ភាពយន្តចិន ៧រឿង ត្រូវ​ពន្យារពេលចាក់បញ្ចាំងនៅទូទាំងពិភពលោកដោយសារមេរោគរលាកសួតថ្មី

ខ្សែភាពយន្តចិន ៧ រឿងត្រូវបានពន្យារពេលការចាក់បញ្ចាំង បន្ទាប់ការរីករាលដាលនៃវីរុសរលាកសួតថ្មី នៅ Wuhan ដែលបានសម្លាប់មនុស្ស ២៥ នាក់ និងមនុស្សជិត ៩០០នាក់បានឆ្លងមេរោគ Coronavirus ។

ខ្សែភាពយន្តធំៗចំនួន ៧ រឿងដែលគ្រោងនឹងចាក់បញ្ចាំងនៅក្នុងប្រទេសចិននាចុងសប្តាហ៍ ត្រូវបានផ្អាកការចាក់ផ្សាយនាឱកាសបុណ្យចូលឆ្នាំចិននៅទូទាំងពិភពលោក ។ ភាពយន្តទាំងនោះ ត្រូវបានផលិតកររំពឹងថា អាចរកចំណូលបានជាង ១ ពាន់លានដុល្លារអាមេរិកនៅក្នុង Box Office ក្នុងរយៈពេលពីរបីថ្ងៃ ប៉ុន្តែត្រូវបានផ្អាកភ្លាមៗបន្ទាប់ពីការឆ្លងរាលដាលនៃមេរោគរលាកសួតប្រភេទថ្មី។

ក្រុមហ៊ុនផលិតនិងចែកចាយខ្សែភាពយន្តចិន បានធ្វើសេចក្តីជូនដំណឹងកាលពីថ្ងៃព្រហស្បតិ៍ទី ២៣ ខែមករានេះថា ការផ្អាកការចេញផ្សាយភាពយន្តគឺដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងថ្មីដែលអាចកើតមាននៅតាមរោងភាពយន្ត។

ស្របពេលនេះ​ខ្សែភាពយន្តចិនចំនួន ៤ រឿងដែលបានគ្រោងនឹងចាក់បញ្ចាំងនៅប្រទេសសិង្ហបុរីក៏ត្រូវបានផ្អាកផ្សាយសិនដែរ។ ក្នុងនោះភាពយន្តរឿង “Vanguard” ដែលសម្ដែងដោយលោក Jackie Chan ដែលប្រិយមិត្តស្គាល់ថា ឈិនឡុងក៏ត្រូវពន្យារពេលដូចគ្នា។

ក្រុមហ៊ុន Cathay Cineplexes របស់សិង្ហបុរី​បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ក្រុមហ៊ុននឹងពន្យារពេលការចេញខ្សែភាពយន្តចំនួន ៤ និងផ្តល់ប្រាក់សំណងដល់អតិថិជនដែលបានទិញសំបុត្រជាមុន។

ទន្ទឹមនឹងនេះដែរ ផលិតកម្ម MM2 Entertainment ដែលជាអ្នកចែកចាយរឿង Vanguard និងរឿង Detective Chinatown 3 បាននិយាយថា ខ្លួនបានទទួលដំណឹងនៅថ្ងៃព្រហស្បតិ៍នេះថា ផលិតករចិនបានសម្រេចចិត្តពន្យារពេលការចេញផ្សាយខ្សែភាពយន្តដោយសារតែការផ្ទុះវីរុសកូរ៉ូណា។ តាមការគ្រោងទុកខ្សែភាពយន្តទាំងពីរត្រូវនឹងត្រូវចាក់បញ្ចាំងនៅថ្ងៃសៅរ៍ ដែលជាថ្ងៃដំបូងនៃពិធីបុណ្យចូលឆ្នាំចិន។

អ្នកនាំពាក្យម្នាក់មកពីក្រុមហ៊ុន Encore បាននិយាយថា ការចាក់បញ្ចាំងភាពយន្តចិននៅប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេក៏បានផ្អាកការចេញផ្សាយដែរ។

ចំណែក GV និង Shaw បាននិយាយថា ខ្សែភាពយន្តចិនផ្សេងទៀតរួមមានរឿង “Enter The Fat Dragon” ដែលសម្តែងដោយកុំកុំ និងរឿងកំប្លែង “All’s Well End’s Well 2020” សម្ដែងដោយ Raymond Wong សុទ្ធតែត្រូវផ្អាកការបង្ហាញក្នុងរោងកុន។

ក្រៅពីនោះ ខ្សែភាពយន្តចំនួន ២ ផ្សេងទៀតដែលត្រូវពន្យារពេលដែរគឺរឿង “Lost in Russia” និងរឿង “Leap and Boonie Bears” វគ្គ “The Wild Life”។

ការផ្អាកការបញ្ចាំងនេះ គឺជាការវាយប្រហារដ៏ធំមួយសម្រាប់ឧស្សាហកម្មភាពយន្តចិន។ វាមិនត្រឹមតែធ្វើឲ្យខកខានការលក់សំបុត្រប៉ុណ្ណោះទេ ប៉ុន្តែក្រុមផលិតករក៏ត្រូវផ្ដល់ប្រាក់សំណងដល់ម្ចាស់ឧបត្ថម្ភនិងទស្សនិកជនថែមទៀត។

គួររំឭកដែរថា ករណីដំបូងវីរុសកូរ៉ូណាត្រូវបានរកឃើញកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ហើយត្រូវបានគេរកឃើញនៅក្នុងប្រទេសជប៉ុន ហុងកុង ម៉ាកាវ កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ វៀតណាម សិង្ហបុរី និងសហរដ្ឋអាមេរិក។ ករណីរីរុសរលាកសួតថ្មីនេះ បណ្ដាលឲ្យមនុស្សស្លាប់ ២៥ ​នាក់ និងឆ្លងដល់មនុស្សរាប់រយនាក់៕

 

ចុចអាន៖ ១០ យ៉ាង​ដែលត្រូវដឹងអំពីជំងឺរលាកសួតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី​កំពុង​រាតត្បាត​នៅ​ចិន

ចិនគ្រោងសង់មន្ទីរពេទ្យគ្រែ១០០០ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ដើម្បីព្យាបាលអ្នក​ជំងឺ​វីរុសថ្មី

 

ប្រែសម្រួល៖ សន្យា