ឈើ​៧​កំណាត់​ត្រូវ​កម្លាំង​អាវុធហត្ថ​ចុះបង្ក្រាប​និង​រឹបអូស​ប្រគល់​ឲ្យ​មេព្រៃ​ចាត់ការ​បន្ត​

ខេត្តរតនគិរី​៖ ​កម្លាំង​អាវុធហត្ថ​ស្រុក​អូរ​យ៉ា​ដាវ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខេត្ត ​និង​កម្លាំង​អាវុធហត្ថ​ផ្ទៃ​ប្រទេស​ ​បានធ្វើ​ការចុះ​ស្រាវជ្រាវ ​រុករក ​និង​បង្ក្រាប​បទល្មើស​ ធនធាន​ធម្មជាតិ​ ព្រៃឈើ​ នៅវេលា​ ម៉ោង​១០​និង​៣០​នាទី​ព្រឹក ​ថ្ងៃទី​២៦ ​ខែកុម្ភៈ ឆ្នាំ​២០២០ ​ត្រង់​ចំណុច​ចំការកៅស៊ូ​ ភ្នំ​ក្រហម ស្ថិតនៅ​ក្នុង ​ភូមិ​ប៉ក់​តូច ​ឃុំ​ប៉ក់​ញ៉ៃ ​ស្រុក​អូរ​យ៉ា​ដាវ ​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​អាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹងថា​ បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច ​បាន​ជួប​ប្រទះឃើញ​ម៉ូតូ​កែច្នៃ​ចំនួន​២​គ្រឿង និង​ឈើ​ប្រណីត​ចំនួន​៧​កំណាត់​ ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ បាន​ដឹក​យកមក​ទំលាក់​ទុកចោល​ក្នុងភូមិ​សាស្ត្រ​ខាងលើនេះ​។​

​បច្ចុប្បន្ន​វត្ថុតាង​ឈើ​ និង​ម៉ូតូ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​កង​អាវុធហត្ថ​ បានធ្វើការ​រឹបអូស​ និង​ប្រមូល​ជូនទៅ​ឲ្យ​ សមត្ថកិច្ច​ជំនាញ​ រដ្ឋបាល​ព្រៃឈើ​ បរ​កែវ​ដើម្បី​ធ្វើការ​វាស់វែង​ និង​ចាត់វិធានការ​ទៅតាម​នីតិវិធី​ច្បាប់​បន្ត​៕

អត្ថបទ៖ ​វុ​ទ្ធ​ឦសាន​