មកស្គាល់ចំណុច​អវិជ្ជមាននៅផ្ទះ​ ​ដែលនាំឱ្យ​ប្តីឬប្រពន្ធ​ងាកទៅ​រកក្រៅ

បញ្ហាបុគ្គលិកលក្ខណៈ  ការធ្វេសប្រហែស ក្នុងការផ្តល់សេចក្តីគោរព​ចំពោះ អ្នកដែលស្រលាញ់យើង រួមជីវិតជាមួយយើង​ ទម្លាប់កុហកបោកប្រាស់និង មោទនភាពជ្រុល ប្រចែប្រចណ្ឌហួស សុទ្ធ​តែជារឿង​ដែល រំខានដល់ចំណង​ទំនាក់ទំនងយូរអង្វែងរវាងគូស្នេហ៍។

ខាងបុរសៈ

ភរិយា​ត្រូវ​ដឹងរឿងពិតមួយ​ដែល​ថា​ ភាគច្រើន​បុរសងាយចាប់ចិត្ត​ពីដំបូងៗ ដោយ​សារ សម្រស់ មាយាសម្តី​និងភាពក្និកក្នក់ តែក្រោយមក​ចរិត​មនុស្ស​ស្រី​នោះ បានធ្វើឱ្យគេរសាយចិត្តបានវិញ។

បុរសទំនងជាភេទ​មួយ ដែលជារឿយៗស្វែងរកការរួមភេទ ឬការយកចិត្តទុកដាក់ផ្នែក​ផាសុកភាព​រាងកាយ ច្រើនជាង នារីខណៈនារីចាប់អារម្មណ៍លើការគិតរបស់អ្នកដទៃ ​និងសម្រស់ខាងក្រៅច្រើនជាងបុរស។

ម្នាក់ចូលចិត្ត​តុបតែង​បង្អួត ម្នាក់ចូលចិត្ត​រឿងលើគ្រែ តើទំាងសងខាង​ អាចរស់នៅជាមួយគ្នាបែបណាឱ្យបានយូរអង្វែង?

សូមពិចារណាថា កត្តាទីមួយ​គឺ បុរសបង្ហាញពីក្តីស្រឡាញ់របស់ពួកគេតាមរបៀបរាងកាយ ។ ចំណុចនេះបុរសខុសដាច់ពីស្ត្រី។ ជារឿយៗពួកគេមិនមានអារម្មណ៍ថា ភ្ញាក់ផ្អើល​រំភើបខ្លាំង ជាមួយភរិយារបស់ពួកគេទេ វាជារឿងធម្មតា​ព្រោះគេជួបនាង​រាល់ថ្ងៃទៅហើយ។ ដូច្នេះការរួមភេទក្លាយជាដែលភ្ជាប់ទំនាក់ទំនងនិងភាពស្និទ្ធស្នាលអាចណាយបាន ប្រសិន​ភរិយា​មិនសូវចេះរំញោចការងារនេះ។ ឧទាហរណ៍ថា ប្រសិនបើប្រពន្ធរបស់ពួកគេបដិសេធការរួមភេទជាញឹកញាប់អាចប្រែទៅជាមានអារម្មណ៍ថា“នាង មិនស្រឡាញ់”ហើយកើតមាន​អារម្មណ៍អសន្តិសុខក្នុងជីវិត​អាពាហ័ពិពាហ៍​ អាចគិតថាខ្លួនមិនមែនជាបុរសដែលនាង​ពេញចិត្ត​ ចំណែក​ប្រសិនពេលដដែលនោះ​នារីណា​ផ្សេងមកឱ្យតម្លៃគេ គេនឹង​ងប់ងល់លើនាង​ខ្លាំង​តែម្តង​។

នៅពេលដែលស្ត្រីក្រៅផ្ទះតែងតែព្យាយាមបំពេញនូវអារម្មណ៍មនុស្ស​ប្រុស​មិនឈប់ឈរ ការផ្តាច់ទំនាក់ទំនងពីប្រពន្ធអាច​នឹងកើតមាន​ឡើងបាន​។

ខាងស្ត្រី៖

មនុស្ស​ប្រុស​គួរដឹង​ដែរថា មនុស្ស​ស្រីមាន​ពិភព​ខុសពីយើងកម្រិតណា? ចំណងទាក់ទងជា​ច្រើនបាន​ផុយស្រួយដោយសារ តែ​ការ​ព្រងើយកន្តើយរបស់ស្វាមី ដែលគិតថា​ធម្មតា ក្នុងការ​ស្ងៀមស្ងាត់​ជាមួយ​គូជីវិត ​តែតាម​ការពិត វាមិនធម្មតា​ទេ។ ការ​ដែល​​គិត​ថាមនុស្ស​រៀបការហើយនឹងលែងទៅណាទៀត ​តែតាមពិតសម័យនេះ​មិនមែន​ឡើយ។ ឥឡូវនេះ​អ្នកលែងអាចចិញ្ចឹម​មនុស្ស​ស្រីឱ្យនៅផ្ទះទៀត​ហើយ។ នាង​ធ្វើការ​ច្រើន​ហើយ​មើលកូន​ថែប្តីទៀត នាងក៏មាន​វិធីរស់បានដោយមិនចាំបាច់មាន​អ្នកដួចគ្នា។ ស្វែងរកហេតុផល​ថា​ហេតុអ្វី​គេត្រូវបន្តរស់ជាមួយ​យើង​បើសេរីភាពនិងពេល​វេលា​​​គេ កំពុងត្រូវបានដកហូត ហើយ​យើង​​មិនឈឺច្អាលចំពោះការ​ពូនជ្រំមនោសញ្ចេតនាទៀត?​

មួយ​វិញទៀត​​ ភាព​មិនចុះសម្រុង ​នៃបុគ្គលិកលក្ខណៈ និងបញ្ហាផ្លូវចិត្ត ឧទាហរណ៍ មនុស្សដែលមានចរិតលក្ខណៈ narcissistic ខ្លាំង រួមមាន ការគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ចូលចិត្ត​
រស់​នៅ​ក្នុងពិភពរវើរវាយជាជាងការពិត ត្រូវការការសរសើរឥតឈប់ឈរកេងប្រវ័ញ្​​អ្នកដទៃ​មិនគិត​ចិត្ត​អ្នករស់នៅជាមួយខ្លួន។ល។ ប្រុស​ស្រីណាមាន​ចរិតលក្ខណៈនេះ នឹង​បង្កើនហានិភ័យនៃការផិតក្បត់ក្នុងអាពាហ៍ពិពាហ៍ ដោយ​អាច​ត្រូវបាន​គេក្បត់ ដោយសារ​ខ្លួន​ច្រើនតែបង្កររឿង មិនឱ្យដៃគូ​ទទួលបានសុភមង្គល​ក្នុងផ្ទះ ក៏មិនអាចលែងលះបាន តែ​ស្រេកឃ្លាន​សុភមង្គលដែលរកបានឆក់កណ្ឌៀត​នៅខាងក្រៅ។

នៅក្នុងការសិក្សាមួយឆ្នាំ ២០១៨នាប្រទេសកូរ៉េ  បុគ្គលិកលក្ខណៈស្ត្រីឬបុរស​ ដែលមានចំណាត់ថ្នាក់ខ្ពស់នៅក្នុង បញ្ហា​”ប្រព័ន្ធសរសៃប្រសាទ”ប្រភេទ​ narcissismនេះ​ ត្រូវបានគេរកឃើញ​ថា​ប្រឈម​រឿង​ដៃគូលួចមានក្រៅច្រើនជាងអ្នក​ធម្មតា  ព្រោះ​ពួកគេ​យល់ថា ​នៅផ្ទះ​ជាជីវិត​នរកមួយ​។​

តើអ្នកជាមនុស្ស​រអ៊ូ? ប្រចណ្ឌ? អាត្មានិយម​ចំពោះគូជីវិត​?

តុង ឡុង