ព័ត៍មានទាន់​ហេតុការណ៏
Search

ហេតុផលដែលអ្នកមិនគួរទុកចិត្តអ្នកណាខ្លាំងក្រៅពីខ្លួនឯង  

មនុស្សជាច្រើនយល់ថា ការទុកចិត្តអ្នកដទៃនាំឱ្យការរស់នៅក្នុងជីវិតមានភាពសប្បាយរីករាយ។ វាមិនខុសនោះទេ វាពិតជាត្រឹមត្រូវហើយ! ប៉ុន្តែយើងមិនអាចជឿជាក់លើគេទាំងស្រុង ដោយលែងខ្វល់ពីខ្លួនឯងជាមុនទេ។ អ្វីដែលយើងទាំងអស់គ្នាត្រូវយល់ គឺថាមនុស្សដែលយើងទុកចិត្តបំផុត អាចធ្វើឲ្យយើងឈឺចាប់បំផុតដូចគ្នា។

 

ជាញឹកញាប់មនុស្សដែលយើងជឿទុកចិត្ត តែងតែប្រើយើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់គេ។ វាជាការពិត ដែលសូម្បីតែអ្នកដែលនៅជិតយើងបំផុតអាចចាក់យើងនៅខាងក្រោយ។ មនុស្សទាំងនេះភាគច្រើននឹងមិនបង្ហាញមុខមាត់ពិតរបស់ពួកគេ រហូតដល់ពួកគេទទួលបានអ្វីដែលពួកគេចង់បានពីយើងសិន។ ទម្រាំយើងដឹងពីទង្វើមិនល្អបស់ពួកគេ វាហាក់យឺតពេលទៅហើយ។ នេះជាមូលហេតុដែលមនុស្សមួយចំនួនមិនអាចទុកចិត្តនរណាម្នាក់ក្រៅពីខ្លួនឯង។

 

ពិភពលោកពោរពេញទៅដោយមនុស្សក្លែងក្លាយ ហើយវាពិតជាពិបាកជឿទុកចិត្តលើនរណាម្នាក់នាសព្វថ្ងៃនេះ។ ប្រសិនបើយើងត្រូវបានគេកុហកនិងកេងបន្លំអស់រយៈពេលជាច្រើនឆ្នាំ យើងប្រាកដណាស់ថា យើងមិនអាចឆាប់ទុកចិត្តអ្នកណាម្នាក់ក្រៅពីខ្លួនយើង ដូចដែលយើងធ្លាប់ឆ្លងកាត់ទេ។ ពេលខ្លះយើងក៏នឿយហត់ ដើម្បីស្គាល់មនុស្សថ្មី ហើយចាប់ផ្ដើមរៀននៅតែឯងៗ។

 

ការផ្ដាច់ខ្លួនជាមួយមនុស្សម្ដងបន្តិចៗ អាចស្តាប់ទៅដូចជាអាត្មានិយមចំពោះមនុស្សជាច្រើន ប៉ុន្តែវាជាវិធីសាស្ត្រដ៏ល្អទៅវិញទេ ជាពិសេសប្រសិនបើយើងធ្លាប់បានជួបមនុស្សល្អក្រៅ រលួយក្នុងពេលកន្លងមក។ មនុស្សម្នាក់ចំណាយពេលរាប់ឆ្នាំទុកចិត្តអ្នកដទៃ ហើយមិនបានគិតពីខ្លួនឯង ដល់ទីបំផុតទើបដឹងថាគ្មាននរណាម្នាក់សោះ នៅពេលយើងត្រូវការគេ។ តើអ្នកធ្លាប់មាននរណាម្នាក់ធ្វើឲ្យខកចិត្តដែរទេ? ហេតុអ្វីបានជាអ្នកត្រូវគ្រាំគ្រាជាមួយគេ ដោយមិនគិតពីខ្លួនឯង? ត្រូវចាំថា អ្នកក៏សំខាន់ដែរ។ កុំស្តាប់អ្វីដែលអ្នកផ្សេងកំពុងនិយាយ  វាគ្មានអ្វីប្រសើរជាងការជឿទុកចិត្តខ្លួនឯងជាងខ្លួនឯងទេ។

 

ការមានជំនឿលើខ្លួនឯងនឹងនាំមកឲ្យយើងខ្លាំង និងរឹងមាំបំផុត។ យើងគួរតែបានធ្វើអ្វីដែលជាឧត្តមគតិរបស់ខ្លួន ជំនួសឱ្យការបំពេញបំណងប្រាថ្នារបស់អ្នកដទៃ។ ការទុកចិត្តលើខ្លួនឯងមិនមែនជារឿងមិនល្អ។ ដូច្នេះយើងត្រូវទុកចិត្តលើខ្លួនឯងជាមុនសិនមុននឹងជឿទុកចិត្តអ្នកណាម្នាក់ ៕

 

ប្រែសម្រួល៖ សន្យា