រឿងរ៉ាវដែលមនុស្សមិនអាចគ្រប់គ្រងនិងផ្លាស់ប្ដូរបានក្នុងជីវិត

ការផ្លាស់ប្តូរគឺជាផ្នែកមួយដែលជៀសមិនរួចនៃជីវិត។ ការដែលដឹងថាគ្មានអ្វីដែលស្ថិតស្ថេរ វាជាគន្លឹះមួយនៃសុភមង្គលនិងសន្តិភាពយូរអង្វែង។ កត្តាសំខាន់មួយទៀតគឺការដឹងថា តើផ្នែកខ្លះនៃជីវិតរបស់យើងដែលយើងអាចផ្លាស់ប្តូរ និងផ្នែកណាដែលយើងមិនអាចផ្លាស់ប្តូរបាន?

មានរឿងជាច្រើននៅក្នុងជីវិតរបស់យើងដែលយើងអាចផ្លាស់ប្តូរបាន ប្រសិនបើយើងមិនពេញចិត្ត។ បើសិនលើសទម្ងន់យើងអាចផ្លាស់ប្តូរបានដោយហាត់ប្រាណ។ បើសិនស្អប់ការងារគំពុងធ្វើយើងអាចផ្លាស់ប្តូរបានដោយប្ដូរការងារថ្មី។ បើសិនយើងមិនសប្បាយចិត្តនឹងនរណាម្នាក់យើងអាចផ្លាស់ប្តូរបានដោយរាប់អានមនុស្សថ្មី។ ជម្រើសទាំងនេះគឺជារបស់យើង។ ទោះយ៉ាងណាយើងត្រូវដឹងថា មានរឿងខ្លះនៅក្នុងជីវិតដែលយើងមិនអាចផ្លាស់ប្តូរឬគ្ករប់គ្រងបានទេ ទោះបីយើងព្យាយាមយ៉ាងណាក៏ដោយ។

អាកាសធាតុ និងគ្រោះមហន្តរាយ

យើងមិនអាចគ្រប់គ្រងអាកាសធាតុឬបញ្ជារវាឲ្យ ក្ដៅ ត្រជាក់ មានខ្យល់ មានភ្លៀងតាមយើងចង់បានឡើយ។ អ្វីៗទាំងនេះគឺធម្មជាតិជាអ្នកកំណត់។ យើងក៏មិនអាចគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបានដែរដូចជា រញ្ជួយដី បន្ទុះភ្នំភ្លើង ព្យុះ ភ្លើងឆេះព្រៃ។ល។

អារម្មណ៍ និងគំនិតរបស់អ្នកដទៃ

មនុស្សជាច្រើនជឿថា យើងមិនអាចគ្រប់គ្រងនូវអ្វីដែលអ្នកដទៃគិតនិងមានអារម្មណ៍ឡើយ រួមទាំងការយល់ឃើញ និងការចូលចិត្តរបស់គេមកលើខ្លួនយើង ។ មានមនុស្សជាច្រើនរាប់មិនអស់ព្យាយាមឥតប្រយោជន៍ដើម្បីផ្លាស់ប្តូរមតិយោបល់និងគំនិតរបស់អ្នកដទៃ​ទាំងដែលខ្លួនឯងក៏មិនធ្លាប់នឹងផ្លាស់គំនិតរបស់ខ្លួនទៅលើអ្នកដទៃដូចគ្នា។

អ្វីដែលអ្នកដទៃធ្វើឬនិយាយ

យើងមិនអាចគ្រប់គ្រងលើអ្វីដែលអ្នកដទៃធ្វើឬនិយាយទេ។ សកម្មភាពនិងពាក្យសម្ដីរបស់ពួកគេ គឺជាភាពឯករាជ្យរបស់ខ្លួនគេផ្ទាល់។ មនុស្សម្នាក់ៗជាអ្នកដែលអាចសម្រចចិត្តនិងគ្រប់គ្រងសកម្មភាពរបស់ខ្លួនគេម្នាក់ៗដោយមិនអាចបង្ខំឡើយ។

អតីតកាល

អតីតកាលគឺជាអ្វីដែលបានបាត់បង់ជារៀងរហូត ហើយគ្មានវិធីណាដែលយើងអាចយកវាមកវិញបានទេ។ យើងទាំងអស់គ្នាប្រហែលជាធ្លាប់ធ្វើខុស ប៉ុន្តែអ្វីអាចធ្វើបានគឺរៀនពីវា។ ការរស់នៅលើអតីតកាលគឺជាបុព្វហេតុនៃការសោកស្តាយដែលមនុស្សជាច្រើនតែងតែមាន។ យើងគួរតែទទួលយកអតីតកាលហើយបន្តទៅមុខទៀត ព្រោះអតីតមិនអាចត្រឡប់មកវិញឡើយ។

ភាពចាស់ជរា

រៀងរាល់ថ្ងៃជីវិតរបស់យើងកាន់តែចាស់ហើយថ្ងៃស្លាប់កាន់តែមកកៀក។ វាជារឿងដែលគ្មានរណាជៀសរួចទេ។ គ្មាននរណាអាចផ្លាស់ប្តូររឿងនេះបានឡើយ ទោះបីអ្នកខ្លះប្រឆាំងនឹងបាតុភូតនេះក៏ដោយ។

ក្រុមគ្រួសារ

យើងគ្មានជម្រើសក្នុងការចាប់កំណើត ហើយសម្រេចថានរណាជាឪពុក ជាម្តាយ ជាបងប្អូននិងជាសមាជិកគ្រួសាររបស់យើងទេ។ យើងមិនអាចផ្លាស់ប្តូរថា តើក្រុមគ្រួសាររបស់យើងជាអ្នកណាឡើយ។

ប្រវត្តិ

យើងមិនអាចផ្លាស់ប្តូរអតីតកាលរបស់យើង ក៏មិនអាចផ្លាស់ប្តូរដើមកំណើតយើងមកពីណា មានប្រវត្តិបែបណាដែរ។ យើងមកពីណាមិនមែនជាអ្នកកំណត់នូវអ្វីដែលយើងអាចក្លាយទៅជាឬសម្រេចបាននោះទេ ប៉ុន្តែប្រវត្តិរបស់យើងគឺជាអ្វីមួយដែលយើងមិនអាចផ្លាស់ប្ដូរបាន និងគួររៀនសូត្រពីវា។

មនុស្សដែលធ្លាប់ធ្វើខុស

យើងប្រហែលជាធ្លាប់មានអ្នកធ្វើឱ្យឈឺចាប់នៅក្នុងជីវិត។ ស្នាមរបួសទាំងនោះច្រើនតែឈឺចាប់រាប់ឆ្នាំ បន្ទាប់ពីពួកគេបានធ្វើបាបយើង ហើយជួនកាលយើងក៏បានចងគំនុំលើគេ។ យើងមិនអាចផ្លាស់ប្ដូរអ្វីបានទេចំពោះរឿងរ៉ាវពីមុន បើសិនយើងចង់សងសឹក។​ ការគុំគួនមានរឿងម្យ៉ាងនឹងត្រូវបាត់បង់គឺ សុភមង្គលរបស់យើង។

ពេលវេលាដែលបាត់បង់

ជាទូទៅយើងតែងតែស្ដាយចំពោះពេលវេលាដែលបាត់បង់ដោយនិយាយថា បើសិនពេលត្រឡប់ក្រោយខ្ញុំនឹង…ឬ ខ្ញុំគួរតែបានធ្វើរឿងនោះ…។ល។ មនុស្សមួយចំនួនឧស្សាហ៍ខ្ជះខ្ជាយពេល ហើយក៏ពោលពាក្យស្ដាយ។ ត្រូវចាំថា បើពេលវេលាបានបាត់បង់ហើយ កុំនៅអាឡោះអាល័យធ្វើអីទៀត ព្រោះវាមិនអាចមានផ្លូវបានមកវិញទេ។

ព្យាយាមធ្វើឲ្យគេស្រឡាញ់យើង

វាមិនអាចទៅរួចទេក្នុងការបញ្ជារនរណាម្នាក់ឱ្យមកស្រឡាញ់យើង បើសិនចិត្តគេគ្មានបន្តិចសម្រាប់យើង។ យើងអាចទិញផ្កាកុលាប ជូនអំណោយ និងព្យាយាមផ្គាប់ចិត្តគេតាមគ្រប់មធ្យោបាយ ប៉ុន្តែយើងមិនអាចប្ដូរគេឱ្យស្រឡាញ់យើងឡើយ។

ការឈឺចាប់

មនុស្សម្នាក់ៗមិនអាចចៀសផុតរឿងរ៉ាវឈឺចាប់ក្នុងជិវិតឡើយ គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ។ ការឈឺចាប់ខ្លះវាកើតឡើងភ្លាមៗទាំងដែលយើងមិនបានត្រៀម និងខ្លះទៀតយើងជាអ្នកបណ្ដែតបណ្ដោយឲ្យវាចូលមករុកគួនដោយខ្លួនឯង។​ ការឈឺចាប់មិនអាចប្ដូរមកវិញនូវភាពរីករាយទេ បើវាកើតឡើងហើយនោះ។

ការផ្លាស់ប្ដូរជាអ្វីដែលយើងមិនអាចផ្លាស់ប្ដូរ

យើងមិនអាចផ្លាស់ប្តូរការពិតដែលថា ការប្រែប្រួលនៅតែប្រែប្រួល។ មនុស្សភាគច្រើនធ្លាក់ទឹកចិត្ត មានទុក្ខព្រួយ និងថប់បារម្ភ ដោយសារតែពួកគេមិនទទួលយកការផ្លាស់ប្តូរ។ ភាគច្រើនពួកគេមានការភ័យព្រួយចំពោះការផ្លាស់ប្តូរ ដូច្នេះពួកគេប្រកាន់ខ្ជាប់នូវអ្វីដែលពួកគេចង់ថែរក្សា។ មិនថាវាជាសុខភាព សម្ភារៈនិយម មនុស្សជាទីស្រឡាញ់ ទ្រព្យសម្បត្តិជាដើម ទាំងដែលយើងដឹងហើយថាវាមិនស្ថិតស្ថេរឡើយ។ យើងគួរទទួលយកការពិតដែលថាអ្វីៗផ្លាស់ប្តូរនៅចំណុចខ្លះ នោះយើងនឹងមានក្ដីបារម្ភតិចហើយកាន់តែរីករាយជាងមុន៕

 

ចុចអាន៖  រីករាយថ្ងៃបុណ្យក្តីស្រលាញ់ អានជីវិតស្នេហ៍បុរសចំណាស់មានបំផុតលើលោកJeff Bezos    

ប្រែសម្រួល៖ សន្យា