Zilingo មានបំណង​សហការ​ជាមួយ​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា ដើម្បី​ប្រើ​ប្រព័ន្ធ​ឌីជីថល នៅតាម​រោងចក្រ

ភ្នំពេញ ​៖ ផ្លាត​ហ្វ​ម​បច្ចេកវិទ្យា​សម្លៀកបំពាក់​ជាស​កល Zilingo បានបញ្ចប់​សន្និសីទ​មួយ​យ៉ាង​ជោគជ័យ ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) និង​វិទ្យាស្ថាន​បណ្តុះបណ្តាល​វិស័យ​កាត់ដេរ​នៅ​កម្ពុជា (CGTI) នៅឯ​ទីស្នាក់ការ​កណ្តាល​របស់ GMAC ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​រាជធានី​ភ្នំពេញ ដែល​នៅក្នុង​សន្និសីទ​នេះ Zilingo បានធ្វើ​បទ​បង្ហាញ​ពី​ការប្រើប្រាស់​កម្មវិធី​ឌីជីថល​កម្មសិទ្ធិ​ផលិតកម្ម ដែល​នឹង​ជួយ​ឲ្យ​រោងចក្រ​កាត់ដេរ​របស់​កម្ពុជា បង្កើន​ប្រសិទ្ធភាព និង​កាត់បន្ថយ​ភាពខ្វះ​ចន្លោះ​ផ្សេងៗ។

​លោក Sid Narayanan ប្រធាន​កម្មវិធី​ឌីជីថល​តាម​រោងចក្រ​របស់​ទីផ្សារ​សម្លៀកបំពាក់​អន​ឡាញ Zilingo បាន​និយាយថា “​យើង​ពិតជា​រំភើប​ណាស់​ដែល​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បានផ្តល់​ឲ្យ​យើង​នូវ​ផ្លាត​ហ្វ​ម​មួយ និង​ឱកាស​ក្នុងការ​បង្ហាញ​ពី​ដំណោះស្រាយ​របស់​យើង ក៏ដូចជា​ចូលរួម​ក្នុង​អាជីវកម្ម​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​សំខាន់ៗ​ដើម្បី​ចែករំលែក​ពី​វិធីសាស្ត្រ​ដែល Zilingo អាច​ជួយ​ឲ្យ​ពួកគេ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​តាមរយៈ​ការ​ធ្វើ​ស្វ័យប្រវត្តិ​ភាព​នៃ​ផលិតកម្ម​ផ្សេងៗ​ក្នុង​រោងចក្រ​”​។

Zilingo មាន​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា និង​ត្រូវបាន​អញ្ជើញ​ដោយ​សមាគម​នេះ ឲ្យ​ធ្វើការ​បង្ហាញ​ពី​របៀប​ដែល​ដំណោះស្រាយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​របស់ខ្លួន អាច​នាំយក​រោងចក្រ​នានា​នៅ​កម្ពុជា ចូលទៅក្នុង​បដិវត្ត​ប្រព័ន្ធ​ឌីជីថល ដើម្បី​រក្សា​ទីតាំង​របស់ខ្លួន​ក្នុងនាម​ជា​តួអង្គ​ដ៏​សំខាន់​ក្នុង​វិស័យ​ឧស្សាហកម្ម​សម្លៀកបំពាក់​។

លោក​កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មានប្រសាសន៍ថា “​ក្នុង​សម័យកាល​ឧស្សាហកម្ម 4.0 យើង​កំពុងតែ​អង្កេត​លើ​ល្បឿន​នៃ​ការវិវឌ្ឍ​របស់​ស្វ័យ​ប្រវត្តិភាព និង​ប្រព័ន្ធ​ឌីជីថល ក្នុង​រោងចក្រ​របស់​យើង​ទាំងអស់​។ ម៉ាស៊ីន​ស្វ័យប្រវត្តិ កំពុងតែ​កើនឡើង​លើ​ការប្រើប្រាស់​ក្នុង​ដំណើរការ​របស់​រោងចក្រ​ភាគច្រើន ក្នុងនោះ​រាប់បញ្ចូល​ទាំង កា​រចនា​ម៉ូត ការបង្កើត​គំរូ​ម៉ូត ការ​កាត់​ម៉ូត ការបោះ​ពុម្ព​លើ​សម្លៀកបំពាក់ ការ​ប៉ាក់ ការ​ដេរ និង​ការគ្រប់គ្រង​គុណភាព​”​។ លោក​សង្កត់ធ្ងន់ថា “​ប្រព័ន្ធ​ឌីជីថល​ពិតជា​សំខាន់​ណាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា ត្រូវតែ​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នៃ​ស្វ័យ​ប្រវត្តិភាព និង​ប្រព័ន្ធ​ឌីជីថល​នេះ ឲ្យ​បាន​រហ័ស​ជាង​នេះ ក្នុង​គោលបំណង​ផ្លាស់ប្តូរ​កន្លែង​ការពារ និង​កម្លាំង​ការងារ​របស់​យើង​”​។
​ការណែនាំ​ពី​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ផលិត​កម្មនេះ គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់ Zilingo ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​នៅ​កម្ពុជា ក្នុងនាម​ជាទី​ផ្សារ​ចម្បង ក្រោម​ទស្សនវិស័យ​មួយ​ដើម្បី​បង្កើន​ថាមពល​ដល់​អាជីវកម្ម​សម្លៀកបំពាក់ តាមរយៈ​ការបង្កើត​ភាពងាយស្រួល​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ទៅលើ​ចង្វាក់​នៃ​ការផ្គត់ផ្គង់​ប្រកបដោយ​តម្លាភាព​ជាមួយនឹង​សេវា​បច្ចេកវិទ្យា ហិរញ្ញវត្ថុ និង​សេវា​ទីផ្សារ​។

លោក Cian O’Dowd ប្រធាន​ផ្នែក​ពង្រីក​ទីផ្សារ​របស់ Zilingo បាន​ឲ្យ​ដឹងថា “​នៅពេលដែល​យើង​គិតពី​វត្តមាន​របស់​យើង​ក្នុងប្រទេស​កម្ពុជា យើង​សម្លឹង​ឆ្ពោះទៅកាន់​ការបណ្តាក់ទុន​ផ្លាត​ហ្វ​ម​របស់​យើង​ដើម្បី​នាំយក​រោងចក្រ​កម្ពុជា​ជាច្រើន​បន្ថែមទៀត ទៅ​កាន់​យុគ​សម័យកាល​ឌីជីថល ក៏ដូចជា​ផ្សារភ្ជាប់​ប្រភព​កម្ពុជា ទៅកាន់​យីហោ​សម្លៀកបំពាក់​ជាស​កល ក្នុងប្រទេស​លោកខាងលិច​។ តួនាទី​នៃ​បច្ចេកវិទ្យា គួរតែ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​បង្កើត​ឲ្យ​មានការ​រីកចម្រើន​រួមគ្នា​។ ជាមួយនឹង​កម្មវិធី និង​សេវា​ដ៏​សក្ដិសម​របស់ Zilingo អាជីវកម្ម​សម្លៀកបំពាក់ គួរតែ​ត្រូវបានធ្វើ​ឲ្យ​ល្អប្រសើរ​ជាង​នេះ ដើម្បី​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ពិភពលោក​»​។​

រោងចក្រ​នានា​ដែលមាន​ការចាប់អារម្មណ៍ នៅ​កម្ពុជា​អាច​ចុះឈ្មោះ ដើម្បី​ប្រើប្រាស់​សាកល្បង​ដោយ​ឥតគិតថ្លៃ​លើ​កម្មវិធី​បច្ចេកវិទ្យា​កម្មសិទ្ធិ​ផលិតកម្ម​របស់ Zilingo​។ ដើម្បី​ចុះឈ្មោះ សូម​ទាក់ទង​ទៅកាន់​អ៊ី​ម៉ែ​ល​៖sales.cambodia@zilingo.com៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114