សម្តេចតេជោ ៖ ទោះ​ក្នុង​​កាប៉ាល់ WESTERDAM មា​នផ្ទុក​អ្នក​ជំងឺ​​កូរ៉ូណា​ ក៏ត្រូវអនុញ្ញាតឱ្យ​ចូល​​ចតក្នុងកំពុងផែ ខេត្តព្រះសីហនុដែរ

សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បាន​លើក​​ឡើង​ថា​ បើទោះ​ជាក្នុង​​កាប៉ាល់ WESTERDAM មា​នផ្ទុក​អ្នក​ជំងឺ​​កូរ៉ូណា​ ក៏ត្រូវអនុញ្ញាតឱ្យ​ចូល​​ចតក្នុងកំពុងផែ ខេត្តព្រះសីហនុដែរ ឬអាចចូលចតលឿនជាងនេះ​ទៅទៀត ព្រោះគេចាំបាច់​ព្យាបាល និង​ជួយសង្រ្គោះដល់អាយុជីវិតមនុស្ស​។ ការ​លើក​ឡើង​របស់​សម្តេចតេជោ ហ៊ុន សែន​ បែបនេះ​ត្រូវ​បាន​ធ្វើ​​ឡើង​នៅ​ព្រឹកថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នាខេត្តព្រះសីហនុ។

សម្តេចបានបន្ថែម​ថា កម្ពុជា​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការគោរពសិទ្ធិមនុស្ស ​បើ​គេនិយាយ​ដល់សិទ្ធិមនុស្ស​ ត្រូវ​គិត​ដល់​​សិទ្ធិ​រស់​រាន​មាន​ជីវិត​ជា​មុន​សិន​។ សិទ្ធិ​មិន​ត្រូវ​បាន​គេ​រើស​អើង ហើយអ្នក​ទេសចរលើកាប៉ាល់ទាំងអស់​អាច​វិល​ទៅ​កាន់​មាន​តុប្រទេស​វិញ ដោយសុវត្ថិភាព។ សូម​អរគុណ​ដែល​​​គាំទ្រ​ដល់​ការសម្រេច​ចិត្ត​របស់​សម្តេច​ ក្នុងការអនុញ្ញាតឱ្យ​កាប៉ាល់​ចូល​ចិត្ត។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឱ្យនាវាទេសចរអាមេរិក ចូលចតនៅកម្ពុជានេះ ព្រោះចង់លុបបំបាត់ជំងឺភ័យខ្លាចជំងឺរលាកសួតនៃវីរុសកូរ៉ូណា (Covid-19) នៅទូទាំងពិភពលោក។ សម្ដេច ហ៊ុន សែន បាននិយាយថា ការផ្ដល់ទីតាំងឱ្យនាវាអាមេរិកចតនេះ គឺដើម្បីជួយសង្រ្គោះមនុស្សនៅជាប់លើនាវាដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ។ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា ទង្វើរបែបនេះបង្ហាញពីការងារមនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជា សម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ៖«ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»៕