ថៃរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ៦នាក់ទៀតថ្ងៃនេះ ធ្វើឲ្យចំនួនសរុបឡើងដល់ ១៤ករណី

មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃអង្គារ ទី២៨ មករា ថាប្រទេសថៃរកឃើញករណីឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ៦ ករណីបន្ថែមទៀតក្នុងចំណោមភ្ញៀវទេសចរមកពីប្រទេសចិនដែលធ្វើឱ្យចំនួនសរុបនៃប្រទេសនេះកើនឡើងដល់ ១៤ ករណី។

អគ្គនាយករងនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺ លោក Tanarak Plipat បានប្រាប់អ្នកយកព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ៥ ករណីដែលអ្នកឆ្លងមានអាយុពី ៦ ឆ្នាំទៅ ៧០ឆ្នាំ គឺសុទ្ធជាអ្នកដំណើរមកពីខេត្តហ៊ូប៉ី និងជាសាច់ញាតិគ្រួសារតែមួយ។ ចំណែកអ្នកជំងឺម្នាក់ទៀតមកពីទីក្រុងចុងឈីង។ លោក Tanarak បានបន្ថែម។

រដ្ឋលេខាធិការមន្ទីរសុខភាពសាធារណៈលោក Sukhum Kanchanapimai បាននិយាយថាខាងមន្ទីរលោកនឹងធ្វើការស្កេនអ្នកដំណើរទាំងអស់ពីប្រទេសចិន។

ប្រទេសចិនបាននិយាយនៅថ្ងៃអង្គារនេះថាមនុស្សចំនួន ១០៦ នាក់បានស្លាប់ដោយសារវីរុសរលាកសួតថ្មី។ គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាចំនួនករណីដែលបានបញ្ជាក់សរុបនៅក្នុងប្រទេសចិនបានកើនឡើងដល់ ៤៥១៥ គិតត្រឹមថ្ងៃទី ២៨ ខែមករា ៕

ចុចអាន៖ចំនួនអ្នកស្លាប់ដោយសារវីរុសរលាកសួតថ្មីកើនដល់ ១០៦ករណី ឆ្លងដល់ ៤០០០នាក់នៅចិន និងប្រទេសថ្មីៗមួយចំនួនរួមទាំងកម្ពុជា

ប្រែសម្រួល៖ វ៉ាន់ថន