ចាប់ខ្លួន​ស្ត្រី​លក់​ម៉ាស់​ តាម​អនឡាញ​ បញ្ជូន​ទៅ​តុលាការ ករណី​ឆបោក​ប្រាក់​៤​ម៉ឺន​ដុល្លារ

ភ្នំពេញ ​៖ ​នារី​លក់​ម៉ាស់​តាម​អន​ឡាញ​ម្នាក់ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​បញ្ជូន​មកកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ ពាក់ព័ន្ធ​បទល្មើស​ឆបោក​ប្រាក់​៤​ម៉ឺន​ដុល្លារ។

លោក គុជ គឹម​ឡុង ​ព្រះ​រាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​តុលាការ ​កំពុង​ធ្វើការ​សាក​សួរ​ករណី​នេះ។ ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ្គិ​ច​ហួង ភេទ​ស្រី អាយុ​២១​ឆ្នាំ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ក្នុង​រាជធានី​ភ្នំពេញ។

​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នោះ​ ត្រូវ​បាន​លោក​វរសេនីយ៍ទោ ឡេង ប៊ុនហួរ នាយករង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​ក​ម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ជនរងគ្រោះ​ ដែល​ជា​ដើម​បណ្តឹង បាន​ចាប់ខ្លួន​ជនសង្ស័យ​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច ពាក់ព័ន្ធ​ករណី​ប្រកាស​លក់​ម៉ាស់​​ យ៉ាង​ច្រើន​សន្ធឹក​សន្ធប់ ដែល​មាន​តម្លៃ​រហូតដល់​ជាង ៤០ ០០០ ដុល្លារ​អាមេរិក។ ការ​ចាប់​ឃាត់ខ្លួន​នោះ​ គឺ​បាន​ធ្វើ​ឡើង បន្ទាប់ពី​ជនសង្ស័យ​ទទួលយក​ប្រាក់​ពី​ជនរងគ្រោះ​អស់ហើយ ប៉ុន្តែ​មិន​ទទួល​បាន​ទំនិញ​(​ម៉ាស់​)​គ្រប់​ចំនួន ហើយ​ថែមទាំង​បាន​រត់គេច​ទៀត​ផង។

លោក ឡេង ប៊ុនហួរ បន្ត​ទៀត​ថា ជន​សង្ស័យ​ បាន​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ចំនួន​បី ដើម្បី​ឆបោក​ប្រាក់​ពី​ជនរងគ្រោះ ដោយ​បាន​ដើរតួ​ជា​ថៅកែ​ម៉ាស់ និង​ថា​ខ្លួន​មាន​ម៉ាស់​លក់ ចង់​ត្រូវការ​(​កុម្ម៉ង់​)​យក​ប៉ុន្មាន​ម៉ាស់​ក៏​មាន​ដែរ គ្រាន់តែ​តម្រូវ​ឲ្យ​អតិថិជន​ដែល​ទិញ​វេរ​លុយ​ឲ្យ​មុន​តាម​វី​ង ទំនិញ​នោះ​នឹង​បាន​ភ្លាម។ ដោយ​ការ​ជឿ​ទុក​ចិត្ត និង​ស្រប​ពេល​ស្រុកទេស​កំពុង​ជួប នូវ​ភាព​ភ័យ​ខ្លាច​រឿង​ជំងឺ​ឆ្លង​នោះ​ផង អាជីវករ​ម្នាក់ៗ បាន​កុម្ម៉ង់​ទិញ​ម៉ាស់​តាម​អន​ឡាញ ដើម្បី​ទុក​យក​ចំណេញ ទើប​ជនរងគ្រោះ​ជាដើម​បណ្ដឹង​ប្រមាណ​៤-៥​នាក់ បាន​ផ្ញើ​លុយ​តាម​វី​ង​ជា​បន្ទាប់​ ឲ្យ​ទៅ​ជនសង្ស័យ។ លុះ​ពេល​ជនសង្ស័យ​ បាន​លុយ​ហើយ គាត់​គេច​ខ្លួន​បាត់ និង​បិទ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក ផ្តាច់​ការ​ទាក់ទង​ទៀត​ផង ទីបំផុត​ដូច​បោះចោល​ប្រា​ក់​ជាង​៤​ម៉ឺន​ដុល្លារ​អាមេរិក​ទៅ។ ប៉ុន្តែ​ដោយ​ជនរងគ្រោះ​បាន​សហការ​គ្នា និង​តាម​រក​ឃើញ​ជនសង្ស័យ ក៏​ចាប់​ឃាត់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕

 

អត្ថបទ៖ មករា​