BREAKING NEWS
Search

កាន់តែច្រើន! ចំនួនអ្នកស្លាប់ដោយសារវីរុសផ្លូវដង្ហើមថ្មីកើនដល់ ៤១នាក់ ខណៈអ្នកឆ្លងកើនឡើងដល់ជិត ១៣០០នាក់នៅក្នុងប្រទេសចិន

អាជ្ញាធរប្រទេសចិនបានឲ្យដឹងនៅថ្ងៃសៅរ៍ ទី២៥ ខែមករានេះ ថាការផ្ទុះវីរុសផ្លូវដង្ហើមប្រភេទថ្មីដ៏សាហាវក្នុងប្រទេសចិនឥឡូវនេះបានសម្លាប់មនុស្សចំនួន ៤១ នាក់ ខណៈចំនួនករណីឆ្លងបានកើនឡើងដល់ជិត ១៣០០ នាក់។

គណៈកម្មាការសុខភាពខេត្តហ៊ូប៉ីបាននិយាយថាករណីស្លាប់ចុងក្រោយទាំង ១៥ នាក់បានកើតឡើងនៅក្នុងទីក្រុងវូហាន ដែលមានប្រជាជនចំនួន ១១ លាននាក់ និងជាកន្លែងវីរុស Corona ថ្មីនេះបានកើតឡើងដំបូង។

គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀតថាយ៉ាងហោចណាស់មានករណីថ្មីចំនួន ៤៤៤ ករណី ត្រូវបានរកឃើញដែលបង្កើនចំនួនករណីសរុបឡើងដល់ ១២៨៧ ។

ជំងឺនេះបានរាលដាលដល់ខេត្ត តំបន់ស្វយ័ត និងទីក្រុងសរុប ៣០ក្នុងប្រទេសចិន។

ទីក្រុងវូហាននិងទីក្រុងចំនួន ១៣ ផ្សេងទៀតនៅខេត្តហ៊ូប៉ីត្រូវបានបិទមិនឲ្យធ្វើដំណើរចេញចូល ក្នុងគោលបំណងទប់ស្កាត់ការឆ្លងមេរោគដង្ហើមដែលបានរាលដាលដល់ប្រទេសជាច្រើនទៀត។

គណៈកម្មការសុខាភិបាលខេត្តហ៊ូប៉ីក៏បានរាយការណ៍ពីករណីថ្មីចំនួន ១៨០ ករណីនៅក្នុងខេត្តនេះដែលមាន ៧៧ ករណីក្នុងទីក្រុងវូហាន ប៉ុន្តែចំនួនភាគច្រើនបានរាលដាលពាសពេញទីក្រុងតូចៗជាច្រើនទៀតដែលត្រូវបានបិទការធ្វើដំណើរ។ ឥឡូវនេះមានតែ ៧២៩ ករណីប៉ុណ្ណោះនៅខេត្តហ៊ូប៉ី។

ក្រៅពីនេះប្រទេសចិនបច្ចុប្បន្នជំងឺនេះត្រូវបានរកឃើញលើអ្នកដំណើរក្នុងប្រទេសជាច្រើនទៀតដូចជា៖
– ថៃ៖ ៥នាក់ (២នាក់ ព្យាបាលជាសះស្បើយ)
– ជប៉ុន៖ ២នាក់ (១នាក់ ព្យាបាលជាសះស្បើយ)
– កូរ៉េខាងត្បូង៖ ២នាក់
– សហរដ្ឋអាមេរិក៖ ២នាក់
– វៀតណាម៖ ២នាក់
– សិង្ហបុរី៖ ៣នាក់
– នេប៉ាល់៖ ១នាក់
– បារាំង៖ ៣នាក់
– អូស្ត្រាលី៖ ១នាក់
– ម៉ាឡេស៊ី៖ ៣នាក់

 

ចុចអាន៖១០ យ៉ាង​ដែលត្រូវដឹងអំពីជំងឺរលាកសួតដោយសារវីរុសកូរ៉ូណាប្រភេទថ្មី​កំពុង​រាតត្បាត​នៅ​ចិន

ប្រែសម្រួល៖ វ៉ាន់ថន