WHO ព្រមានវិបត្តិកូវីដ១៩នឹងអូសបន្លាយយូរទៀត ស្របពេលអ្នកស្លាប់ឈានដល់ ១៨ម៉ឺននាក់ទូទាំងពិភពលោក
BREAKING NEWS
Search

WHO ព្រមានវិបត្តិកូវីដ១៩នឹងអូសបន្លាយយូរទៀត ស្របពេលអ្នកស្លាប់ឈានដល់ ១៨ម៉ឺននាក់ទូទាំងពិភពលោក

អង្គការសុខភាពពិភពលោកកាលពីល្ងាចថ្ងៃពុធ (២២ មេសា) បានព្រមានថាវិបត្តិជំងឺកូវីដ១៩ នឹងមិនបញ្ចប់នៅពេលណាមួយឆាប់ៗនេះទេ ខណៈមានប្រទេសជាច្រើនទើបតែស្ថិតក្នុងដំណាក់កាលដំបូងៗប៉ុណ្ណោះៗ ឯចំនួនអ្នកស្លាប់នៅលើពិភពលោកបានកើនឡើងដល់ខ្ទង់ ១៨ម៉ឺននាក់ទៅហើយ។

ជំងឺរាតត្បាតនេះមិនត្រឹមតែបានបង្កឱ្យមានបញ្ហាអាសន្នសុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្អាក់សេដ្ឋកិច្ចសកលផងដែរ ខណៈអាជីវកម្មជាច្រើនកំពុងតស៊ូដើម្បីរស់ មនុស្សរាប់លាននាក់បាត់បង់ការងារ និងរាប់លាននាក់ទៀតកំពុងប្រឈមនឹងភាពអត់ឃ្លាន។

ដោយមើលឃើញពីភាពអត់ការងារធ្វើកំពុងរីករាលដាល ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានត្រៀមចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដែលព្យួរការចេញ Green Cards រយៈពេល ៦០ ថ្ងៃ។

អ្នកជំនាញផ្នែកសុខភាពនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោកមួយនេះបានព្រមានថាអាមេរិកអាចប្រឈមនឹងរលករាតត្បាតដ៏សាហាវទី ២ ដែលកាន់តែធ្ងន់ធ្ងរនៅរដូវរងា ខណៈដែលរដ្ឋមួយចំនួនបានចាប់ផ្ដើមបើកអាជីវកម្មខ្លះៗឡើងវិញ។

ប្រជាជាតិនានានៅជុំវិញពិភពលោកបាននិងកំពុងពុះពារដើម្បីប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដែលបានសម្លាប់មនុស្សជាង ១៨ម៉ឺននាក់និងឆ្លងជិត ២,៦ លាននាក់នៅទូទាំងពិភពលោក ហើយក៏កំពុងស្វែងរកវិធីដើម្បីទប់ទល់ការធ្លាក់ចុះនៃសេដ្ឋកិច្ចដូចគ្នា។

ស្របពេលដែលប្រទេសមួយចំនួនចាប់ផ្ដើមដកការរឹតបន្តឹង ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បានចេញការព្រមានថា “សុំកុំធ្វេសប្រហែស វីរុសនេះអាចនៅជាមួយយើងយូរតទៅទៀត”។

អឺរ៉ុបដែលជាតំបន់ដែលរងគ្រោះខ្លាំងបំផុតបានមើលឃើញចំនួនអ្នកស្លាប់កើនឡើងដល់ ១១ម៉ឺននាក់ ខណៈអ្នកស្លាប់នៅក្នុងប្រទេសអ៊ីតាលីដែលជាប្រទេសរងគ្រោះខ្លាំងជាងគេនៅបន្ទាប់ពីសហរដ្ឋអាមេរិកមានអ្នកស្លាប់ដល់ ២៥០០០ នាក់។

ហ្វាំងឡង់បាននិយាយថាខ្លួននឹងបន្តការហាមឃាត់ការប្រមូលផ្តុំមនុស្សច្រើនជាង ៥០០ នាក់រហូតដល់ខែកក្កដា។

នៅក្នុងប្រទេសអេស្ប៉ាញដែលបានរាយការណ៍អំពីការកើនឡើងតិចតួចនូវចំនួនអ្នកស្លាប់ដោយសារកូវីដ១៩ពីរថ្ងៃជាប់គ្នា រដ្ឋាភិបាលបាននិយាយថាខ្លួនមិនរំពឹងថានឹងអាចដកការរឹតបន្តឹងទេ រហូតដល់ពាក់កណ្តាលខែឧសភា ៕

ចុចអាន៖Netflix ស្រូប​បាន​អតិថិជន​ថ្មីជិត ១៦លាន​នាក់ ស្របពេល​មនុស្សជាច្រើន​ត្រូវ​ដេក​ផ្ទះដោយសារ​កូវីដ១៩

ចុចអាន៖អ្នកវិទ្យាសាស្ត្រអង់គ្លេសអំពាវនាវឱ្យមានអ្នកស្ម័គ្រចិត្តចូលរួមធ្វើតេស្តវ៉ាក់សាំង

ប្រែសម្រួល៖ វ៉ាន់ថន
ប្រភព៖ CNA