ក្រសួង​ការងារ​ តម្រូវ​រោងចក្រ​សហគ្រាស​នានា​ ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​ទំនាក់ទំនង ​របស់​កម្ម​ករ​និយោជិត

​ភ្នំពេញ​ ៖ ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​តម្រូវ​ឲ្យ​រោងចក្រ​សហគ្រាស​នានា​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​របស់​កម្ម​ករ និយោជិត ដើម្បី​ធានា​ដល់​ការផ្ដល់​ព័ត៌មាន​ចាំបាច់​នានា​បានច្បាស់លាស់​។

​បើ​យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​បាន​ណែនាំ​ដល់ក​ម្មករ និយោជិត​ទាំងអស់ ត្រូវ​ផ្ដល់​លេខ​ទូរសព្ទ​ដែល​អាច​ទំនាក់ទំនង​បាន​ចំនួន​១​ខ្សែ​ទៅ​អ្នកទទួលបន្ទុក​រដ្ឋបាល​ក្រុមហ៊ុន រោងចក្រ​សហ​គ្រាស​និង​សណ្ឋាគារ ដែល​ខ្លួន​កំពុងធ្វើការ​ដោយ​សរសេរ​ឲ្យ​បាន​ច្បាស់ និង​ត្រឹមត្រូវ ដើម្បី​ឲ្យ​អ្នក​ទទួល​បន្ទុក​រដ្ឋបាល ធ្វើ​បច្ចុប្បន្នភាព​តារាងបញ្ជី​ឈ្មោះ និង​ប្រគល់​អធិកា​ការងារ​ឲ្យ​បាន​មុន​ថ្ងៃទី២៦ ​ខែ​មីនា​ឆ្នាំ ២០២០ នេះ​។

​កម្មករ និយោជិត ដែល​ផ្តល់​លេខ​ទូរសព្ទ​ទៅ​ឲ្យ​អ្នក​ទទួល​បន្ទុក​រដ្ឋបាល ត្រូវ​រក្សា​លេខ​ទូរសព្ទ ជាដាច់ខាត​ក្នុង​អំឡុង​ខែ​មីនា ខែ​មេសា និង​ខែឧសភា​ឆ្នាំ ២០២០​នេះ ហើយ​ក្រោយ​ខែ​ឧសភា ប្រសិនជា​មានការ​ផ្លាស់​ប្ដូរ​លេខ​ទូរ​សព្ទ ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍អក្សរ​ដល់​អ្នក​ទទួលបន្ទុក​រដ្ឋ​បាល​ជាបន្ទាន់​។

​ក្រសួង​ការងារ​បាន​ធ្វើ​ការព្រមាន​ថា សាមីជន​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង ក្នុងការ​ខាតបង់​ផលប្រយោជន៍​ផ្សេងៗ​ ដែល​បណ្ដាលមកពី​ការ​ខកខាន​ប្ដូរ​លេខ​ទូរសព្ទ​ទៅដល់​អ្នករដ្ឋបាល​មុន​ថ្ងៃទី ២៦ ខែ​មីនា​ឆ្នាំ ២០២០​នេះ​។

​ចំពោះ​ម្ចាស់​ឬ​នាយក​ប្រធាន​រដ្ឋបាល​ របស់​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស​និង​សហគ្រិន​និង​សណ្ឋាគារ ត្រូវ​ចាត់​ឲ្យ​ទទួលបន្ទុក​រដ្ឋបាល និង​គណនេយ្យ​របស់ខ្លួន​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​ទំនាក់ទំនង​របស់​កម្ម​ករ​និយោជិត ហើយ​ត្រូវ​ធ្វើបញ្ជី​ឈ្មោះ​កម្មករនិយោជិត​ ដោយ​ឈរ​លើ​ទម្រង់​ឯកសារ​ស្វ័យ​ប្រកាស​ប្រចាំខែ​របស់ ប​.​ស​.​ស ដោយ​បន្ថែម​ក្រឡោ​ន​លេខ​ទូរ​សព្ទ​របស់​កម្មករ​និយោជិត​ម្នាក់ ​តាម​គំរូ​ដូច​មាន​ភ្ជាប់​ទៅ​ឲ្យ​។

​ទន្ទឹមគ្នានេះ ត្រូវ​ផ្ញើ​បញ្ជី​ឈ្មោះ​ជា​File Excel ទៅ Email : info@nea.gov.kh និង​ត្រូវ​ផ្ញើ​ច្បាប់ដើម​ដែល មាន​វាយ​ត្រា​នៅ​គ្រប់​ទំព័រ​ទៅ​នាយកដ្ឋាន​អធិការកិច្ច​ការងារ​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​មន្ទីរ​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​រាជធានី​ខេត្ត សម្រាប់​សហគ្រាស​ដែល​ស្ថិតនៅក្នុង រាជធានី​ខេត្ត​ចាប់ពី​ថ្ងៃទី ២៤​ដល់​ថ្ងៃទី ២៦​ខែមីនា​ឆ្នាំ ២០២០​ជា​កំហិត​។

​ជាងនេះទៅទៀត ​ម្ចាស់​ឬ​នាយក​ក្រុមហ៊ុន​រោងចក្រ​សហគ្រាស និង​សណ្ឋាគារ​ទាំងឡាយណា ដែល​ខកខាន​ក្នុងការ​ចាត់ចែង​ ការធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរសព្ទ របស់​កម្មករ​និយោជិត ត្រូវ​ទទួល​ការពិន័យ​ទៅតាម​ច្បាប់​ស្ដីពី​ការងារ ដែល​អធិការ​ការងារ​ នឹង​ត្រូវ​ទទួលទោស​ទណ្ឌ​ផ្សេងទៀត តាមច្បាប់​ជា​ធរមាន​៕​

អត្ថបទ៖ សំអឿន​