វិភាគ៖ សាធារណមតិកំពុងប្រតិកម្មហួសហេតុចំពោះការរីករាលដាលនៃកូរ៉ូណា
BREAKING NEWS
Search

វិភាគ៖ សាធារណមតិកំពុងប្រតិកម្មហួសហេតុចំពោះការរីករាលដាលនៃកូរ៉ូណា

សាយ ពេជ្រ ថ្ងៃពុធ ទី២៩ ខែមករា​ ឆ្នំា​២០២០ វេលាម៉ោង១៧:០០

ភាពភ័យស្លន់ស្លោ ដែលបង្កឡើងដោយវីរុសដើមកំណើតចេញពីក្រុងវូហាននៅមិនទាន់ធំ ស្មើនឹងវិបត្តិបំពុលព័ត៌មាន ​ដោយ​អ្នកលេងច្រើនក្រុម ​លើបណ្តាញសង្គមកម្ពុជានៅឡើយ។

ខ្ញុំសូមបែងចែក​បទវិភាគនេះជាជំពូកខ្លីៗ

ព័ត៌មាន​បំភ័យ​និងឆ្លៀតកេង​ពីលើវិបត្តិមនុស្សជាតិ

ជាការពិតណាស់ យើង​ទទួលការប៉ះទង្គិច។ គ្រប់គ្នាក្នុងលោកនេះ កំពុង​តែ​ប្រយុទ្ធនឹងព័ត៌មាន​បោកប្រាស់អំពីកូរ៉ូណា ច្រើនជាងយកពេល​ទៅ​ប្រយុទ្ធនឹងវិបត្តិពិតនៃវិរុសកូរ៉ូណា? នៅតុកាហ្វេព្រឹកមិញ​ថៅកែខ្លះនិយាយនឹងខ្ញុំថា បើគ្របយ៉ាងមិនស្ងប់ ប្រហែល​ត្រូវផ្អាកនាំចូល​ផលិតផលខ្លះ?
ខ្ញុំគិតថា អត្ថបទខ្ញុំមួយនេះ អាចជួយធ្វើឱ្យគ្រប់គ្នាគេង​គិត​ឡើងវិញយឺតៗសន្សឹមៗបាន។ត្បិតតែគំនិតខ្ញុំខ្លួនឯងក៏ជឿជាក់​ថា វិបត្តិកូរ៉ូណា នឹងកាន់តែអាក្រក់ថែមឡើងទៀតពេញមួយសប្តាហ៍នេះ តែវា​ប្រាកដជាធូរស្រាលតួរលេខនៃការឆ្លងមកវិញមិនខាន នៅសប្តាហ៍ក្រោយ ប្រសិនបើយើងចាប់យកព័ត៌មានត្រឹមត្រូវ ភ្លឺស្វាង​និងឈប់បំភ័យ​ខ្លួនឯង​ដល់ថ្នាក់អង្គុយឱបទូរសព្ទស្តាប់សេចក្តីរាយការណ៍​បែបជ្រុលនិយម និងវិជ្ជាជីវៈបែប តែស្ករ។

ជាការពិត តួរលេខ មរណភាពដែលអ្នកផ្ទុកមេរោគឈានដល់ដំណាក់កាលធ្ងន់ទំនង​ជាលេច​ចេញច្រើននៅសប្តាហ៍ទី ២ ឬទី ៣ នៃខែកុម្ភៈនៅចិន ប៉ុន្តែខ្ញុំរំពឹងថា កម្ពុជា​គ្មាន​តួលេខមរណភាព​នេះទេ ប្រសិនបើគ្រប់គ្នា​ដែលសង្ស័យពីការពាក់ព័ន្ធចម្បងៗនានាដូចជា ទើបមកពីចិន រស់នៅធ្វើការក្បែរជនជាតិចិនមានជម្ងឺ ឬ​ធ្វើដំណើរទៅកាន់តំបន់ដែលកំពុង​រាលដាល ដូចជាថៃ ចិន ។ល។គួរពិនិត្យ​មើលខ្លួនឯងម៉ត់ចត់ និងស្វែងរកការព្យាបាលទាន់ពេលវេលា។  ខ្ញុំមានសុទិដ្ឋិនិយម ថាអង្គការសុខភាពពិភពលោកនឹងប្រកាសពីការគ្រប់គ្រងស្ថានភាពនេះបានសម្រេចយ៉ាងយូរនៅចុងខែមិនា ដូចបទពិសោធន៍ដែលយើងជាអ្នកសារព័ត៌មាន​ធ្លាប់តាមដាន​អំឡុងពេល​​ផ្តាសាយជ្រូកនិងផ្តាសាយបក្សីដែរ។

បរិយាកាស​ពាណិជ្ជកម្មខ្នាតតូចនឹងមធ្យមនៅកម្ពុជា

អ្នកអានជាទីគោរព! អ្នកជាមនុស្សពោរពេញដោយការគិតវែងឆ្ងាយ​ទើបព្រមអាន​អត្ថបទដ៏វែងរបស់​សាយ​ពេជ្រ មកដល់ទំព័រនះ។

យើងមិនឱ្យអ្នកអានខកចិត្ត​ឡើយ!

នេះជាយុគសម័យពាណិជ្ជកម្មតាមអ៊ិនធើណេតមែនដែរទេ? អតិថិជនកាន់តែច្រើនឡើងដែលទិញទំនិញតាមអ៊ិនធើណេតហើយ​ ភាគច្រើននៃចំណូល​របស់យើង​បានមកពី​ទីផ្សារ​មួយនេះ ! ចូរ​មានសុទិដ្ឋិនិយម​និង​ត្រៀម​លក្ខណៈរឹងមាំ មិនស្លន់ស្លោក្នុងការ​ឆ្លងកាត់ហានីភ័យ ហើយប្រែឧបសគ្គទៅជាឱកាស!

កុំច្រលំ​យកទ្រឹស្តីមួយនេះ ​ទៅលក់ម៉ាសឡើងថ្លៃ​ ដើម្បីទទួលបានបទពិសោធន៍​ព្រហ្មទណ្ទហោចណាស់បានម្តង​ក្នុងឆាកជីវិតឱ្យសោះ​នោះ! វាជា​អំពើគ្មានគុណធ៌ម សីលធម៌មនុស្សជាតិ!

ការ​ស្វែងរកឱកាស​ក្នុងឧបសគ្គគឺ ប្រសិនបើ​​ការលក់តទល់ត្រូវកាត់បន្ថយមែន ទំនងដែរទេ ដែល​ថា ការបញ្ជាទិញតាមអ៊ីនធឺណិតបែរជាកើនឡើង?

ព្រោះតែសភាពការណ៍ងងឹត យើងចាំបាច់កាន់​តែភ្លឺស្វាង

មកដល់ពេលនេះ មិនទាន់មាន​អ្នកវិទ្យាសាស្ត្រក្រុមណាមួយ​អះអាងត្រឹមត្រូវជាក់លាក់ ពីសុក្រឹតភាពនៃទិន្នន័យនានា​ជុំវិញវិរុសកូរ៉ូណា​នៅឡើយ ។ ព័ត៌មាន​គឺជាដំណឹង វាតែងតែងUpdateហើយ​ប្រែប្រួលទៅតាម​សភាពការណ៍វិវត្តថ្មី។ ការតាមដានព័ត៌មាន​ជានិច្ច ជាវិធីសាស្ត្រចាំបាច់​និងមានតែមួយគត់ដែលគ្រប់គ្នា​អាចធ្វើបាន ដើម្បីកំណត់សកម្មភាពបន្តនៅថ្ងៃស្អែក។ ប៉ុន្តែ​តើរបាយការណ៍ព័ត៌មាន​ណាមួយ ​ដែល​យើងគួរដើរតាម ឬយើងឆ្លាតជាងទំាង​អ្នកផ្សាយព័ត៌មាន​?ឬយើង​ចង់អានតែ​ព័ត៌មានណាដែល​ស្របនឹងគំនិតយើង?

ការគិតរបស់យើង រមែង​នាំទៅដល់ការជួយ​ខ្លួនយើង​បានឬមិនបាន មិនមែន​ស្ថាប័នទំាង​ព័ត៌មាន​នោះឡើយ។

ឥឡូវនេះ ម៉ោងនេះ នាទីនេះ! ទិន្នន័យទាំងអស់បង្ហាញថា វីរុសមកពីក្រុង ​Wuhan មានភាគរយ​គ្រោះថ្នាក់តិចជាងវីរុស SARS (ទោះបីជាវាអាចមានអត្រាបញ្ជូនឆ្លងត ក្នុងល្បឿនលឿនជាងមុនក៏ដោយតែកុំអាលស្លន់ស្លោ) ។ សំខាន់គឹ អ្នកលេងទំាងក្រុមលើអ៊ីធើណេត មានភាពរហ័សរហួនជាងអ្នកវិទ្យាសាស្ត្រទៅទៀត ក្នុងការបំលែង​ បំភាន់ បំភ័យ ជួយឱ្យអ្នកលក់ម៉ាសខ្លះ មានបាន តែត្រឹមមួយយប់។

ការពិត​ដែលយើងកំពុងមើលរំលង

ការគ្រប់គ្រងព័ត៌មាន និង​គ្រប់គ្រងការរីករាលដាលនៃមេរោគត្រូវដើរទន្ទឹមគ្នា។ ត្រូវដឹងថា ពេលដែលអ្នកកំពុង​បន្ទោស កំពុងរអ៊ូ កំពុង​បំភ័យ កំពុង​ចង្អុល មនុស្សជាច្រើនក្រុមទៀតកំពុង​តែ​តស៊ូ លះបង់ជីវិត ​ពួកគេផ្ទាល់ ដើម្បីនាំពិភពលោកឆ្លងកាត់ដំណាក់កាលនេះ គឺ អ្នកវិទ្យាសាស្ត្រ អ្នកព្យាបាល​ អជ្ញាធរ អ្នកសារព័ត៌មាន​វិជ្ជាជីវៈ ពួកគេ កំពុង​ព្យាយាមរកគ្រប់វិធី លួងលោម អប់រំ ស្វែងរក ចំនួនពិត ដើម្បី​​ញែកយកអ្នកជំងឺ​អ្នកផ្ទុក  យកចេញពីក្នុងចំណោមប្រជាជនទូទៅក្នុងគោលដៅធ្វើឱ្យប្រសើរឡើង នូវឱកាសទប់ស្កាត់ឆ្លងបន្ថែមនិងព្យាបាលទាន់ពេល។ តួនាទី​របស់យើង គឺ ជួយអត់ធ្មត់កាត់បន្ថយកំសួលចឡាចល និង​នាំទៅរកព័ត៌មានណាដែលពិត។

លោក Shang-Jin Wei អតីតប្រធានសេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី ក៏ជា​សាស្រ្តាចារ្យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចនៅសាលាពាណិជ្ជកម្មកូឡុំបៀបានបញ្ចេញការព្យាករណ៍កាលពីម្សិលថា ការផ្ទុះឡើងនៃជំងឺកូរ៉ូណា មិនអាចសូម្បីប៉ះពាល់ធំដុំទៅលើអត្រាកំណើនសេដ្ឋកិច្ច​របស់ចិនខ្លួនឯងផង​ក្នុងឆ្នាំ ២០២០ហើយបើជាមានក៏​ធ្លាក់ចុះការបញ្ជាទិញ ០,១ ភាគរយប៉ុណ្ណោះនៃផលិតផលក្នុងស្រុកសរុប​ចំណែក​កម្ពុជាយើង​តើយើងចាំបាច់បិទហាង ផ្អាកគម្រោង​ដោយសារ​វាដែរទេ?

ពីបទពិសោធន៍នៃវិបត្តិសេដ្ឋកិច្ចឆ្នាំ ២០០៣ដែលមាន​ ការធ្លាក់ចុះយ៉ាងខ្លាំងនៃកំណើនសេដ្ឋកិច្ច​ចិនត្រីមាសទីមួយ​ដោយសារ​វិបត្តិស្រដៀងគ្នា តែ​បាន​ទូទាត់កើនសងទ្វេ​មកវិញនៅត្រីមាសទី ២ នៃឆ្នាំដដែលនោះ។

សូមតាមដាន​ព័ត៌មានថ្មីៗបន្ថែមទៀតជាមួយកម្ពុជាថ្មី និងទំព័របណ្តាញសង្គមKPTplus