Connect with us

អត្ថាធិប្បាយ

កូនខុស ឬត្រូវ ម៉ែឪមិន ដែល​បោះ​​បង់..ខ្មែរកាចខ្មែរត្រង់សុទ្ធជាខ្មែរដែលត្រូវ​យកអសារគ្នា​

បានផុស

នៅ

ដោយមិនភ្ញាក់ផ្អើល ប៉ុន្តែ​ខ្ញុំបានតាមដានយកចិត្ត​ទុកដាក់ ចំពោះភាពជាគំរូ​នៃស្មារតីមុះមុតចុះជាប់ជាមួយ​ពលរដ្ឋ នៃសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងមូលដ្ឋានខណ្ឌដង្កោដើម្បី​នាំយកអំណោយបន្ថែម​ដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ប្រមាណជាង​៣០០០គ្រួសារ នៅប្រហែលជា៦០ម៉ោងប៉ុណ្ណោះ​ក្រោយពី​ប្រមុខរដ្ឋភិបាល​សម្តេចអគ្គមហាសេនាបត្តី​ ហ៊ុនសែន បានចុះផ្ទាល់ពិនិត្យ​ស្ថានការណ៍និងលើកទឹកចិត្ត​ប្រជារងគ្រោះ។

ស្ថានភាព​ទូទៅនៅខណ្ឌដង្កោដែលជា​តំបន់រងគ្រោះជួរមុខនៅភ្នំពេញ​និងកម្ពុជា​ទាំងមូលក្រោមឥទ្ធិពល​នៃជំនន់ទឹកភ្លៀង

ខណ្ឌដង្កោរងការជន់លិចយ៉ាង​ដំណំ​ ដោយមាន​គេហដ្ឋានជាង​៤,៩៧០ខ្នង និងពលរដ្ឋប្រមាណជាង ៣២០០០នាក់ត្រូវ​រងគ្រោះចាកចោល​លំនៅដ្ឋាន​បណ្តោះអាសន្ន ខណៈដែល ទូទាំងកម្ពុជាការប៉ាន់ប្រមាណដំបូងៗ គឺគេហដ្ឋាន៦ម៉ឺនខ្នងព្រមជាមួយកសិផល​ជាង ២៥ម៉ឺនហិកតាត្រូវជន់លិច ។ ​មនុស្ស២២នាក់ហើយបានត្រូវរាយការណ៍​ថា បាត់បង់ជីវិតគិតត្រឹមយប់ថ្ងៃអាទិត្យ​ ទី ១៨ ខែ​តុលានេះ ។ ប្រជាពលរដ្ឋសរុបជាង៨ពាន់គ្រួសារបានចាកចោលលំនៅដ្ឋាន​និង​ជម្លៀសទៅស្នាក់បណ្តោះអាសន្នលើទីទួលសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្រួសក្រហម ជិត៤០០គីឡូម៉ែត្រ ផ្លូវលំជាង១ពាន់គីឡូម៉ែត្រត្រូវ​ លិច​លង់ ហេដ្ឋារចនាសម្ព័នជាច្រើនរយ​គីឡូម៉ែត្រទៀតកំពុងប្រឈម​នឹងការគម្រាម​កំហែង។

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានព្រមានថា ទឺកភ្លៀងដ៏អាក្រក់ដោយសារឥទ្ធិពលនៃ​ព្យុះក្នុងតំបន់ នឹង​បណ្តាលឱ្យប្រជាជនប្រមាណជា​ ១៤០.០០០ នាក់រងផលប៉ះពាល់ រាល់ការដឹកជញ្ជូនសេដ្ឋកិច្ច ក៏ត្រូវបានរងផលប៉ះពាល់ រថយន្តដឹកទំនិញត្រូវបានហាមឃាត់ពីផ្លូវធំ ៗ ជាច្រើននៅក្នុងខេត្តដែលរងគ្រោះខ្លាំងនានា ដើម្បីចៀសវាងការបំផ្លាញបន្ថែម​។

គំរូនយោបាយជ្រៅជ្រះ ទុករាស្ត្រនិងគុណធម៌ជាធំ ព្រហ្មវិហារធម៌ជាយាន្ត

ប្រសិនពេលនេះ​មិនមែនជាគ្រាលំបាកតើពេលណាវិញ?

នៅក្នុងសន្តិភាពគ្មាន​សង្គ្រាម​ កម្ពុជាបាននឹងកំពុងជំរុញខ្លួនឯង​ ធ្វើសមហរណកម្មយ៉ាង​រលូនទៅក្នុងរបត់ឌីជីថល និង​ សហគ្រិនភាព ព្រមទាំងធុរកិច្ច​អន្តរជាតិ ​។​ ​កម្ពុជា​លេចចេញនូវ​យុវជន យុវនារីសសរទ្រូងជាតិ ស្វាហាប់ វាងវៃ គួរជាទីមោទនភាពជាបន្តបន្ទាប់លើគ្រប់វិស័យ ជាបិសេស​តួនាទីក្នុងភាពជាអ្នកដឹកនាំ ។ ​ ប៉ុន្តែ តាំងពីចុងឆ្នាំមុនមក ​វិបត្តិសេដ្ឋកិច្ច​ដោយមេរោគ​កូវីដ បូកជាមួយ​វិបត្តិនយោបាយពិភពលោក ចុងក្រោយ​គ្រោះមហន្តរាយធម្មជាតិ បានជំរុញឱ្យកូនខ្មែរ​មើលឃើញច្បាស់អំពីពាក្យ​ថា «គ្រាលំបាក ស្គាល់ចិត្តមនុស្ស» ។

​​​គិតត្រឹមម៉ោងបីរសៀល ថ្ងៃទី១៨ តុលា ២០២០នេះ សម្តេចតេជោ​ទទួលបានថវិកាចូលរួមពីសប្បុរសជនក្នុងនិងក្រៅប្រទេស ប្រមាណ 6,865,749 ដុល្លារអាមេរិកនិង 396,525,000 រៀល ៥.០០០អឺរ៉ូដែលជា​ការជំរុញ​ទឹកចិត្ត​ពលរដ្ឋរងគ្រោះឱ្យមាន​សង្ឃឹម​ឡើងវិញ ព្រមទាំង​ជឿទុកចិត្ត​លើការដឹកនាំ​នៃ​រាជរដ្ឋាភិបាលមួយ​ដែលមិនធ្លាប់មានប្រវត្តិ«បោះបង់ប្រជាពលរដ្ឋខ្លួនចោលសូម្បីម្តង» ដូចពាក្យពីបុរាណរបស់តម្រាសង្គ្រាមចិន មេទ័ពលីវ​ប៉ី ​«ទោះរាស្ត្រក្បត់ខ្ញុំ ខ្ញុំមិនក្បត់រាស្ត្រ»ចំណែក​ខ្មែរយើងមានពាក្យតរៀងមកជាទំនុកដ៏មានតម្លៃថា«កូនខុសឬត្រូវ​ម៉ែឳ មិនដែលចោល»។ មនុស្ស​ដែល​កំពុងទទួល​អំណោយទាំងសម្ភារៈ ថវិកា និងស្មារតីលើកទឹកចិត្ត​ពីប្រមុខរដ្ឋាភិបាល ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ គឺបានទទួលដោយ​មិនប្រកាន់និន្នាការនយោបាយ មិនរើងអើង​បែងចែក មិនចាត់ថ្នាក់ អ្វីទាំងអស់។

សេចក្តីមេត្តា ករុណា មុទិតា ឧបេក្ខា ជា​ឬសគល់ឧត្តុង្គឧត្តមនៃនយោបាយ​ជ្រៅជ្រះ​ដែលប្រមុខ​រដ្ឋាភិបាលកម្ពុជា​តែងតែអាចយកឈ្នះលើគ្រប់ស្ថានការណ៍​រហូតមក ហើយអ្នកនយោបាយ​ ធុរកិច្ចជន ជំនាន់ក្រោយគួរតែយកតម្រាប់តាម និងរៀនសូត្រកុំធ្វេសរំលង។

យើងមិនមែនរងគ្រោះម្នាក់ឯងទេ!

ទិន្នន័យវិទ្យាសាស្ត្រជាច្រើនបានបង្ហាញស្រេចហើយថា ព្យុះនិងទឹកជំនន់កំពុងកើតមានជាទូទៅ ដោយ​អាំងតង់ស៊ីតេនឹងបន្ត​កើនឡើងនៅទូទាំងពិភពលោក។ ក្នុងរយៈពេលឆ្នាំ​ចុងក្រោយនេះ ការយកចិត្តទុកដាក់ជាសាកលបានផ្តោតលើខ្យល់ព្យុះនិងទឹកជំនន់នេះ មិនថា នៅសហរដ្ឋអាមេរិក អាហ្វ្រិកខាងលិច ចិន​ ឥណ្ឌា ឬអាស៊ានយើងទេ។ នៅឆ្នាំ២០១៨ ការចំណាយជា​រូបិយវត្ថុត្រូវបានប៉ាន់ស្មានថាឡើង​ដល់ទៅរាប់ពាន់លានដុល្លារអាមេរិក ខណៈ មនុស្ស​រាប់ពាន់នាក់បានស្លាប់ និងរាប់លាននាក់ផ្សេងទៀត​បាត់បង់ផ្ទះសម្បែង មុខរបរ ការងារ ។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងវិទ្យាស្ថានស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ (PIK) បានបញ្ជាក់ថា ជាមួយនឹងសីតុណ្ហភាពមធ្យមរបស់ពិភពលោកដែលកំពុងកើនឡើង តំបន់ឆ្នេរនិងតំបន់ទំនាបនានា នឹងរង​ហានិភ័យខ្ពស់នៃទឹកជន់ ។ អាកាសធាតុដែលមិនមានស្ថេរភាពនឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ ដល់បណ្តាប្រទេសជាច្រើន ពិសេស នៅអាស៊ីនិងប៉ាស៊ីហ្វិកដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍ ។ ទស្សនាវដ្តី The Economist សរសេរថា “ សមុទ្រក្តៅហួតលឿននិងខ្យល់ក្តៅ អាចផ្ទុកចំហាយទឹកបានច្រើន ដែលបញ្ចេញថាមពលនៅពេលដែលវាកកស្ទះក្នុងប្រព័ន្ធអាកាសធាតុ បំបែរមកជាកម្លាំងព្យុះនិងអាំងតង់ស៊ីតេធ្វើឱ្យមានទឹកជំនន់មិនឈប់»។

វិទ្យាស្ថានស្រាវជ្រាវផលប៉ះពាល់អាកាសធាតុ ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្ររបស់​អាឡឺម៉ង់ បានប្រៀបធៀបគំរូកុំព្យូទ័រនៃបរិយាកាសនាពេលបច្ចុប្បន្ន ហើយ​ពួកគេបានរកឃើញថាភពផែនដីកំពុងជួបប្រទះនូវព្យុះភ្លៀង មិនធ្លាប់មាន​តាំងពី​ចន្លោះឆ្នាំ ១៩៨០ ដល់ ២០១០មក។

ជាមួយនោះដែរបណ្តា ក្រុមហ៊ុនធានារ៉ាប់រងនៅអាមេរិក​ ក៏បាន​មើលឃើញពីការកើនឡើងនូវគ្រោះមហន្តរាយទាក់ទងនឹងទឹក​នេះដូចគ្នា ហើយចុងក្រោយ​ អង្គការសុខភាពពិភពលោកបានប៉ាន់ប្រមាណថា ថ្លៃដើមនៃការខូចខាតដោយព្យុះទីហ្វុងកំពុងកើនឡើងច​ប្រមាណជា ៦ ភាគរយក្នុងមួយឆ្នាំៗ។ ជាមួយ​នោះWHO បាន​សង្កត់ធ្ងន់ផងដែរថា ការខាតបង់ដោយការប៉ះទង្គិចព្រោះ ទឹកជំនន់នៅអឺរ៉ុប នឹងកើនឡើង ៥ ដងក្នុងរយៈពេល ៣ ទសវត្សទៅមុខ។

ស្មារតីរួបរួម និង គុណតម្លៃនៃសេចក្តីក្លាហាន សាមគ្គីភាព​ ទុកជាតិជាធំ កូនខ្មែរ​ត្រូវប្រកាន់យក​ដើម្បីចាកចេញពីផ្នត់គំនិតអវិជ្ជមាន​ដោយពួកឆ្លៀតឱកាស បំភាន់ បំភ្លៃ បន្ទោស លាបពណ៌ និងចោទប្រកាន់ តែមិនដែលបានធ្វើអ្វី​ជាដុំកំភួនទាល់តែសោះនៅរាល់ពេលដែលរាស្ត្រមាន​ទុក្ខលំបាក។

វង្ស បុត្រា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម