ប្ដីពេទ្យស្រីនៅ Wuhan បានត្រឹម​ជិះឡាន​បំភ្លឺផ្លូវ​ឲ្យ​ប្រពន្ធពីចម្ងាយ ព្រោះនាងមិន​ឲ្យ​ចូល​ជិត​ដោយខ្លាចឆ្លងជំងឺទៅគ្រួសារ

នៅក្នុងខ្សែវីដេអូមួយដែលបង្ហាញពីផ្លូវកំពុងមានភ្លៀងនៃទីក្រុងអ៊ូហាន បុរសជាប្តីឈ្មោះ Wang Yinghe បានបើកឡានតាមប្រពន្ធរបស់គាត់ដោយប្រើចង្កៀងមុខដើម្បីបំភ្លឺផ្លូវឲ្យភរិយាទៅធ្វើការនៅមន្ទីរពេទ្យបណ្ដោះអាសន្ន Wuchang ។

អ្នកស្រីវេជ្ជបណ្ឌិត Wang Xiaoting ជាប្រពន្ធបានផ្តាច់ខ្លួនចេញពីក្រុមគ្រួសារដោយព្រួយបារម្ភថា អ្នកស្រីអាចនឹងចម្លងជំងឺកូរ៉ូណាទៅប្ដីនិងកូនៗតាមរយៈការងាររបស់នាង។ អ្នកស្រីបានស្នាក់នៅសណ្ឋាគារហើយដើរទៅធ្វើការរាល់ថ្ងៃ។

ដោយសារអ្នកស្រីវេជ្ជបណ្ឌិតមិនព្រមចូលឡានជាមួយប្តី ដូច្នេះស្វាមីបានសម្រេចចិត្តបើកឡានពីក្រោយរៀងរាល់យប់ នៅពេលដែលអ្នកស្រីធ្វើដំណើរទៅធ្វើការវេនយប់របស់នាង។

អ្នកស្រីវេជ្ជបណ្ឌិត Wang Xiaoting និយាយថា ពេលត្រឡប់មកពីធ្វើការវិញប្តីរបស់អ្នកស្រីបានចម្អិនម្ហូបអាហាររង់ចាំទុកសម្រាប់អ្នកស្រីនៅបន្ទប់សណ្ឋាគារ។

តាំងពីផ្ទុះវីរុស​មក ទាំង២នាក់ប្ដីប្រពន្ធនេះមិនដែលបាននិយាយគ្នាដោយផ្ទាល់ទេ ពួកគេជជែកគ្នាតែលើវីដេអូ call ប៉ុណ្ណោះ៕

 

ចុចអាន៖ ខ្លាច​ខាត​ពេល​សង្គ្រោះជីវិត​អ្នក​ជំងឺ គិលានុបដ្ឋាយិកា​នៅ Wuhan សុខ​ចិត្តកោរសក់​ដើម្បី​​អាចធ្វើការបាន​កាន់តែ​រហ័ស

ប្រែសម្រួល៖ សន្យា