BREAKING NEWS
Search

កុំទម្លាប់ផ្សំថ្នាំនៅហ្វា​ម៉ាស៊ី​ឲ្យកូ​ន ប្រសិនមិនចង់ជួបរឿងទាំងនេះ!

តាម​ទម្លាប់​តៗ​គ្នា ពេល​កូន​ឈឺ​ល្មមៗ​ម៉ាក់ប៉ា​កម្រ​នាំ​​យក​កូន​ទៅ​ពេទ្យ​ណាស់ គឺ​រត់​ទៅ​ផ្សំ​ថ្នាំ​តាម​ឱសថ​ស្ថានមកឲ្យ​កូន​ញ៉ាំ ឬ​ទិញ​ថ្នាំ​តាម​គ្នា។ តែ​ការ​ធ្វើ​បែប​នេះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់​​ថា មិន​ត្រឹម​ត្រូវ​ឡើយ ធ្វើ​ឲ្យ​ជំងឺ​កូន​កាន់​តែ​ធ្ងន់ធ្ងរ​ថែម​ទៀត។

លោក​វេជ្ជបណ្ឌិត​ថា ការ​ដែល​ម៉ាក់ប៉ា​មួយ​ចំនួន​ទម្លាប់​ធ្វើ​បែប​នេះ ព្រោះ​តែ​រវល់​នឹង​ការងារ ម្យ៉ាង​ទៀត​ចំណាយ​លុយ​តិច ហើយ​លឿន តែ​ផ្ទុយ​ទៅ​វិញ ករណី​ខ្លះ​អស់​លុយ​ច្រើន​ជាងការ​នាំ​កូន​ទៅ​ពេទ្យ​ទៀត។

“គាត់​ទៅ​ហ្វា​ម៉ាស៊ី​ផ្សំ​ថ្នាំ គាត់​សួរ​គ្នា កូន​ប្រើ​ថ្នាំ​អី​ត្រូវ គាត់​ទៅ​វិញ​ថ្នាំ​ហ្នឹង​មក​ដែរ តែ​យើង​ត្រូវ​ចាំ​​ថា កូន​យើង កូន​គេ ឈឺ​មិន​ដូចគ្នា​ទេ ជួលកាល​ប្រើ​ថ្នាំ​ដូច​គ្នា​ត្រូវ ជួយ​កាល​មិន​ត្រូវ”។ លោក​វេជ្ជបណ្ឌិត​រៀបរាប់។

បន្ថែម​ពីលើ​នោះ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​បញ្ជាក់​ថា ពេល​កូន​ឈឺ បើ​យើង​ព្យាបាល​មិន​បាន​ល្អ ត្រឹម​ត្រូវ មិន​គ្រប់​រយៈពេល ក្មេង​អាច​នឹង​ស៊ាំ​ថ្នាំ ធ្វើ​ឲ្យ​មេរោគ​លែង​ត្រូវ​នឹង​ថ្នាំ ដល់​ពេល​កូន​ឈឺ​លើកទី​២ ទី៣ ទាល់​តែ​ប្រើ​ថ្នាំ​ខ្លាំងៗ​បាន​ត្រូវ ដែល​នោះ​ជា​បញ្ហា​ចោទ​ចំពោះ​ក្មេង​ទៅ​ថ្ងៃ​ក្រោយ។

ចំណុច​មួយ​ទៀត​ដែល​គួរ​យក​ចិត្ត​ទុក​ដាក់​ដែរ គឺ​ការ​មិន​ស្តាប់​បញ្ជា​គ្រូពេទ្យ ដែល​ពេល​ខ្លះ​គ្រូពេទ្យ​ឲ្យ​លេប​ថ្នាំ​៥ថ្ងៃ តែ​ពេល​លេប​បាន​៣ថ្ងៃ កូន​ធូរ ក៏​បញ្ឈប់​ការ​លេប​ថ្នាំ។ បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ថា បើ​កូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ទោះ​ញ៉ាំ​មិន​គ្រប់​ដូស្ត តែ​ករណី​ប្រើ​ថ្នាំ​ផ្សះ​វិញ បើ​យើង​ឲ្យកូនលេប​មិន​អស់​តាម​វេជ្ជបញ្ជា ធ្វើ​ឲ្យ​ថ្នាំស៊ាំ​នឹង​មេរោគ ជំងឺ​មិន​ងាយ​ជា​នោះ​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ កូនកើតពងបែកនៅកន្លែង​ទាំងនេះ បើម៉ាក់ប៉ាប្រហែស ប្រយ័ត្នត្រូវសង្រ្គោះបន្ទាន់

សូមចុចអាន៖ ការ​បង្ក​កំណើត​កូនភ្លោះ អាច​មាន​ផលវិបាក​ឬទេ​?