ការចំណាយលើវិស័យការពារជាតិជាសកលបានកើនឡើងនៅពេលមហាអំណាចប្រជែងគ្នា

ការសិក្សាមួយបាននិយាយកាលពីថ្ងៃសុក្រថា ការចំណាយលើវិស័យការពារជាតិជាសកល នៅឆ្នាំ២០១៩បានកើនឡើងខ្ពស់បំផុតក្នុងមួយទសវត្សរ៍នេះដែលជំរុញដោយសហរដ្ឋអាមេរិកនិងចិនខណៈពេលដែលគូប្រជែងនិងគូជម្លោះនានាបានបង្កការវិនិយោគខាងយោធា។

វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បាននិយាយថា ការកើនឡើង៤ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុនគឺត្រូវបានជំរុញដោយការប្រកួតប្រជែងរវាងប្រទេសមហាអំណាចធំៗ បច្ចេកវិទ្យាយោធាថ្មីនិងសង្គ្រាមដណ្តើមគ្នារាប់ពីអ៊ុយក្រែនទៅដល់លីប៊ី។

IISS បាននិយាយថា កម្មវិធីទំនើបកម្មយោធារបស់ទីក្រុងប៉េកាំងដែលរួមមានការអភិវឌ្ឍមីស៊ីលបំបាំងកាយលឿនជាងសំឡេងគឺកំពុងធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនមានការព្រួយបារម្ភនិងជួយជំរុញដល់ការចំណាយលើវិស័យការពារជាតិរបស់សហរដ្ឋអាមេរិក។
របាយការណ៍ “តុល្យភាពយោធា” ប្រចាំឆ្នាំរបស់ខ្លួនបាននិយាយថា ការកើនឡើងក្នុងការចំណាយរបស់សហរដ្ឋអាមេរិកតែមួយចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០១៩ក្នុងទំហំទឹកប្រាក់៥៣.៤ពាន់លានដុល្លារគឺស្ទើរតែធំស្មើនឹងថវិកាការពារជាតិអង់គ្លេសទាំងមូលទៅហើយ។

លោក John Chipman ប្រធាន IISS បាននិយាយថា “ការចំណាយបានកើនឡើងនៅពេលសេដ្ឋកិច្ចបានងើបឡើងពីផលប៉ះពាល់នៃវិបត្តិហិរញ្ញវត្ថុប៉ុន្តែការកើនឡើងនេះក៏ត្រូវបានជំរុញដោយការយល់ឃើញអំពីការគំរាមកំហែងកាន់តែខ្លាំងផងដែរ”។

របាយការណ៍នេះបាននិយាយថា ទាំងសហរដ្ឋអាមេរិកនិងចិនបានបង្កើនការចំណាយ៦,៦ភាគរយដល់ទំហំទឹកប្រាក់ ៦៨៤.៦ពាន់លានដុល្លារសម្រាប់ចិននិង១៨១.១ពាន់លានដុល្លារសម្រាប់អាមេរិក។

ស្របពេលជាមួយគ្នានោះ តំបន់អឺរ៉ុបដែលមានការព្រួយបារម្ភអំពីប្រទេសរុស្ស៊ីបានបង្កើនការចំណាយ៤,២ភាគរយ។

សមាជិកអង្គការណាតូអ៊ឺរ៉ុបបាននិងកំពុងព្យាយាមបង្កើនការចំណាយដើម្បីបំពេញចិត្តលោកប្រធានាធិបតី Donald Trump ដែលបានចោទប្រកាន់ពួកគេម្តងហើយម្តងទៀតថាបានលួចកេងចំណេញលើសហរដ្ឋអាមេរិក៕ AFP

ប្រែសម្រួល៖ វណ្ណវណ្ណ