សិក្ខាសាលា​ផ្សព្វផ្សាយ ស្តី​ពី ​”​ច្រក​ចូល​ទីផ្សារ​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​ជា​ដៃគូ ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​”

កំពត ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកំពត រៀបចំ​ដោយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ ស្តីពី “​ច្រក​ចូល​ទីផ្សារ​កម្ពុជា​ទៅកាន់​ប្រទេស​ជា​ដៃគូ ក្រោម​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​” ក្រោម​អធិបតីភាព លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង លោក ភូ លិ អភិបាលរង​ខេត្ត តំណាង លោក ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត។

លោក ភូ លិ អភិបាលរង​ខេត្ត​កំពត បាន​ឲ្យ​ដឹង​ថា ស្ថានភាព​នៃ​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម សេវាកម្ម និង​ផលិតផល​សក្តានុពល​របស់​ខេត្ត​កំពត រួមមាន ក្រុមហ៊ុន -​សហគ្រាស បាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម​ចំនួន៣១៦ ក្នុង​នោះ​ ក្រុមហ៊ុន​មាន​ចំនួន ១៥៤ និង​សហគ្រាស​មាន​ចំនួន ១៦២ (​គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ខែវិច្ឆិកា ឆ្នាំ​២០១៩)​។

លោក​អភិបាលរង​ខេត្ត បាន​បន្ថែម​ថា មូលដ្ឋាន​ឧស្សាហកម្ម​ធុន​ធំ សហគ្រាស​ធុន​តូច​និង​មធ្យម និង​សិប្បកម្ម មាន​សរុប ២៩២៥ ដោយ​មូលដ្ឋាន​ខេត្ត​កំពត ក៏​មាន​អំណោយផល​ពី​ធម្មជាតិ សម្រាប់​អភិវឌ្ឍន៍​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ រ៉ែ​និង​ថាមពល​..​។ល​។ ហើយ​ផលិតផល​សក្ដានុពល​របស់​ខេត្ត​កំពត រួមមាន ស្រូវ ម្រេច ទុរេន ស្វាយ ដូង ចេកអំបូង​លឿង អំបិល ផ្កាអំបិល ផលិតផល​សមុទ្រ​ស្រស់​និង​កែច្នៃ ស៊ីម៉ងត៍ ផលិតផល​ទាំងអស់​នេះ​សុទ្ធ​តែមាន​សក្តានុពល​ស​ម្រា​ប់​ការនាំចេញ​ផងដែរ​។

​ដោយឡែក​សម្រាប់​ម្រេច​កំពត​ ដែល​ជា​ទំនិញ​ទទួលបាន​វិញ្ញាបនបត្រ​បញ្ជាក់​ភូមិសាស្ត្រ​ទំនិញ (GI) ត្រូវបាន​ទទួលស្គាល់​លើ​ទីផ្សារ​ពិភពលោក​លើ​គុណភាព ពិសេស​ទីផ្សារ អាមេរិក ជប៉ុន និង​សហគមន៍​អឺរ៉ុប ហើយ​នៅ​ឆ្នាំ​២០១៩ ផលិតផល​ម្រេច​កំពត ត្រូវ​បាន​លក់​ចេញ​បាន​ចំនួន​ជាង ៨០ តោន​។

ជា​មួយ​គ្នា​នេះ លោក​អភិបាលរង​ខេត្ត​កំពត ក៏បាន​លើកឡើង​ផងដែរ​ពី​ប្រវត្តិ​នៃ​ការនាំចេញ​ទំនិញ​ពី​ប្រទេស​កម្ពុជា គឺមាន​តាំងពី​ជំនាន់​មុនៗ ក្នុងអំឡុងពេល​មាន​បណ្តា​ប្រទេស​ផ្សេងៗ​បានមក​ធ្វើ​ជំនួញ​នៅក្នុង​ប្រទេស​កម្ពុជា រួមមាន ចិន ឥណ្ឌា បារាំង ជាដើម​។​ ប៉ុន្តែ​ដើម្បី​ឲ្យ​ការទំនាក់ទំនង​កាន់​តែមាន​ភាពប្រសើរឡើង នៅ​គ្រប់​អាណត្តិ ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើជា​ប្រមុខ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ សម្តេច​ក៏​ខិតខំ​ប្រឹងប្រែង ជំរុញ​ឲ្យ​មាន​កិច្ចព្រមព្រៀង​លើ​ទីផ្សារសេរី ជា​លក្ខណៈ​សាកល ដែល​បានធ្វើ​ឲ្យ​បណ្តា​ប្រទេស​ជឿនលឿន​លើ​ពិភពលោក​ទទួលស្គាល់ គឺ​អា​ស៊ី​ក៏​ទទួល​យក​បាន អឺរ៉ុប​ក៏​ទទួល​យក​បាន​ដូចគ្នា​។

ក្នុង​ឱកាស​បើក​សិក្ខាសាលា លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា ការរៀបចំ​សិក្ខាសាលា​នេះ ពិត​ជា​មាន​សារសំខាន់​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ផលិត អ្នក​នាំចេញ និង​ភាគី​ពាក់ព័ន្ធ​ពី​បច្ចុប្បន្នភាព តម្រូវ​តាម​ព័ត៌មាន​ទីផ្សារ និង​លក្ខខណ្ឌ​តម្រូវ​ការនាំ​ចូល​ទៅ​ទីផ្សារ​ក្រៅប្រទេស​ជា​ដៃគូ ដែល​ទទួល​បាន​ក្របខ័ណ្ឌ​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី និង​ពហុភាគី ក្នុង​គោលដៅ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ចាប់​យក​ឱកាស​ពាណិជ្ជកម្ម និង​ជំរុញ​ពី​ប្រព្រឹត្តិកម្ម ការនាំចេញ​ទៅកាន់​ទី​ផ្សារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រមទាំង​ចែករំលែក​នូវ​ព័ត៌មាន ពិសេស​សក្តានុពល​សេដ្ឋកិច្ច និង​វិនិយោគ ក៏ដូចជា​ការ​ដាក់ចេញ​នូវ​វិធានការ​ថ្មីៗ របស់​រាជរដ្ឋាភិបាល​នាពេល​បច្ចុប្បន្ន សំដៅ​ជួយ​ពង្រឹង​អាជីវកម្ម និង​ការ​វិនិយោគ នៅ​កម្ពុ​ជាមា​ន​ភាព​កាន់តែ​ប្រសើរឡើង​។

​លើស​ពី​នេះ ក្នុង​ឱកាស​ឲ្យ​មាន​ការនាំចេញ​ទំនិញ​ទៅកាន់​ប្រទេស​ជា​ដៃគូ ក៏​ជា​កត្តា​ចាំបាច់​មួយ​ជំរុញ​នូវ​គោលនយោបាយ យុទ្ធសាស្ត្រ និង​វិធានការ​កែទម្រង់​ដ៏​មុត​ស្រួច​មួយ សំដៅ​ធ្វើការ​ប្រកួតប្រជែង​សេដ្ឋកិច្ច​កម្ពុជា ,​កែលម្អ​លើកស្ទួយ​ថែមទៀត​នូវ​បរិយាកាស​សេដ្ឋកិច្ច និង​វិនិយោគ ,​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​សេដ្ឋកិច្ច​ជាតិ និង​បង្កើន​ការងារ​ប្រកបដោយ​គុណភាព កាន់​តែ​ច្រើន​ថែមទៀត សម្រាប់​ជូន​ប្រជាជន​កម្ពុជា​៕
សេង ណា​រិ​ទ្ធ

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114