BREAKING NEWS
Search

អគ្គលេខាធិការ អង្គការ​ទេសចរណ៍​ពិភពលោក ផ្ញើលិខិត​អរគុណ និង​កោតសរសើរ​សម្តេច​តេ​ជោ សែន

ភ្នំពេញ​៖ អគ្គលេខាធិការ អង្គការ​ទេសចរណ៍​ពិភពលោក បាន​ផ្ញើលិខិត​ថ្លែង​អំណរ​គុណ និង​កោតសរសើរ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ឆ្លើយតប​ប្រកបដោយ​មនុស្សធម៌ គួរ​ឲ្យ​កត់សំគាល់​ចំពោះ​ស្ថានភាព​ដ៏​លំបាក នៃ​នាវា​ទេសចរណ៍ MS Westerdam អនុញ្ញាត​ឲ្យ​ចូល​ចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ហើយ​យ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​នៃ​ការភ័យខ្លាច​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា (Covid-19) ក៏ដោយ​។​

យោង​តាមរយៈ​លិខិត​ចុះ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីក្រុង​ម៉ា​ឌ្រី​ត ប្រទេស​អេ​ស្ប៉ា​ញ លោក ហ្ស៊ូ​រ៉ាប់ ប៉ូ​ឡូ​លីកា​ស់​វី​លី (Zurab Pololikashvili) អគ្គលេខាធិការ អង្គការ​ទេសចរណ៍​ពិភពលោក ដែល​បាន​ផ្ញើជូន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បានសរសេរថា ខ្ញុំ​សូម​សំដែង​នូវ​ការកោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​បំផុត ក្នុងនាម​អង្គការ​ទេសចរណ៍​ពិភពលោក ( World Tourism Organization) ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ឆ្លើយតប​ប្រកបដោយ​មនុស្សធម៌​គួរ​ឲ្យ​កត់សំគាល់​ចំពោះ​ស្ថានភាព​ដ៏​លំបាក​នៃ​នាវា​ទេសចរណ៍ MS Westerdam ដោយ​បានទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​អនុញ្ញាត​ឲ្យ​ចុះចត​នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ បើទោះបី​ស្ថិតក្នុង​ស្ថានភាព​នៃ​ការភ័យខ្លាច​នៃ​ជំងឺ​វីរុស​កូ​រ៉ូ​ណា (Covid-19) ក៏ដោយ​។

លិខិត​បន្តថា ដូច​យើងទាំងអស់គ្នា​បានដឹង​ហើយ ការរីក​រាលដាល​នៃ​ជំងឺ​វី​រ៉ុ​ស​កូ​រ៉ូ​ណា​នាពេល​បច្ចុប្បន្ននេះ គឺជា​ប្រភព​នៃ​ការព្រួយបារម្ភ​ចំពោះ​សហគមន៍​អន្តរជាតិ ហើយ​ការខិតខំ​ប្រឹងប្រែង ដើម្បី​ទប់ទល់​ការឆ្លង​នៃ​ជំងឺ និង​ការបង្កើត​នូវ​ការព្យាបាល​មួយ គឺជា​ការងារ​បន្ទាន់​ចាំបាច់​ដែល​ត្រូវ​ដឹកនាំ​អនុវត្ត​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)​។ រដ្ឋាភិបាល​ចិន​បាន និង​កំពុង​ចាត់វិធានការ​ដោយ​ប្រុងប្រយ័ត្ន​ស្មើ​ដៃ​គ្នា ព្រម​ជាមួយនឹង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក និង​ដៃគូ​ពាក់ព័ន្ធ​នានា​ដើម្បី​ទប់ទល់​ទៅនឹង​ការ​រាតត្បាត​នៃ​ជំងឺ​នេះ​។​

តាមរយៈ​លិខិត​នោះ អង្គការ​ទេសចរណ៍​ពិភពលោក ក៏​កំពុង​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្តន៍​នៃ​ជំងឺ​វី​រុស​កូ​រ៉ូ​ណា​នេះ តាមរយៈ​កិច្ចប្រជុំ​ជាប់​ជាប្រចាំ​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ហើយ​យើង​មាន​សេចក្តី​រីករាយ​ដែល​បានដឹងថា អត្រា​នៃ​ការឆ្លង​ជំងឺ​នេះ​មានការ​ថយចុះ​។ យើង​ពិត​ជាមាន​មោទនភាព​ណាស់​ចំពោះ​ការបង្ហាញ​ចេញ​របស់​កម្ពុជា​នូវ​សាមគ្គី​អន្តរជាតិ ដែល​នឹង​លើកទឹកចិត្ត​ដល់​ប្រទេស​ផ្សេងៗ​ទៀត​ឲ្យ​ធ្វើតាម និង​ផ្តល់នូវ​ការជួយ​គាំទ្រ​ដ៏​ចាំបាច់​ជាច្រើន​នៅពេលណា​ដែលមាន​តម្រូវការ​។​

ទន្ទឹមនឹង​នោះដែរ លោក​អគ្គលេខាធិការ​នៃ​អង្គការ​ទេសចរណ៍​ពិភពលោក ក៏បាន​កោតសរសើរ​ដ៏​ស្មោះ​ចំពោះ​សេចក្តីក្លាហាន និង​ការបង្ហាញ​យ៉ាង​កក់ក្តៅ​នូវ​ក្តី​ស្រលាញ់​ជា​លក្ខណៈ​បងប្អូន ជូន​ចំពោះ​អ្នកដំណើរ​ជាង​ពីរពាន់​នាក់ ដែល​នៅ​តែលតោល​លើ​សមុទ្រ​៕
កោះកែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114