លទ្ធផល​វិភាគ​បង្ហាញ​ថា អ្នកទេសចរ​២០​នាក់​នៅ​លើ​កប៉ាល់ WESTERDAM មិន​មាន​ផ្ទុក​មេរោគ​កូ​រ៉ូ​ណា ថ្មី​ទេ

ភ្នំពេញ ​៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​អះអាងថា ​លទ្ធផល​មន្ទីរ​ពិសោធន៍​ប៉ាស្ទ័រ​ បានបង្ហាញ​ហើយ​ថា អ្នកទេសចរ​២០​នាក់​នៅ​លើ​កប៉ាល់ WESTERDAM មិនមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ Covid-19 នោះទេ។

ជាមួយ​គ្នា​នេះ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC តាមរយៈ​ផេ​ក​របស់​ខ្លួន ​ក៏បាន​បញ្ជាក់​ផង​ដែរ​ថា «លទ្ធផល​ផ្លូវការ​នៃ​ការ​ពិនិត្យ​វិភាគ​សំណាក​ផ្លូវ​ដង្ហើម​ចំពោះ​អ្នកទេសចរ​តាម​កប៉ាល់​ Westerdam ចំនួន​២០​នាក់ ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បង្ហាញថា អវិជ្ជមាន​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី»។

សូម​ជម្រាប​ថា កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ភ្ញៀវទេសចរ​ចំនួន​២០​នាក់ ដែល​ស្ថិតនៅលើ​កប៉ាល់ Westerdam ក្នុងចំណោម​អ្នក​ដែល​ស្ថិតនៅលើ​កប៉ាល់ ជាង​២០០០​នាក់ ដែលមាន​បញ្ហា​សុខភាព​បន្ដិចបន្ដួច ដូចជា​ក្រពះ ពោះវៀន និង​រាករូស​ជាដើម ត្រូវបាន​ក្រុមគ្រូពេទ្យ​កម្ពុជា​យក​សំណាក​ទៅពិនិត្យ​ដើម្បី​តាមដាន សុខភាព​របស់​ពួកគាត់។ ប៉ុន្តែ​នៅពេលនេះ​លទ្ធផល​បានបង្ហាញ​ហើយ​ថា ពុំមាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា ឬ Covid-19 នោះឡើយ​។ ទោះ​បែបនេះ​ក្ដី អ្នកដំណើរ និង​នាវិក មិនទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​កប៉ាល់​នោះ​នៅឡើយ​ទេ គ្រាន់តែ​ឲ្យ​ចូល​ចត​នៅ​ច្រាំង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​សិន​ប៉ុណ្ណោះ។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ លោក​គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​នេះ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា ស្អែក​នេះ​នឹង​មាន​កប៉ាល់​ហោះ​៥​ចុះចត​នៅ​ព្រលាន​យន្តហោះ​កងកេង ខេត្ត​ព្រះសីហនុ ក្នុង​នោះ​មាន​២​គ្រឿង​ដើម្បី​ជូន​ដំណើរ​ភ្ញៀវ​ទេសចរ​ដោយ​ផ្ទាល់​ត្រឡប់​ទៅ​ប្រទេស​កំណើត​​​វិញ។ ចំណែក​៣​គ្រឿង​ទៀត នឹង​បញ្ជូន​អ្នកដំណើរ​មក​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​ទៅកាន់​ប្រទេស​រៀងៗ​ខ្លួន។

ទោះ​យ៉ាងណា ​​អ្នកដំណើរ​ទាំងនោះ ទាល់​តែ​មាន​សំបុត្រ​យន្តហោះ ទើប​អាច​ឡើងយន្តហោះ​បាន ហើយ​ក្រោម​កិច្ច​សហការ​រវាង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ និង​ខាង​អន្តោប្រវេសន៍ នឹង​ធ្វើ​ការទិញ​សំបុត្រ​យន្តហោះ​នេះ​ជូន​ពួកគេ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មិនទាន់​ដឹង​ថា​ ទិញ​បាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ។

នៅ​ព្រឹកស្អែក​នេះ​ផង​ដែរ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ ស្វាគមន៍​ពួកគេ​នៅ​ខេត្ត​ព្រះសីហនុ​ក្នុង​ឋានៈ​ជា​ម្ចាស់​ផ្ទះ​ដែល​មាន​សាមគ្គីភាព​និង​ការទទួលខុសត្រូវ៕
​សំអឿន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114