អត្ថាធិប្បាយ
អត្ថាធិប្បាយ៖ យកឈ្នះកំហឹងបាន គឺឈ្នះការប្រយុទ្ធដែលមនុស្សដទៃពិបាកនឹងយកឈ្នះ
ឬសគល់នៃបញ្ហាទាំងពួងនៅលើលោកយើងនេះ កើតចេញពីអសមត្ថភាពរបស់មនុស្សយើងក្នុងការ «ព្រមរំលត់កំហឹង»។
លះបង់ការចងចាំដ៏ឈឺចាប់នានា គឺការតស៊ូផ្ទាល់ខ្លួនដ៏ធំបំផុតរបស់ខ្ញុំ ហើយខ្ញុំតែងគិតថា មនុស្សជោគជ័យម្នាក់ៗ តម្រូវឱ្យមានចិត្តទូលំទូលាយ ហ៊ានអភ័យ ហ៊ានបំភ្លេច និង មានទំនោរទៅរកឧត្តមគតិដ៏ជាក់លាក់មួយ គឺការដោះខ្សែចំណងបញ្ហា ស្រវារកលទ្ធផលថ្មី។
ប្រសិនអ្នកដែលកំពុងអានជាវិនិយោគិន សហគ្រិន អ្នកនយោបាយ បុគ្គលទំនាក់ទំនងសាធារណៈ អត្ថបទនេះសក្តិសមណាស់។

មានហេតុផលមួយចំនួនដែលខ្ញុំ សាយ ពេជ្រ អាចប្រើមកវាយតម្លៃថា សិល្បៈនៃការចេះ«យល់ព្រមទទួលយក ឬព្រមរំលត់កំហឹង »ជាសិល្បៈគ្រប់គ្រងដ៏មានប្រសិទ្ធិភាពមួយដោយសារ៖
ហេតុផលទីមួយ ទម្លាក់ចោលភាពតានតឹង
ការធុញថប់ក្នុងជីវិត ច្រើនតែជាប្រតិកម្មដែលកើតឡើងនៅពេលគ្រប់យ៉ាងមិនសមបំណងឬសូម្បីរឿងមិនសមបំណងតូចមួយសោះ ក្នុងចំណោមការសម្រេចបំណងច្រើនមកហើយក្តី នៅតែធ្វើឱ្យយើងសៅហ្មងបាន ព្រោះយើងគិតថាហេតុអ្វីសម្រេចការមកច្រើនហើយរឿងមួយនេះធ្វើមិនកើត មនុស្សម្នាក់ហ្នឹងយកឈ្នះមិនបាន?។
ជាអកុសល ទោះយើងជាអ្នកណាក្តី មានលុយ មានអំណាច មានបរិវារ មានគេគោរពកោតខ្លាច ពេលខ្លះអ្វីៗនៅតែមិនដូចដែលយើងចង់បាន ព្រោះអ្វី? ព្រោះថាយើងតែងចង់បានអ្វីមួយលើសពីលទ្ធភាព ដែលយើងធ្លាប់ធ្វើបានពីមុនមកនេះហើយជាចំណុចកំពូលនៃការរស់នៅដ៏ទាក់ចិត្តគឺយើងរមែងចង់បាន«ថែមទៀត» អ៊ីចឹងហើយដែលយើងត្រូវតែប្រឹងយកភាពជាកំពូលមួយជាន់ទៀត គឺ «គ្រប់គ្រង»ខ្លួនឯង ឱ្យយល់ព្រមទទួលយកភាពចាញ់ និងលើកលែង។
នៅពេលនោះ ការរៀនទទួលស្គាល់ថា យើងមិនមែនសុទ្ធតែអាចគ្រប់គ្រងឬដោះស្រាយស្ថានការណ៍បានជានិច្ច ការរៀនបោះបង់ចោលនូវអ្វីដែលជាចំណង់ចចេសហួសហេតុ និងទីបីសមត្ថភាពនៃការចាប់យកការពិត ព្រមទាំងទទួល«យល់ព្រម» បោះបង់ អភ័យនិងបំភ្លេចជាកំពូលសមត្ថភាពពិតប្រាកដនៃការរស់នៅ ក៏ជាវិធី បន្សាបទុក្ខព្រួយកង្វល់នានា ហើយពេលនោះ ភាពជាអ្នកដឹកនាំកំពូលក៏លេចចេញមក ។
ហេតុផលទីពីរ មនុស្សដែលមិនអាចដឹកនាំខ្លួនឯងពិបាកដឹកនាំអ្នកផ្សេងទៀតណាស់
ជាញឹកញាប់ យើងមានការធុញថប់ ការថប់បារម្ភ ខឹងសម្បារខុសពីចរិតធម្មជាតិពីវ័យក្មេងៗ ។ ការធ្លាក់ទឹកចិត្ត ជាអ្វីដែលបានកើតឡើងនៅពេលជួបរឿងខកបំណងច្រើនពេកហើយយើងមិនមានសមត្ថភាពអាចបញ្ឈប់ខ្លួនឯងពីការគិតរឿងទាំងនោះបាន។
ឧទាហរណ៍ មនុស្សម្នាសុទ្ធតែនិយាយពាក្យមិនពិត ការរំពឹងនានាតែងតែជះផលត្រឡប់មកធ្វើឱ្យខូចចិត្ត។ល។
ជាធម្មជាតិ មនុស្សយើងឈ្លក់វង្វេងនឹងអតីតកាល ហើយព្រមចមណាយបច្ចុប្បន្នកាលទៅប្រឈមជាមួយ រឿងរ៉ាវមិនល្អដែលថតជាប់ក្នុងក្បាលយើងឡើងវិញម្តងហើយម្តងទៀត។ យើងមានកំហឹងនៅពេលត្រូវប្រឈមមុខនឹងស្ថានភាពអសកម្ម ហើយយើងព្រួយបារម្ភឥតឈប់ឈរអំពីអនាគត ការព្យាយាមគិតតាមរយៈសេណារីយ៉ូផ្សេងៗគ្នា ស្ថានការណ៍រស់នៅដែលត្រូវប្រុងប្រយ័ត្នត្រៀមខ្លួនសម្រាប់អ្វីដែលអាចនឹងកើតឡើង។ល។សុទ្ធតែជាបញ្ហាដែលញាំញីជីវិតមនុស្សគ្រប់គ្នា។
ប៉ុន្តែ សកម្មភាពនោះមិនអាចទៅផ្លាស់ប្តូរអ្វីៗដែលបានកើតឡើងនៅអតីតកាលបានវិញទេ។ តែយើងខ្លួនឯងមានអំណាចអាចផ្លាស់ប្តូរអ្វីដែលបម្រុងនឹងកើតឡើងនៅក្នុងពេលបច្ចុប្បន្នឬពេលអនាគតបាន។
ដូច្នេះយើងចាំបាច់ត្រូវទុកចោលទុកសោកនោះទៅម្ខាងដោយបំភ្លេចនិងអភ័យ។ ការរស់នៅជាមួយភាពប្រុងប្រយ័ត្ន សង្ស័យជានិច្ច និងពិបាកទុកចិត្តអ្នកណាម្នាក់ ជាសញ្ញាព្រមាននៃជំងឺDepression ដែលជាជំងឺផ្លូវចិត្តដ៏កំណាចនឹងស៊ីវិល័យហើយអាចបំផ្លាញមនុស្សបានសូម្បីតែរឹងមាំ ពេញកម្លាំងយ៉ាងណាក្តី។
ហេតុផលទីបី ត្រូវបន្ធូរដៃព្រោះការក្តាប់ណែនពេកនឹងបំផ្លាញនំឱ្យខ្ទេចបាន
ប្រតិកម្មខឹងឬអាក់អន់ចិត្តជាមួយមនុស្សម្នាជារឿងធម្មតាសម្រាប់យើងគ្រប់គ្នាប៉ុន្តែភាពខ្លាំងរបស់មនុស្សខុសគ្នាត្រង់វិធីគ្រប់គ្រងកំហឹង។ ត្រូវប្រាប់ខ្លួនឯងថា យើងចង់បញ្ជាឬចង់ឃើញ នរណាម្នាក់ប្រព្រឹត្ដតាមរបៀបមួយដែលយើងយល់ថាល្អ ប៉ុន្តែយើងមិនមែនចេះតែអាចបង្ខំពួកគេធ្វើតាមរបៀបយើងគិតនោះទេ ព្រោះគេជាមនុស្សដែរ គេក៏មានគំនិតធ្វើការផ្ទាល់ខ្លួន។ វិធីគ្រប់គ្រងមនុស្សដែលជោគជ័យ គឺការប្រើមនុស្សឱ្យខុសពីម៉ាស៊ី គឺអនុញ្ញាត្តិឱ្យពួកគេប្រើវិធីផ្ទាល់របស់ពួកគេនាំជោគជ័យមកឱ្យយើង ជាជាងមកស្តាប់វិធីសាស្ត្ររបស់យើង។
លើសពីនេះទៅទៀត នៅពេលដែលយើងមិនអាចយល់ដល់ចំណុចនេះ ការគ្រប់គ្រង នឹងលេចចេញជាបញ្ហាអន្តរាយដល់ទំនាក់ទំនងរវាងយើងជាមួយមនុស្សម្នាក់ទៀតដែលនេះជាកម្សោយនៃទំនាក់ទំនងក្នុងសិល្បៈគ្រប់គ្រងមនុស្ស។
ការខឹងសម្បារឬការអាក់អន់ចិត្តជាមួយពួកគេនឹងក្លាយជាសត្រូវនៃការកសាងគ្រឹះទំនាក់ទំនងមាំទាំរវាងយើងជាមួយពួកគេដែលនាំឱ្យសមត្ថភាពនៃការដឹកនាំដើរថយក្រោយ។
ហេតុផលទីបួន អនុញ្ញាតឱ្យអ្នកដទៃធ្វើជា«ខ្លួនពួកគេ»កុំព្យាយាមធ្វើជាអ្វីដែលយើងចង់ឃើញ
សម្បទានលើអារម្មណ៍ដែលគ្រប់គ្នាសមនឹងទទួលបានគឺភាពស្មោះត្រង់ ទៅវិញទៅមក ប៉ុន្តែមេដឹកនាំល្អម្នាក់ ត្រូវទទួលស្គាល់ថា យើងទាំងអស់គ្នាជាមនុស្សដូចគ្នា ហើយយើងនឹងធ្វើកំហុសវាងមិនរួចទេ។ យើងក៏មិនល្អឥតខ្ចោះហើយក៏មិនរំពឹងថាមានអ្នកផ្សេងមកល្អឥតខ្វោះដែរ។
ការឆ្លើយតបដោយកំហឹងជាធម្មតាមិនអាចជួយអ្វីបានទាំងអស់ ដោយគ្រាន់តែធ្វើឱ្យអ្នកដទៃឈឺចាប់ឬរកល្បិចមកការពារខ្លួនគេដោយវិធីផ្សេងៗ ហើយនឹងបង្ហាញអំពីធាតុពិតក្នុងសមត្ថភាពគ្រប់គ្រងចិត្តរបស់យើង។
ផ្ទុយទៅវិញប្រសិនបើពួកគេបានធ្វើឱ្យយើងឈឺចាប់ឬរំខានខ្លាំងសូមរើសយកវិធីនិយាយពន្យល់ដោយចំហរ ហើយចាកចេញបំភ្លេចពួកគេចោល។

ហេតុផលទីប្រាំ ភាពមិនឆេវឆាវ ក្រអឺតក្រទមនឹងយកឈ្នះរាល់ការប្រយុទ្ធដែលពិបាកបំផុតក្នុងលោក
ភាពជាអ្នកដឹកនាំ គឺមិនមែនជាសមត្ថភាពនៃការបង្កើតភាពវឹកវរទេ។ មិនថានៅក្នុងអាជីវកម្មឬក្នុងជីវិតឯកជនឡើយ ចង់ធ្វើជាអ្នកដឹកនាំជីវិតយើងឬអ្នកដទៃ គឺត្រូវបង្កើនសមត្ថភាពនៃការបញ្ចប់ជម្លោះ។
ព្រះពុទ្ធអង្គបានរារាំងសង្គ្រាមជាច្រើននៅក្នុងលោក ហើយទ្រង់បានផ្តល់នូវពុទ្ធិទុកមកថា
«ការផ្លាស់ប្តូរមិនដែលឈឺចាប់ទេ មានតែភាពធន់ទ្រាំទៅនឹងការមិនហ៊ានផ្លាស់ប្តូរប៉ុណ្ណោះដែលឈឺចាប់» មនុស្សធម្មតា ចង្អុលអ្នកដទៃឱ្យផ្លាស់ប្តូរ ចំណែកមេដឹកនាំតែងតែមានវិធីក្នុងការផ្លាស់ប្តូរខ្លួនឯងដោយស្ងប់ស្ងៀម និងមានប្រសិទ្ធិភាព។
មេដឹកនាំណាម្នាក់ អាចបង្កើតភាពជាគម្រូចេញពីខ្លួនឯងបាន នឹងអាចបង្កើតចលនាដឹកនាំប្រកបដោយប្រសិទ្ធភាពគ្មានដែនកំណត់ទេ។ ព្រះពុទ្ធជាគំរូមួយសម្រាប់ការគិតនិងការប្រព្រឹត្ដដោយវិជ្ជមាន ហើយឧទាហរណ៏ដ៏មានឥទ្ធិពលមួយនៃរឿងនេះគឺសកម្មភាពនៃការចាកចេញពីអ្វីគ្រប់យ៉ាង ដែលទ្រង់បានដឹង ដើម្បីស្វែងរកការបំភ្លឺ។ បន្ទាប់ពីនោះ ទ្រង់បានឧទ្ទិសខ្លួនឯងដល់អ្នកដទៃ ហើយត្រេចចរផ្សព្វផ្សាយនូវពុទ្ធិ។
គិតអំពីឧទាហរណ៍នេះហើយ ប្រសិនយើងចងក្លាយជាអ្នកដឹកនាំ ប៉ុន្តែនៅរក្សាភាពច្របូកច្របល់ជាមួយកំហឹងនិងចង្អុលរកកំហុស តើអ្នកណាដែលចង់ធ្វើតាមដោយសុទ្ធចិត្ត?
សាយ ពេជ្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី