មូលហេតុ ៦ យ៉ាង​ ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ
BREAKING NEWS
Search

មូលហេតុ ៦ យ៉ាង​ ដែល​អ្នក​មិន​សូវ​មាន​មិត្ត​ច្រើន​ដូច​គេ​ដទៃ

ស្វែងរក ​ឬ​រក្សា​មិត្តភាព​នៅ​ពេល​ពេញ​វ័យ ​គឺ​ខុស​គ្នា​ជាង​កាល​នៅ​តូចៗ។  ឧបមាថាបច្ចុប្បន្ន​នេះ ​អ្នក​ជា​មនុស្ស​មិន​មាន​មិត្ត​ច្រើន​ទេ អ្នកតែងតែ​សួរ​ខ្លួនឯង​ជានិច្ច​ថា​ ហេតុអ្វី​មិន​មាន​គេ​រាប់អាន​ដូច​អ្នក​ផ្សេង​ទៀត។

នេះ​ជា​អ្វី​ ដែល​អ្នក​គួរ​ពិចារណា​ ដើម្បី​មូលហេតុ​ទាំង​នេះ៖

១.​ ពូកែ​ត្អូញត្អែរ​រក​លេខ​ដាក់​គ្មាន

ប្រសិន​បើ​អ្នក​ជា​មនុស្ស​ពូកែ​ត្អូញត្អែរ​ឥត​ឈប់​ឈរ​ អំពី​ការងារ​របស់​អ្នក​ ឬ​ក្នុង​ខ្លួន​អត់​មាន​ប្រាក់​ទេ ​ឬ​ក៏​ជីវិត​ជួប​តែ​រឿង​អយុត្តិធម៌​ច្រើន​ជាង​គេ។

ជា​ការ​ពិត​ មនុស្ស​ជុំវិញ​ខ្លួន​នឹង​មិន​ចំណាយ​ពេល​ច្រើន​ជា​មួយ​អ្នក​ទេ។ ព្យាយាម​កែប្រែ​អាកប្បកិរិយា​អវិជ្ជមាន​ ទាំង​នោះ​ចោល​ភ្លាម ​មិន​ចឹង កុំ​បន្ទោស​ថា​គ្មាន​អ្នក​ណា​មក​រាប់​រក​ឲ្យ​សោះ។

២. បោះបង់​មិត្ត​ចោល​នៅ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ផ្សេង

នៅ​ពេល​ដែល​អ្នក​ចាប់ផ្ដើម ​ណាត់​ជួប​អ្នកណា​ម្នាក់​ថ្មី​ ហើយ​អ្នក​ក៏​បោះបង់​ពួកគេ​ចោល។ បន្ទាប់​មក​ អ្នក​ក៏​បាន​បែក​បាក់​ស្នេហា​ជាមួយ​ដៃគូ​អ្នក​ ហើយ​មក​និយាយ​ឲ្យ​ពួកគេ​ស្ដាប់។ ទោះ​យ៉ាងណា​ គ្មាន​នរណា​គេ​ ទំនេរ​មក​អង្គុយ​ស្ដាប់​រឿង​បែកបាក់​របស់​អ្នក​ទេ។ អ្នកធ្វើយ៉ាងម៉េចដាក់ពួកគេ នោះគេនឹងធ្វើបែបនោះដាក់អ្នកវិញ។

៣. ជា​មនុស្ស​អាត្មា​និយម

ភាព​អាត្មានិយម​ ចូលរួម​ចំណែក​មួយ​យ៉ាង​ធំ​ក្នុង​ការ​បំបែក​មិត្តភាព​របស់​អ្នក។ មិត្តភាព​គឺ​តម្រូវ​ឱ្យ​ផ្ដល់​ពេលវេលា​ខ្លះដល់គ្នា​ សូម្បី​តែ​ពេល​អ្នក​ មិន​ចង់​នៅ​ជាមួយ​ក្រុម​មិត្ត​ក៏​ដោយ។ តែ​បើ​សិន​អ្នក ​ជា​មនុស្ស​មាន​សំពាយ​អាត្មានិយម​ ជាប់​ខ្លួន​មក​ហើយ ​ធានា​ថា ​គ្មាន​នរណា​គេ​ ហ៊ានមក​ក្បែរ​អ្នក​ឡើយ។

៤. មិន​ខ្វល់​ពី​មិត្ត

ប្រសិន​បើ​អ្នក​មិន​ខ្វល់​ពី​អ្វី​ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​មិត្តទេ គេ​ក៏​មិន​ខ្វល់​ពី​អ្នក​វិញ​ដូចគ្នា។  វា​ជា​ការ​សំខាន់​ ដើម្បី​បង្ហាញ​ចំណាប់​អារម្មណ៍ ​ឬ​ការ​យក​ចិត្ត​ទុក​ដាក់​ លើ​មិត្តរបស់អ្នក។

៥. ពូកែ​ដ្រាម៉ា

បើ​អ្នក​ជា​មនុស្ស​ពូកែ​ដ្រាម៉ា ​ដូច​កុន​ល្ខោន ​ស្អី​បន្តិច​ក៏​ស្ដី​បន្ទោស​អ្នក​ដទៃ ​ហើយ​ពូកែ​យក​រឿង​សម្ងាត់​របស់​គេ​មក​ផ្សព្វផ្សាយ​ជា​សាធារណៈ។  ឬ​ព្យាយាម​ធ្វើ​ឱ្យ​នរណា​ម្នាក់​ខឹង​សម្បារ​ ដោយ​មាន​គោល​បំណង ​និង​ពូកែ​ខាង​បញ្ចុះបញ្ចូល​ឲ្យ​បង្ក​ជម្លោះ​រវាង​គ្នា។ ធានា​ថា​ គ្រប់គ្នា​នឹង​រត់​ទៅ​ឲ្យ​ឆ្ងាយ​ពី​អ្នក​មិន​ខាន។

៦. មនុស្ស​ពូកែ​ច្រណែន

ពូកែ​ច្រណែន​នៅ​ពេល​ដែល​មិត្ត​ទិញ​ឡាន​ថ្មី​ ឬ​បាន​ធ្វើការ​នៅ​កន្លែង​ល្អ។ ផ្ទុយទៅវិញ​ ក្នុង​នាម​ជា​មិត្ត ​​អ្នក​គួរ​តែ​អបអរ​ជាមួយ​មិត្តភ័ក្ដិ​ ហើយ​មាន​អារម្មណ៍​សប្បាយ​រីករាយ​ចំពោះ​ពួកគេ​ នៅ​ពេល​ពួកគេ​ទទួល​បាន​ជោគជ័យ៕

ចុចអាន៖ធ្វើយ៉ាងណាឲ្យឪពុកម្តាយចូលចិត្តសង្សារយើង?

ចុចអាន៖ហេតុអ្វី​យើង​តែង​មាន​អារម្មណ៍​ដក់​ជាប់​​ ទៅ​លើ​រឿង​អ្វី​មួយ​បាន​យូរ​ជាង​គេ?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ