BREAKING NEWS
Search

តើ​ជំងឺ​ឫសដូងបាត មាន​រោគសញ្ញា​អ្វីខ្លះ?

ការ​ព្យាបាល​ជំងឺ​ឫសដូងបាត ដោយ​ប្រើ​ឧបករណ៍​ជំនួយ​Echo-Doppler សរសៃឈាម​!
ក​-​អ្វី​ទៅជា​ជំងឺ ឫសដូងបាត?
ជំងឺ​ឫសដូងបាត គឺជា​ការ​ប៉ោង​សរសៃឈាម​ឫសដូងបាត​ ​ស្ថិតនៅ​រន្ធ​ទ្វារបាត ​អាច​ធ្វើ​ឲ្យ​មាន​កា​រ​ហូរ​ឈាម និង មានការ​លាន​សរសៃឈាម​ឫសដូងបាត​នេះ​មក​ក្រៅ នៅ​ពេល​សាច់ដុំ​ដែល​ភ្ជាប់​សរសៃ​ឈាម​នេះ​មានការ​ខ្សោយ។ ភាគច្រើន​កើតមាន​លើ​មនុស្ស​អាយុ​៤៥​ឆ្នាំ ដល់ ៦៥​ឆ្នាំ។​

ខ​-​តើ​ជំងឺ​ឫសដូងបាត មាន​រោគសញ្ញា​អ្វីខ្លះ?
អ្នកជំងឺ​ស្តែង​ឡើង​នូវ​ការ​បន្ទោបង់​លាមក​មាន​ឈាម និង មានការ​លាន​សាច់​ចេញមកក្រៅ​ ដែល​មាន៤ដំណាក់កាល​
-​ដំណាក់កាល​ទី១ បន្ទោរបង់​លាមក​មាន​ឈាម​ស្រស់​
-​ដំណាក់កាល​ទី២ មាន​លាន​សាច់​ចេញមកក្រៅ​ពេល​បន្ទោ​របង់ ហើយ​ចូល​វិញ​បន្ទាប់ពី​បន្ទោរ​បង់​រួច​
-​ដំណាក់កាល​ទី៣ មាន​លាន​សាច់​ចេញមកក្រៅ​ពេល​បន្ទោ​របង់ រួច​អ្នកជំងឺ​រុញ​ចូល​វិញ​
-​ដំណាក់កាល​ទី៤ មាន​សាច់​លាន​មក​ក្រៅ​រហូត​

គ​-​តើ​អ្វី​ទៅជា​ការព្យាបាល ដោយ​ប្រើ​ឧបករណ៍ Echo-Doppler សរសៃឈាម?
Echo-Doppler សរសៃឈាម ជា​ឧបករណ៍​ម្យ៉ាងដែ​លអាច​រកឃើញ​នូវ​សរសៃឈាម​ក្រហម​ឫសដូង​បាត​ដែល​ហូរ​មកកាន់​រន្ធ​ទ្វារបាត​។ ការចង​នូវ​សរសៃឈាម​នេះ អាច​ធ្វើ​ឲ្យ​សំពាធ​ឈាម​ឫសដូង​បាត មានការ​ថយ​ចុះ ដែល​កាត់បន្ថយ​នូវ​ការ​ប៉ោង​ នៃ​សរសៃឈាម​ឫសដូងបាត ហើយ​ក្រោយ​ពី​ការ​ចង​រួច គ្រូពេទ្យ​អាច​ធ្វើ​ការចង​ទាញ​នូវ​បណ្តុំ​សរសៃឈាម​ឫសដូងបាត​ដែល​លាន​ចេញ​ឲ្យ​ចូល​ទៅ​ក្នុង​វិញ​ដែល​អាច​ទប់​នូវ​ការ​លាន​នៃ សរសៃឈាម​មក​ក្រៅ។ ការព្យាបាល ដោយ​ឧបករណ៍ Echo-Doppler អាច​ប្រើ​បាន​ទៅលើ ជំងឺ​ឫសដូងបាត​ក្នុងដំណាក់កាល ទី​២ និង ទី​៣ ដែលមាន​ប្រសិទ្ធភាព​ខ្ពស់។

ឃ​-​តើ​មានគុណ​ប្រយោជន៍​អ្វីខ្លះ ក្នុងការ​ព្យាបាល ជំងឺ​ឫសដូងបាត​ដោយ Echo-Doppler ?
ការព្យាបាល ដោយ Echo-Doppler សរសៃឈាម មាន​អត្ថប្រយោជន៍​ច្រើន គឺ​ ៖
-​ការព្យាបាល​មាន​ប្រសិទ្ធភាព​ខ្ពស់​
-​ការ​សម្រាក​ពេទ្យ​ឆាប់រហ័ស គឺ ១​ថ្ងៃក្រោយ​ការព្យាបាល​

-​មិនមាន​របួស​ត្រូវ​លាង​សំអាត ក្រោយ​ការ​ព្យាបាល​
-​ការឈឺចាប់​ក្រោយ​ការព្យាបាល មាន​តិចតួច​
-​អ្នកជំងឺ​អាច ធ្វើការ​ងារ​វិញ​បាន​ឆាប់រហ័ស​
-​ផលវិបាក​នៃ​ការព្យាបាល មាន​តិចតួច​

ការព្យាបាល ជំងឺ​ឫសដូងបាត ដោយ​ឧបករណ៍ EchoDoppler​ ជា​បច្ចេកទេស​ទំនើប​ដែល​ប្រើប្រាស់​នូវ​ជុំវិញ​ពិភពលោក​ដែល​មាន​ប្រសិទ្ធភាព​ខ្ពស់ និង អ្នកជំងឺ​មិនមាន​របួស​ត្រូវ​លាង​សំអាត។

បើ​បង​-​ប្អូន​មាន​បញ្ហា​ជំងឺ​ឫសដូងបាត សូម​មក​ទទួល​ការពិនិត្យ និង ព្យាបាល​នៅ​មន្ទីរពេទ្យ កាល់​ម៉ែត ដែល​ការ​ព្យាបាល​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​សុវត្ថិភាព​ខ្ពស់៕
អត្ថបទ ៖ ​រស្មី​

សូមចុចអាន ៖ គុណ​ប្រយោជន៍​សុខភាព​ទាំង ៥ របស់​ត្រី​សាម៉ុង​ដែល​យើង​គួរ​តែ​ដឹង



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114