បុរសអាយុ​ច្រើនជាងគេលើពិភពលោកទទួលមរណភាពនៅប្រទេសជប៉ុនក្នុងវ័យ ១១២ ឆ្នាំ

មន្រ្តីក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា លោកតាជនជាតិជប៉ុនម្នាក់ដែលកាលពីពេលថ្មីៗនេះត្រូវបានគេប្រកាសថាជាបុរសចំណាស់ជាងគេបំផុតនៅលើពិភពលោកបានទទួលមរណភាពក្នុងវ័យ ១១២ ឆ្នាំ ។

មន្ត្រីបាននិយាយថា លោកតា Chitetsu Watanabe ដែលបានកើតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ ១៩០៧ នៅទីក្រុង Niigata ភាគខាងជើងទីក្រុងតូក្យូបានទទួលមរណភាពកាលពីថ្ងៃអាទិត្យនៅឯមណ្ឌលថែទាំមនុស្សាស់របស់គាត់នៅក្នុងទីក្រុងនោះ ។

ព័ត៌មាននេះបានកើតឡើងរយៈពេលតិចជាងពីរសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីគាត់ត្រូវបានទទួលស្គាល់ជាផ្លូវការដោយស្ថាប័ន Guinness World Records ។

លោកតា Chitetsu Watanabe ក្រោយពីត្រូវបានគេទទួលស្គាល់ថាជាបុរសដែលមានអាយុចំណាស់ជាងគេនៅលើពិភពលោក ។ (រូប AFP)

លោកតា Watanabe ដែលបានរៀបការ និងមានកូន ៥ នាក់បាននិយាយថា អាថ៌កំបាំងដើម្បីអាយុវែងគឺ “កុំមានកំហឹងឲ្យសោះ និងរក្សាស្នាមញញឹមជានិច្ចនៅលើមុខរបស់អ្នក” ។

លោកតាបានសារភាពថា គាត់ចូលចិត្តអាហារផ្អែម ដូចជានំខារ៉ាមែល ព្រោះជាអាហារដែលគាត់មិនចាំបាច់ទំពារ ។
បើយោងតាមសារព័ត៌មាន Jiji Press បានឲ្យដឹងថា បុរសចំណាស់ជាងគេនៅប្រទេសជប៉ុនពេលនេះគឺលោកតា Issaku Tomoe ដែលមានវ័យ ១១០ ឆ្នាំ ទោះបីជាមិនទាន់ដឹងច្បាស់ថា លោកតា Tomoe ត្រូវទទួលស្គាល់ជាសកលក៏ដោយ ។

ទន្ទឹមនោះអ្នករស់នៅចាស់ជាងគេគឺជនជាតិជប៉ុនផងដែរឈ្មោះលោកយាយ Kane Tanaka វ័យ ១១៧ ឆ្នាំ ។

ប្រទេសជប៉ុនគឺជាប្រទេសដែលមានសង្ឃឹមអាយុខ្ពស់ជាងគេបំផុតនៅលើពិភពលោក និងជាជម្រកនៃមនុស្សមួយចំនួនផ្សេងទៀតផងដែរដែលត្រូវបានទទួលស្គាល់ថាជាមនុស្សដែលរស់នៅលើផែនដីបានយូរៗជាងគេបង្អស់ ។

ក្នុងចំណោមនោះពួកគេរាប់បញ្ចូលទាំងលោកតា Jiroemon Kimura ផងដែរដែលមានអាយុរស់នៅវែងជាងគេនៅលើកំណត់ត្រាដែលបានស្លាប់ភ្លាមៗបន្ទាប់ពីខួបកំណើតអាយុ ១១៦ ឆ្នាំរបស់គាត់នៅខែមិថុនា ឆ្នាំ ២០១៣ ។

យោងតាមស្ថាប័ន Guinness បានឲ្យដឹងថា អ្នកដែលមានវ័យចំណាស់ជាងគេដែលមិនធ្លាប់មានពីមុនគឺលោកយាយ Jeanne Louise Calment ជនជាតិបារាំងដែលបានទទួលមរណភាពក្នុងឆ្នាំ ១៩៩៧ ក្នុងវ័យដល់ទៅ ១២២ ឆ្នាំ ៕ AFP

ប្រែសម្រួល៖ ជីវ័ន្ត