គិតត្រឹមព្រឹកម៉ោង១២ថ្ងៃទី២៥មករាកម្ពុជានៅមិនទាន់មានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅឡើយទេ
BREAKING NEWS
Search

គិតត្រឹមព្រឹកម៉ោង១២ថ្ងៃទី២៥មករាកម្ពុជានៅមិនទាន់មានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅឡើយទេ

*រកឃើញអ្នកជំងឺសង្ស័យជាង១០ករណី តែរកមិនឃើញមានឆ្លងជំងឺនេះទេ

ភ្នំពេញ៖លោកវេជ្ជបណ្ឌិត លីសូវ៉ាន់អ្នកនាំពាក្យក្រសួងសុខាភិបាលបានអះអាងថា គិតត្រឹមវេលាម៉ោង១២ព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២០ប្រទេសកម្ពុជានៅមិនទាន់មានឆ្លងជំងឺរលាកសួតដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនៅឡើយទេ ខណៈមានប្រទេសជាង១០ហើយបានឆ្លងជំងឺនេះ ដែលបណ្តាលឲ្យអ្នកស្លាប់កើនឡើងដលើ៤១នាក់។

ថ្លែងប្រាប់កម្ពុជាថ្មីកាលពីព្រឹកថ្ងៃទី២៥ខែមករា លោកវេជ្ជបណ្ឌិតបានបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះយើងបានរកឃើញអ្នកជំងឺសង្ស័យជាង១០ករណី តែរកមិនឃើញថាមានឆ្លងជំងឺរលាកសួត ដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីនេះទេ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា បើទោះបីជាកម្ពុជានៅមិនទាន់មានឆ្លងជំងឺនេះក៏ដោយក៏ក្រសួងមិនអាចហ៊ានអះអាងថាកម្ពុជានឹងមិនមានឆ្លងជំងឺនេះដែរ ដោយសារបច្ចុប្បន្នជំងឺនេះបានកំពុងបន្តចំលងទៅតាមបណ្តាប្រទេសមួយចំនួនរួចហើយពិសេសនៅតំបន់អាស៊ាន។

បើតាមសារព័ត៍មានបរទេសបានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមករា មានអ្នកឆ្លងជំងឺនេះរហូត​ដល់ជាង១៣០០នាក់ និងស្លាប់ចំនួន៤១នាក់ ដែលអ្នកស្លាប់ទាំងអស់ស្ថិតនៅក្នុងប្រទេសចិន។ ក្នុងចំណោមអ្នកជំងឺជាង១៣០០នាក់នោះមាននៅម៉ាឡេស៊ី៣ករណី ថៃ៥ករណី សឹង្ហបុរី៣ករណី វៀតណាម២ករណី។ក្រៅពីនេះនៅហុងកុង តៃវ៉ាន់ ម៉ាកាវ ជប៉ុន កូរ៉េខាងត្បូង អាមេរិក អូស្ត្រាលីនិងនេប៉ាល់។

យ៉ាងណាក៏ដោយអ្នកនាំពាក្យរូបនោះបានធ្វើការក្រើនរំលឹកដល់មន្ត្រីសុខាភិបាលដែលប្រចាំការនៅតាមច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានខេត្តព្រះសីហនុនិងសៀមរាប ច្រកព្រំដែនបាវិត ច្រកប៉ោយប៉ែត ច្រកព្រែកចាកខេត្តកំពតនិងក្រុមគ្រូពេទ្យឆ្លើយតបជាង២ពាន់នាក់នៅទូទាំងប្រទេសត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្វែងរកជំងឺរលាកសួត ដែលបង្កដោយមេរោគកូរ៉ូណាវីរុសថ្មីតាមរយៈម៉ាស៊ីនស្កេនកំដៅទៅលើអ្នកដំណើរដែលធ្វើដំណើរត្រឡប់មកពីក្រៅប្រទេសពិសេសប្រទេសចិនដើម្បីធ្វើយ៉ាងណាទប់ស្កាត់កុំឲ្យជំងឺរលាកសួតនេះថ្មីឆ្លងមកប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្រៅពីដាក់ម៉ាស៊ីនស្កេនកំដៅក្រសួងសុខាភិបាលក៏បានត្រៀមបន្ទប់សម្រាប់ដាក់អ្នកជំងឺឲ្យនៅដាច់ដោយឡែកក៏ដូចជាត្រៀមសម្ភារៈបរិក្ខារពេទ្យនិងឱសថចាំបាច់សម្រាប់ការព្យាបាលអ្នកជំងឺផងដែរនៅពេលមានករណីជំងឺនេះកើតឡើងជាយថាហេតុ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលវិញបានហាមមិនឲ្យមានការហោះហើរពីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិនមកកម្ពុជាដែរដែលជាវិធានការមួយក្នុងការជួយកាត់បន្ថយការចំលងជំងឺនេះបានច្រើន។

ចំណែកលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលធ្លាប់បានប្រកាសធ្វើការក្រើនរំលឹកជូនដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ លើការបង្ការការចម្លងជំងឺរលាកសួតបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មី ដែលអាចកើតមានជាយថាហេតុ ដូច្នេះសូមក្រើនរំលឹកដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា ត្រូវនៅឲ្យឆ្ងាយពីសត្វបក្សីឈឺ ឬងាប់ កុំទៅផ្សារលក់គ្រឿងសមុទ្រហួណាន ឬទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ និងកុំទៅក្បែរ ឬជិតអ្នកមានជំងឺផ្លូវដង្ហើមស្រួចនៅទីកន្លែងដែលដឹងថា មានជំងឺបាននិងកំពុងកើតមានឬកំពុងផ្ទុះរាតត្បាត។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីបានណែនាំដល់អ្នកដំណើរដែលមានរោគសញ្ញាគ្រុនក្តៅឬមានប្រវត្តិគ្រុនក្តៅ៣៨ អង្សាសេ ក្អក ហត់ឬពិបាកដកដង្ហើមនិងមានប្រវត្តិមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន​ ត្រូវរកការព្យាបាលនៅមន្ទីរពេទ្យជិតបំផុតនិងប្រាប់គ្រូពេទ្យអំពីប្រវត្តន៏ នៃការធ្វើដំណីរឲ្យបានច្បាស់លាស់ដើម្បីឲ្យគ្រូពេទ្យព្យាបាលជំងឺឲ្យបានទាន់ពេលវេលា។

ចំពោះវិធានការការពារជំងឺនេះវិញលោករដ្ឋមន្ត្រីបានដាស់តឿនដល់ប្រជាពលរដ្ឋកុំប៉ះពាល់សត្វរស់ កុំទៅកន្លែងផ្ទុះជំងឺ និងទីផ្សារ នៅក្នងទីក្រុងខាងលើត្រូវ ឧស្សាហ៏លាងដៃជាមួយសាប៊ូនិងទឹក ឬជាមួយហ្សែល  កុំប៉ះពាល់អ្នកជំងឺ ឬមន្ទីរពេទ្យមានអ្នកជំងឺខាងលើ ត្រូវបរិភោគសាច់ និងពងសត្វដែលចំអិនឆ្អិនល្អ។ពេលក្អក ឬកណ្តាស ត្រូវយកក្រដាសឬកន្សែងខ្ទប់មាត់។ក្នុងករណីមានការសង្ស័យអ្នកជំងឺណាម្នាក់ត្រូវប្រញាប់រាយការណ៏ទៅកាន់លេខ ១១៥ដើម្បីទប់ស្កាត់ការឆ្លងឲ្យបានទាន់ពេលវេលា៕

អត្ថបទ៖ សំអឿន