UPDATE: ចំនួនអ្នកស្លាប់ដោយវីរុសរលាកសួតថ្មីកើនដល់ ៥៤នាក់នៅចិន និងផ្ទុះករណីថ្មីជាង ៣០០នាក់កាលពីម្សិលមិញ

ចំនួនអ្នកស្លាប់ដែលត្រូវបានបញ្ជាក់ពីការផ្ទុះឡើងនៃវីរុសផ្លូវដង្ហើមថ្មីនៅប្រទេសចិនបានកើនឡើងដល់ ៥៤នាក់ ដោយអាជ្ញាធរក្នុងខេត្តហ៊ូប៉ី ដែលជាខេត្តរងគ្រោះខ្លាំង បានរាយការណ៍នៅថ្ងៃអាទិត្យ ទី២៦ ខែមករា ថាមានអ្នកស្លាប់ ១៣ នាក់និងករណីឆ្លងថ្មី ៣២៣នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងទៅ។

តួលេខចុងក្រោយពីខេត្តហ៊ូប៉ីដែលជាកន្លែងដំបូងនៃការឆ្លងរាលដាលនេះនឹងធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅទូទាំងប្រទេសចិនមានចំនួន ១៦១០នាក់បើផ្អែកលើតួលេខដែលបានចេញផ្សាយដោយរដ្ឋាភិបាល។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានព្រមានកាលពីថ្ងៃសៅរ៍ថាប្រទេសចិនបានប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរ ដោយកម្លាំងអាជ្ញាធរជាច្រើនបាននិងកំពុងទប់ទល់នឹងជំងឺផ្លូវដង្ហើមនិងបណ្តាលឱ្យមានការបោះបង់ចោលនូវការប្រារព្ធពិធីចូលឆ្នាំចិននៅទូទាំងប្រទេស។

ទីក្រុងវូហាន និងទីក្រុងជាច្រើនទៀតនៅក្នុងខេត្ដហ៊ូប៉ីត្រូវបានបិទការធ្វើដំណើរចេញចូលដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Corona ប្រភេទថ្មីនេះ។

វីរុសដែលគេមិនធ្លាប់ស្គាល់ពីមុននេះបានបង្កឱ្យមានការព្រួយបារម្ភជុំវិញពិភពលោកដោយសារតែភាពស្រដៀងគ្នារបស់វាទៅនឹងជំងឺ SARS (ជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរ) ដែលបានសម្លាប់មនុស្សរាប់រយនាក់នៅទូទាំងប្រទេសចិនដីគោក និងហុងកុងក្នុងឆ្នាំ ២០០២-២០០៣ ។

ក្រុមវេជ្ជបណ្ឌិតយោធារាប់រយនាក់ត្រូវបានបញ្ជូនទៅខេត្តហ៊ូប៉ី ហើយអាជ្ញាធរកំពុងប្រញាប់ប្រញាល់សាងសង់មន្ទីរពេទ្យមួយដើម្បីដោះស្រាយវិបត្តិនេះ ខណៈដែលអ្នកជំងឺកំពុងសម្ងំនៅមូលដ្ឋានពេទ្យក្នុងស្រុក។

វីរុសនេះបានរាលដាលពាសពេញប្រទេសនៅក្នុងប្រទេសចិនហើយករណីជាច្រើនត្រូវបានគេរាយការណ៍នៅក្នុងប្រទេសមួយចំនួនទៀតនៅឆ្ងាយដូចជា៖

– ថៃ៖ ៧នាក់
– ជប៉ុន៖ ២នាក់
– កូរ៉េខាងត្បូង៖ ២នាក់
– សហរដ្ឋអាមេរិក៖ ២នាក់
– វៀតណាម៖ ២នាក់
– សិង្ហបុរី៖ ៤នាក់
– នេប៉ាល់៖ ១នាក់
– បារាំង៖ ៣នាក់
– អូស្ត្រាលី៖ ១នាក់
– ម៉ាឡេស៊ី៖ ៤នាក់

ប្រែសម្រួល៖ វ៉ាន់ថន