ស្លាប់ ៩៤នាក់ទៀត! WHO ប្រកាសឈ្មោះថ្មីឲ្យវីរុសកូរ៉ូណា ខណៈចំនួនអ្នកស្លាប់ឡើងដល់ ១១០៧នាក់

អាជ្ញាធរសុខាភិបាលខេត្តហ៊ូប៉ីនៅក្នុងប្រទេសចិនបានរាយការណ៍នៅព្រឹកថ្ងៃពុធនេះថាមនុស្ស ៩៤ នាក់ទៀតហើយបានស្លាប់ដោយសារវីរុសកូរ៉ូណាកាលពីម្សិលមិញ ដែលធ្វើឱ្យចំនួនអ្នកស្លាប់នៅខេត្តដែលមានការផ្ទុះខ្លាំងជាងគេនេះឡើងដល់ ១០៦៨ នាក់។

រីឯចំនួនស្លាប់សរុបនៅក្នុងប្រទេសចិនដីគោកមានយ៉ាងហោចណាស់ ១១០៥ នាក់ អ្នកស្លាប់ម្នាក់នៅហុងកុង និងម្នាក់ទៀតនៅហ្វីលីពីន ធ្វើឲ្យចំនួនអ្នកស្លាប់នៅទូទាំងពិភពលោកយ៉ាងហោចណាស់មានចំនួន ១១០៧នាក់។

ចំពោះចំនួនអ្នកឆ្លង អាជ្ញាធរហ៊ូប៉ីបានបញ្ជាក់ថាបានរកឃើញករណីថ្មីប្រចាំថ្ងៃចំនួន ១៦៣៨ ករណីដែលនាំមកនូវចំនួនករណីសរុបក្នុងខេត្តនេះឡើងដល់ ៣៣៣៦៦ នាក់។ ចំនួនករណីឆ្លងសរុបនៅទូទាំងពិភពលោកនៅពេលនេះ គឺយ៉ាងហោចណាស់ ៤៤១៣៨ ករណី ដែលភាគច្រើនស្ថិតនៅចិនដីគោក។

កាលពីយប់ថ្ងៃអង្គារកន្លងទៅ ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានប្រកាសថា “COVID-19” នឹងក្លាយជាឈ្មោះផ្លូវការនៃវីរុសកូរ៉ូណាថ្មីនេះ ដោយនិយាយថាជំងឺនេះតំណាងឱ្យ “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” សម្រាប់ពិភពលោកប៉ុន្តែនៅមានឱកាសជាក់ស្តែងដែលអាចបញ្ឈប់វាបាន។

ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា “ឥឡូវនេះយើងមានឈ្មោះសម្រាប់ជំងឺនេះហើយវាជាជំងឺ COVID-19” ។

លោក Tedros បាននិយាយថា “co” តំណាងឱ្យ “corona ” “v” សម្រាប់ “virus” និង “d” សម្រាប់ “disease” ខណៈពេលដែល “19” គឺសម្រាប់ឆ្នាំដែលវិរុសផ្ទុះ ដែលត្រូវបានកំណត់ដំបូងនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕

ប្រែសម្រួល៖ វ៉ាន់ថន