“យល់សប្ដិ” កម្រងរឿងខ្លី២១រឿងឆ្លុះបញ្ចាំងតថភាពជីវិត

អ្នកនិពន្ធដែលពោរពេញដោយមនោសញ្ចេតនាលោក  សុខ ចាន់ផល បានបោះពុម្ភផ្សាយកម្រងរឿងខ្លី២១រឿងក្នុងសៀវភៅ “យល់សប្ដិ” ជាលើកទី២ កាលពីខែមុននេះ។

លោក សុខ ចាន់ផល ជាអ្នកនិពន្ធឆ្នើមមួយរូបដែលប្រិយមិត្តជាច្រើនបានស្គាល់មកហើយតាមរយៈ ស្នាដៃប្រលោមលោក និងស្នាដៃរឿងខ្លីជាច្រើននាពេលកន្លងមក។ ហើយស្នាដៃរបស់លោកក៏ត្រូវបានទទួលស្គាល់ទូទាំងប្រទេស និងមានមហាជនជាច្រើននាក់គាំទ្រយ៉ាងផុសផុល។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាអ្នកនិពន្ធដែលមានឈ្មោះល្បីខាងផ្នែកនិពន្ធបទចម្រៀងផងដែរ។ លើសពីនេះ ម្ចាស់ស្នាដៃ «យល់សប្ដិ» រូបនេះក៏ត្រូវបានអ្នកស្នេហាអក្សរសិល្ប៍ជាច្រើន ទទួលស្គាល់ថា ជាអ្នកនិពន្ធឆ្នើមម្នាក់នៅក្នុងប្រទេស និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

ក្នុងពេលថ្មីៗនេះលោកបានចេញផ្សាយសៀវភៅមួយក្បាលដែលមានចំណងជើងថា «យល់សប្ដិ» ។ «យល់សប្ដិ» ជាសៀវភៅមួយក្បាលដែលអាចចាត់ទុកជាឯកសារ​ចំពោះជីវិតរបស់អ្នកនិពន្ធរូបនេះ។ ក្នុងសៀវភៅនេះមិត្តអ្នកអាននឹងអានប៉ះសិល្ប៍វិធីនិទានរឿងយ៉ាងសាមញ្ញៗ តែអាចឆ្លុះបង្ហាញយ៉ាងរស់រវើកអំពីជីវិតជាក់ស្ដែង ប្រកបដោយខ្លឹមសារដក់ជាប់ក្នុងចិត្ត។ អ្វីដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺសាច់រឿងភាគច្រើនហាក់ដូចជាតាក់តែងឡើងដោយបានមកពីការយល់សប្តិរបស់អ្នកនិពន្ធផ្ទាល់។

ប្រាប់មកកាន់ KPT Plus  អ្នកនិពន្ធឆ្នើមរូបនេះ បាននិយាយថា «យល់សប្ដិ» ជាកម្រងអក្សរសិល្ប៍ចំនួន ២១​រឿងផ្សេងៗបញ្ចូលគ្នា ដែលអ្នកនិពន្ធចង់បង្ហាញពីវិធីសាស្ត្របែបនិពន្ធទំនើបរបស់អ្នកនិពន្ធខ្មែរ និងជារឿងដែលបានជាប់ពានរង្វាន់ស្នាដៃអ្នកនិពន្ធឆ្នើមរបស់អាស៊ីអាគ្នេយ៍។ លោកថា ស្នាដៃទាំងនេះមានការគាំទ្រពីអ្នកអក្សរសាស្ត្រខ្មែរ និងបរទេស ដោយរឿងទាំងនេះដែរបានបកប្រែជាភាសាអង់គ្លេស និងភាសាផ្សេងៗថែមទៀតផង។

លោកមានប្រសាសន៍ថា លោកពុំការព្រួយបារម្ភអ្វីទេចំពោះស្នាដៃសៀវភៅ «យល់សប្ដិ» ប៉ុន្តែលោកចង់ឱ្យអ្នកស្នេហាអក្សរសិល្ប៍ទាំងអស់បានអានសៀវភៅមួយក្បាលនេះ ព្រោះវាប្រៀបដូចជាឯកសារអក្សរសិល្ប៍ដ៏ពិសេសមួយ ដែលលោកចង់ផ្ដល់ជូនជាតិមាតុភូមិ។

សូមបញ្ជាក់ថា «យល់សប្ដិ» ជាស្នាដៃអ្នកនិពន្ធ សុខ ចាន់ផល ដែលបានបោះពុម្ភផ្សាយជាលើកទី២ ដោយ អ្នកនិពន្ធវេទមន្ត នៅចុងឆ្នាំ២០១៩ និងជាស្នាដៃដែលជាប់ជយលាភីអ្នកនិពន្ធឆ្នើមអាស៊ីអាគ្នេយ៍ ឆ្នាំ២០១៣។

សម្រាប់ប្រិយមិត្តដែលមានបំណងចង់ជាវសៀវនេះ អាចរកជាបាននៅតាមបណ្ដាហាងលក់សៀវភៅអនឡាញ និងបណ្ដាហាងលក់សៀវភៅឬបណ្ណាគារនានានៅទូទាំងប្រទេសកម្ពុជា ៕

 

ចុចអាន៖ សៀវភៅ​៣ ក្បាល​ជួយ​យើង​ឱ្យ​ក្លាយ​ជា​អ្នក​ពូកែ​សរសេរ​បាន​ល្អ​ជាង​មុន

 “សំណាញ់ជីវិត” ប្រលោមលោករ៉ាយរ៉ាប់រឿងរ៉ាវគ្រួសារចាក់ស្រេះដូចក្រឡាសំណាញ់

អត្ថបទ៖ សន្យា