ប្រធានអង្គការ WHO ផ្ញើសារអរគុណកម្ពុជាម្ដងទៀតសម្រាប់សាមគ្គីភាព និងមនុស្សធម៌ ក្រោយក្រសួងសុខាភិបាលប្រកាសពីលទ្ធផលពិនិត្យអ្នកដំណើរលើ​កប៉ាល់ Westerdam

ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានផ្ញើសារអរគុណកម្ពុជាម្ដងទៀត បន្ទាប់ពីក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា អ្នកដំណើរចំនួន ២០នាក់លើនាវា Westerdam ដែលមានអាការមិនស្រួលខ្លួន ត្រូវបានពិនិត្យឃើញថាមិនមានផ្ទុកវីរុសកូរ៉ូណា COVID-19 នោះទេ។

លោក Tedros បានថ្លែងអំណរគុណតាមរយៈបណ្ដាញ Twitter ថា “នេះពិតជាដំណឹងដ៏ល្អ។ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល និងរដ្ឋាភិបាលកម្ពុជាជាថ្មីម្ដងទៀតសម្រាប់ការសហការ និងភាពមនុស្សធម៌”។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ភ្ញៀវទេសចរចំនួន២០នាក់ ដែលស្ថិតនៅលើកប៉ាល់ Westerdam ក្នុងចំណោមអ្នកដែលស្ថិតនៅលើកប៉ាល់ ជាង២០០០នាក់ ដែលមានបញ្ហាសុខភាពបន្ដិចបន្ដួច ដូចជាក្រពះ ពោះវៀន និងរាករូសជាដើម ត្រូវបានក្រុមគ្រូពេទ្យកម្ពុជាយកសំណាកទៅពិនិត្យដើម្បីតាមដាន សុខភាពរបស់ពួកគាត់។ ប៉ុន្តែនៅពេលនេះលទ្ធផលបានបង្ហាញហើយថា ពុំមានផ្ទុកមេរោគកូរ៉ូណា ឬ Covid-19 នោះឡើយ។

នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះដែរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានអញ្ជើញ ស្វាគមន៍អ្នកដំណើរលើកប៉ាល់នេះនៅខេត្តព្រះសីហនុក្នុងឋានៈជាម្ចាស់ផ្ទះដែលមានសាមគ្គីភាពនិងការទទួលខុសត្រូវ។ សម្តេចតេជោលើកឡើងថា “បើទោះជាក្នុងកាប៉ាល់ WESTERDAM មានផ្ទុកអ្នកជំងឺកូរ៉ូណា ក៏ត្រូវអនុញ្ញាតឱ្យចូលចតក្នុងកំពុងផែ ខេត្តព្រះសីហនុដែរ ឬអាចចុះចតលឿនជាងនេះទៅទៀត ព្រោះគេចាំបាច់ព្យាបាល និងជួយសង្រ្គោះដល់អាយុជីវិតមនុស្ស។ កម្ពុជាមានការទទួលខុសត្រូវក្នុងការគោរពសិទ្ធិមនុស្ស បើគេនិយាយដល់សិទ្ធិមនុស្ស ត្រូវគិតដល់សិទ្ធិរស់រានមានជីវិតជាមុនសិន។ សិទ្ធិមិនត្រូវបានគេរើសអើង ហើយអ្នកទេសចរលើកាប៉ាល់ទាំងអស់អាចវិលទៅកាន់មានតុប្រទេសវិញ ដោយសុវត្ថិភាព” ៕