះ បើសិនជា​ពួកគេ​ចង់​ចាកចេញ​។ ចំណែក​ស្ថានទូត​ប្រទេស​ជាច្រើន រួម​ទាំង​អាមេរិក និង​អឺរ៉ុប សុទ្ធតែ​បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ ទឹកចិត្ត​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ក្នុង​ការ​ជួយ​ដល់​នាវា​យក្ស​នេះ​ឲ្យ​ចុះចត​។

ក្រោយពី​អនុញ្ញាត​ឲ្យ​ចូល​ចត ក៏ដូចជា​ចូលរួម​ទទួល​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន យ៉ាង​គគ្រឹកគគ្រេង​នោះ លោក ដូ​ណា​ល់ ត្រាំ Donald Trump ប្រធានាធិបតី​អាមេរិក និង​អគ្គលេខាធិការ អង្គការ​ទេសចរណ៍​ពិភពលោក បាន​ផ្ញើ​សារ​អរគុណ​កម្ពុជា​យ៉ាង​ខ្លាំង ចំពោះ​កាយវិការ​មនុស្សធម៌ និង​ចងចាំ​ចំពោះ​អំពើ​ល្អ​នេះ​៕
កោះ​កែវ

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114