វី​ង និង សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​ដំណោះស្រាយ​ថ្មី​ក្នុងការ​ទូទាត់​ប្រាក់

​ភ្នំពេញ ៖ ធនាគារ​ឯកទេស​វី​ង ដែល​ជា​អ្នក​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា និង សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​អំពី​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​ថ្មី​ដើម្បី​ផ្តល់​នូវ​មធ្យោបាយ​ក្នុង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​កាន់តែ​ប្រសើរ​ឡើង​ដល់​សមាជិក​ខ្លួន​តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល​របស់​វី​ង​។

​តាមរយៈ​ភាពជា​ដៃគូ​នេះ សមាជិក​របស់​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា នឹង​អាច​ទទួល​បាន​បទ​ពិសោធន៍​ជាមួយ​ផលិតផល និង​សេវាកម្ម​របស់​វី​ង​ដែល​ប្រកប​ទៅ​ដោយ​ភាព​ច្នៃប្រឌិត ហើយ​ត្រូវ​បាន​រៀបចំឡើង​ជាពិសេស​សម្រាប់​អតិថិជន​សហគ្រាស​ខ្នាត​មីក្រូ តូច​និង​មធ្យម ព្រមទាំង​អតិថិជន​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដោយ​ផ្តល់​ជូន​ពួកគេ​នូវ​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​ប្រចាំថ្ងៃ ទាំង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​និង​ក្រៅ​ប្រព័ន្ធ​អ៊ីនធឺណិត តាមរយៈ​ការប្រើប្រាស់​ប្រព័ន្ធ​អេកូឡូស៊ី​ដ៏​រឹងមាំ និង​បណ្ដាញ​ភ្នាក់ងារ​វី​ង​ជាង ៧ ៥០០​កន្លែង​ទូទាំង​ប្រទេស​។

​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា បាន​មាន​ប្រសា​ស​ន៏​ថា​៖ «​ខ្ញុំ​ជឿ​ជាក់​ថា​ភាពជា​ដៃគូ​នេះ​នឹង​នាំមក​នូវ​បច្ចេកវិទ្យា​ឈានមុខ​គេ​នៃ​សេវាកម្ម​ហិរញ្ញវត្ថុ​ឌីជីថល​របស់​វី​ង ដែល​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សមាជិក ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ពួកគេ និង​ធ្វើ​សមាហរណកម្ម​នៅ​ក្នុង​តំបន់ ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​ក៏ដូចជា​ប្រទេស​ជាច្រើន​ទៀត​កំពុង​ឆ្ពោះ​ទៅ​រក​សេដ្ឋកិច្ច​ឌីជីថល​នា​ពេល​ដ៏​ឆាប់​ខាងមុខនេះ​»​។

​ដោយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១០ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា គឺជា​បណ្ដុំ​នៃ​អាជីវកម្ម​ធុន​តូច មធ្យម​នៅ​កម្ពុជា មាន​សមាជិក​ជាង​៣០០ ដែល​ជា​ម្ចាស់​នៃ​ក្រុមហ៊ុន​ជំនួញ​ផ្សេងៗ​ជាច្រើន​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ សហព័ន្ធ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​ជំរុញ​កំណើន​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​តាមរយៈ​ការ​ធ្វើ​សមាហរណកម្ម​ទីផ្សារ​ក្នុង​តំបន់ ក៏ដូចជា​ទីផ្សារ​សកល​។

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត បាន​មានប្រសាសន៍ថា​៖ «​សហគ្រាស​ធុន​តូច និង​មធ្យម បាន​រួម​ចំណែក​យ៉ាង​សំខាន់​ចំពោះ​ភាព​រឹង​មាំ និង​ស្ថេរ​ភាព​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា​។ យើង​បាន​យល់ដឹង​យ៉ាង​ច្បាស់​នូវ​បញ្ហា​ប្រឈម​របស់​សហគ្រាស​ខ្នាត​មីក្រូ តូច​និង​មធ្យម ក៏ដូចជា​សហគ្រាស​ធុន​តូច និង​មធ្យម​ដែល​កំពុង​តែជួបប្រទះ​ចំពោះ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ពួកគេ ហេតុ​ដូច​ច្នេះ​ហើយ យើង​បាន​ផ្ដួចផ្ដើម​គំនិត​ថ្មីៗ​ដែល​ជា​ដំណោះស្រាយ​ដ៏​ល្អ​ក្នុង​ការ​ដោះ​បន្ទុក​ទាំងនេះ ដើម្បី​ឲ្យ​ពួកគេ​អាច​ផ្តោត​លើ​ការ​ការពង្រីក​អាជីវកម្ម​ជាង​មុន​​»។

​វី​ង បាន​ផ្តល់​ជូន​នូវ​ផលិតផល និង​សេវាកម្ម​ប្រកបដោយ​ភាព​ច្នៃប្រឌិត ដែល​មាន​ប្រសិទ្ធ​ផល និង​ប្រសិទ្ធភាព ក្នុង​ការ​គ្រប់គ្រង​ប្រតិបត្តិការ​អាជីវកម្ម​រ​បស់​សហគ្រាស​ធុន​តូច និង​មធ្យម ប្រកប​ភាព​ងាយ​ស្រួល និង​មាន​ការធានា​។ ផលិតផល​និង​សេវាកម្ម​ទាំងនេះ​រួមមាន​៖ សេវាកម្ម​បើកប្រាក់​បៀវត្ស​ដែល​មាន​ភាព​ងាយ​ស្រួល​និង​រហ័ស សេវា​ទូទាត់​វិក្កយបត្រ សេវា​ទូទាត់​ចំណាយ​តាម​អន​ឡាយ ជា​មួយ​នឹង​ដំណោះស្រាយ​នៃ​ការ​ទូទាត់​ផ្សេងៗ​ទៀត​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​បាន​ផ្តល់​ឲ្យ​ពួកគេ​នូវ​ជម្រើស​ហិរញ្ញវត្ថុ​កាន់​ត​អស្ចារ្យ​ជាមុន​។

​ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ឥឡូវនេះ វី​ង​គឺជា​ស្លាក​យីហោ​មួយ ​ដែល​ត្រូវ​បាន​ទទួលស្គាល់​និង​ទុកចិត្ត​បំផុត ក្នុង​ការ​ផ្តល់​ជូន​សេវាកម្ម​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត​និង​អេ​ឡិច​ត្រូ​និ​ក ហើយ​បាន​ចាប់​ដៃគូ​ជាមួយ​ពាណិជ្ជករ​ជាង ៤ ម៉ឺន​ក្រុមហ៊ុន និង​បាន​សហការ​ជាមួយ Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម​៕​