សម័យ​នេះ វ័យ​ក្រោម​២៥ឆ្នាំ​ងាយ​ក្លាយជា​សេដ្ឋី តែក៏ងាយចាញ់បោកគេ

លំហូរចំណូលពីមុខរបរ​ច្បាស់លាស់​ ទាមទារឱ្យមានការវិនិយោគឈានមុខ រហ័ស ព្រមទំាងប្រើ​ពេលវេលានិងការខិតខំប្រឹងប្រែកសាងរយៈពេលវែង ដើម្បីទទួលមកវិញ​នូវប្រាក់ចំណូលទៀងទាត់វែងឆ្ងាយដូចគ្នា​ដែលគេ​អាចហៅបាន​ថា សេរីភាពហិរញ្ញុវត្ថុ​ឬសេដ្ឋី។

សម័យកាលនេះ​ជាពេលដែលបច្ចេកវិទ្យា​បានបង្កើតទីផ្សារ​ដ៏អស្ចារ្យដែលអាចជួយ​មនុស្ស វ័យក្មេងៗ ចាប់ផ្តើមវិនិយោគពេលវេលា​និង​ទេពកោសល្យ ការ​ព្យាយាម​របស់ពួកគេ លើទីផ្សារ​ដែលមាន​ស្រាប់ដូចជា​ហ្វេសប៊ុក IG Youtube ។ល។


មុនពេលដែលយើងអាចឈាន ចូលទៅក្នុងគំនិតរកចំណូលបានទាន់នៅក្មេង ជា​ទូទៅ​ត្រូវមាន​គំនិត​ជាមុន ដូចពាក្យចាស់ថា អត់អីអត់ចុះ កុំឱ្យអត់គំនិត។ អ្នកខ្លះមានគំនិត​ដែរតែយឺតពេល។ ខ្លះមានគំនិត ​តែជាប្រភេទគំនិត​ទុច្ចរិត ដូចជាការលួចកម្មសិទ្ធិ ស្នាដៃអ្នកដទៃមកប្រើ ហើយ​យល់ថា ចោរលួចលើអនឡាញជារឿងធម្មតា ​តាមពិត​ជាចោរគឺចោរហើយ បើមានបានក្លាជា​សដ្ឋី​ដោយធ្វើចោរ​ម៉េចនឹងកើត?

យកល្អ យុវវ័យ គួរ​តែ​ច្បាស់ខ្លួនឯង ក្នុងការលុបចោលគំនិតភាន់ច្រលំដែលយល់ថា ធ្វើអ្វីក៏ដោយដើម្បីរកប្រាក់ចំណូលច្រើននិងក្លាយជា​អ្នកមាន នៅអនាគត មិនមែនជាការពិតទេ។ រាល់ប្រាក់ចំណូលដែលមានមូលដ្ឋាន និង​សុចរិត​ទើបជាអនាគត។

ឧទាហរណ៍​អ្នកត្រូវ​បានគេល្បួង​ឱ្យចូលក្រុមលក់ផលិតផល ដែលគេអាចកុហកថាមាន​គុណភាព មាន​ការទទួលស្គាល់ ដំបូងៗអ្នកបានលុយ​ពិតណាស់ គេត្រូវបង្ក់តធ្នាក់ តែក្រោយមកបរាជ័យនឹងធ្ងន់រហូត​ដល់អ្នកវណ្ឌករជំពាក់ម្ចាស់លុយ​ឬ​ខាតអសារទ្រព្យ​អស់ បាត់បង់សុភមង្គល។

ចុះតើគួរធ្វើបែបណា?

១) ការវិនិយោគត្រូ​វតែ​ស្វែងរកប្រភពច្បាស់់លាស់

មនុស្ស​ជាច្រើនមកហើយ​ដែលស្លុងជឿពាក្យ​ម្ចាស់ក្រុមហ៊ុនខ្យល់ក្នុងការ​អួតពីផលិតផលរបស់គេ​ហើយឱ្យ​យើងទិញលក់បន្ត។ ដំបូង​ទិញតិចតួចក៏លក់ចេញបាន ក្រោយមកក៏ប្រថុយយកដើមធំ​មក​ទិញឡើងទុកច្រើន​តាមការល្បួង​បញ្ឆោត ចុងក្រោយ​វត្ថុនោះសេសសល់ហួសគុណភាព​ឬត្រូវបានរឹបអូសដោយសារគ្មានច្បាប់។ អ្នកណាជាអ្នកខាត? យកល្អ ត្រូវធ្វើការស្រាវជ្រាវឱ្យបានច្រើនផ្នែមុននឹង​ធ្វើការ​វិនិយោគទឹកប្រាក់កុំស្រើបស្រាលនឹង​សន្យាអំពីភាគលាភធំ។

២) ការវិនិយោគត្រូវការ​ពេលវេលា

អ្នកមិនអាចរកប្រាក់ចំណូលក្លាជាអ្នកមាន​ភ្លាមៗទេ។ នៅពេលដែលផលិតផលត្រូវបានបញ្ជូន​ត្រឡប់មកវិញមិនថាដោយសារ តែអតិថិជនមិនពេញចិត្តឬផលិតផលខូច អាជីវកម្មនេះទទួលរងការបាត់បង់យ៉ាងធ្ងន់ធ្ងរក្នុងការដឹកជញ្ជូននិងកេរ្តិ៍ឈ្មោះ។ ការ​បង្កើត​មុខរបរមែនទែន​មិនអាចឈ្លោះគ្នា​ហើយ​យកឈ្នះចាញ់តាមរយៈពាក្យសម្តី​ឡើយ​វាត្រូវការដំណោះស្រាយផ្នែកច្បាប់។​បើចង់បង្កើតសេវាកម្ម​មួយ​លើអនឡាញ​ដើម្បីមាន​បាន អ្នកត្រូវកសាងផលិតផល​ដែលមាន​គុណភាព ចុះបញ្ជី មាន​ការអនុញ្ញាត្តិ បង្កើតទីផ្សារ​ត្រឹមត្រូវ មាន​អតិថិជន​ដែលយើងឆ្លើយតបដោយការគោរព មានឈ្មោះ​ស្លាកសញ្ឲ្ញាត្រឹមត្រូវ មិនដោះស្រាយបញ្ហា​ដោយជេរបញ្ចោរ​ពោលគឺគ្រប់យ៉ាងមិនមែន​ជា​ពាណិជ្ជកម្មមួយគ្រាៗនោះឡើយ។ ទំាងនេះ អ្នកត្រូវការពេលវេលា ការអត់ធ្មត់ ហើយគ្មានទេចំណូលភ្លាមៗ។

ប្រសិន​អ្នកសម្រេចចិត្ត​ថារើសយក ការរកចំណូលដែលបានការចំណេញត្រឡប់មកវិញទាន់ហន់ នោះ​អ្នកកំពុង​ប្រឈម​នឹង​ហានីភ័យខ្ពស់ ចំណែក​ពាក្យថា​ក្លាយជាអ្នកមាន​រឹតតែគ្មាន​ផ្លូវ។

៣ ការវិនិយោគ​ត្រូវការគុណធម៌

ចូររើសយកការលូតលាស់ កុំយក​ជោគជ័យ​ខ្លីៗ ។ ជីវិត​អ្នកនឹង​ទទួលបានជោគជ័យ​ប្រសិន​អ្នករើស​បាននូវរង្វង់សង្គមដែល​ល្អ​ហើយ​ដាក់ខ្លួន​ចូលទៅជាមួយ​ពួកគេ អ្នកនឹងចម្រើនលូតលាស់ ពោរពេញដោយក្តីសង្ឃឹម​។ ប្រសិន​អ្នកដាក់ខ្លួនទៅក្នុងចំណោមមនុស្ស​សម្ភារៈនិយម យកលុយមកទាក់ទាញ ហើយ​ធ្វើអ្វីៗមិន​ច្បាស់លាស់ មិនមាន​ការទទួលខុសត្រូវ ក្លែងបន្លំ​ឆាប់មានបាន​មួយគ្រាៗ អ្នកនឹង​ទទួល​បានលទ្ធផល​ធ្លាក់ទឹកចិត្ត​ធ្ងន់ធ្ងរ​ ដែល

អាចនឹង​ឈាន​ ដល់​បំផ្លាញ​ជីវិត​ទំាងស្រុង​បាន។​

Mr Tomorrow