ប្រធានមន្ទីរពេទ្យនៅអ៊ូហានលោកវេជ្ជបណ្ឌិត Liu Zhiming បានទទួលមរណភាពហើយ

តាមប្រភពព័ត៌មានពី People’s Daily របស់ចិនកាលពី១ម៉ោងមុននេះ បានចេញសេចក្ដីប្រកាសថា ប្រធានមន្ទីរពេទ្យអ៊ូហានលោកវេជ្ជបណ្ឌិត Liu Zhiming បានទទួលមរណភាពហើយ។

កាលពីព្រឹកមិញនេះ មានព័ត៌មានចម្រូងចម្រាស់ពាក់ព័ន្ធនឹងវេជ្ជបណ្ឌិតរូបនេះ ថាលោកបានស្លាប់ក្នុងមន្ទីរពេទ្យ។ ប៉ុន្តែមន្ត្រីសុខាភិបាលខេត្តហ៊ូប៉ីបាននិយាយថា ប្រធានមន្ទីរពេទ្យអ៊ូហានលោក Liu Zhiming កំពុងត្រូវបានគេព្យាបាលនៅឡើយ។ ដំណឹងពីការទទួលមរណភាពរបស់លោកត្រូវបានចេញផ្សាយដោយសារព័ត៌មាន Red Star  និងនាយកមជ្ឈមណ្ឌលឃោសនានិងអប់រំនៃគណៈកម្មការសុខាភិបាលខេត្ដហ៊ូប៉ីម្នាក់។ បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍បែបនេះ មន្រ្តីសុខាភិបាលខេត្តបានចេញមកបដិសេធភ្លាមៗ។

យ៉ាងណាមិញ នៅម៉ោងជាង ១២ថ្ងៃត្រង់នេះ លោកវេជ្ជបណ្ឌិត Liu Zhiming ត្រូវបានព័ត៌មានរដ្ឋចិនប្រកាស​ថាបានទទួលមរណភាពក្នុងអាយុ ៥០ ឆ្នាំដោយការឆ្លងវីរុស Covid-19 ដោយផ្ទាល់នៅឯមន្ទីរ។ លោក Liu គឺជាប្រធាន​មន្ទីរពេទ្យ Wuchang និងជា​ប្រធាន​មន្ទីរ​ពេទ្យ​ដំបូង​គេ​ដែល​បាន​ស្លាប់​ដោយសារ​វីរុស​នេះ ៕

ចុចអាន៖ មន្ត្រីចិនអះអាងថាប្រធានមន្ទីរពេទ្យ Wuhan កំពុងព្យាបាលនៅឡើយ បន្ទាប់ពី​មាន​ព័ត៌មានថាគាត់បានស្លាប់

ប្រែសម្រួល៖ សន្យា