BREAKING NEWS
Search

ក្រុមការងាររបស់ WHO ធ្វើដំណើរទៅប្រទេសចិនដើម្បីបើកការស៊ើបអង្កេតរក​ប្រភពដើមនៃវីរុសកូរ៉ូណា

ក្រុមអ្នកជំនាញឈានមុខដែលមានសមាជិកពីរនាក់របស់អង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីរៀបចំការស៊ើបអង្កេតមួយរកប្រភពដើមនៃវីរុសកូរ៉ូ​ណាដែលគិតត្រឹមពេលនេះបានសម្លាប់មនុស្សជាង៥៥ម៉ឺននាក់ហើយនៅទូទាំងពិភពលោក។

វីរុសនេះត្រូវបានគេជឿថាបានលេចចេញនៅក្នុងទីផ្សារលក់ដុំមួយនៅទីក្រុង Wuhan ភាគ​កណ្តាលប្រទេសចិនកាលពីចុងឆ្នាំមុនដោយចម្លងពីសត្វទៅមនុស្ស។

អ្នកនាំពាក្យ WHO លោកស្រី Margaret Harris បាននិយាយថា អ្នកជំនាញពីររូបរបស់ WHO ​ដែលមានជំនាញខាងសុខភាពសត្វនិងរោគរាតត្បាតនឹងធ្វើការជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិនដើម្បីកំណត់វិសាលភាពនិងទិសដៅនៃការស៊ើបអង្កេតនេះ។

លោកស្រី Harris បានប្រាប់សន្និសីទកាសែតមួយថា “យើងដឹងថា វាប្រហែលជាវីរុសនេះមាន​នៅក្នុងសត្វប្រចៀវប៉ុន្តែតើវាឆ្លងតាមប្រភេទសត្វកម្រិតមធ្យមទេ? នេះគឺជាសំណួរដែលយើងទាំងអស់គ្នាត្រូវឆ្លើយ”។

ក្រោយមក លោក Tedros Adhanom Ghebreyesus អគ្គនាយក WHO បានប្រាប់សន្និសីទកា​សែតថា “បច្ចុប្បន្ន អ្នកជំនាញទាំងពីរនាក់កំពុងធ្វើដំណើរទៅកាន់ប្រទេសចិនដើម្បីជួបជាមួយអ្នកវិទ្យាសាស្ត្រនិងស្វែងយល់អំពីវឌ្ឍនភាពដែលបានធ្វើឡើងនៅក្នុងការយល់ដឹងអំពីកន្លែងផ្ទុកសត្វដែលគេសង្ស័យថាបណ្តាលឲ្យផ្ទុះជំងឺកូវីដ១៩និងរបៀបដែលជំងឺនេះបានចម្លងរវាងសត្វនិងមនុស្ស”។

លោកបានបន្ថែមថា “នេះនឹងជួយជាមូលដ្ឋានគ្រឹះសម្រាប់បេសកម្មអន្តរជាតិដឹកនាំដោយ WHO ចូលទៅក្នុងប្រភពដើមនៃជំងឺនេះ”។

គួរបញ្ជាក់ថា កូវីដ១៩គឺជាជំងឺផ្លូវដង្ហើមដែលបង្កឡើងដោយវីរុសកូរ៉ូណា៕ REUTERS

ដោយ៖ វណ្ណវណ្ណ