ការរិះគន់ផ្កាប់មុខ បែប​បំផ្លិចបំផ្លាញ ជាចេតនា​ទុច្ចរិត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

អត្ថាធិប្បាយ

ការរិះគន់ផ្កាប់មុខ បែប​បំផ្លិចបំផ្លាញ ជាចេតនា​ទុច្ចរិត

Published

on

ទស្សនវិទូក្រិក លោក អារីស្តូតបន្សល់ទុកពាក្យមកថា ចង់ឱ្យគ្មាន​ការរិះគន់ មិនពិបាកទេ គ្រាន់តែមិននិយាយអ្វី មិនធ្វើអ្វីទាំងអស់ ពុំនោះទេ ជីវិត​រមែង​រងការរិះគន់ ព្រោះមនុស្ស​ដែលចំណាយពេលចង្អុលអ្នកដទៃ​លើចំណុចមិនល្អមាន​ច្រើន​ជាងអ្នកមកលើកតំកើងគ្នា។

លោកបានសរសេរទៀតថា មានតែ​មនុស្ស​ល្ងង់ខ្លៅទេ ដែលព្រមឱ្យការ​សរសើរឬរិះគន់ចូលមកបំពុលខ្លួនឯងបាន។

ការរិះគន់ដែល​មាន​លក្ខណៈជំទាស់ផ្កាប់មុខ ជា​រោគសញ្ញាផ្លូវចិត្ត​និងជាចេតនាទុច្ចរិត

ក្នុងនាមជាមនុស្ស យើងនឹងធ្វើខុស ព្រោះគ្រប់គ្នាមិនល្អឥតខ្ចោះទេ ហើយ​កំហុសរបស់យើងអាចទាក់ទាញការរិះគន់ពីអ្នកដទៃអាស្រ័យ​កម្រិត​តួនាទីនិងឥទ្ធិពល​យើងដែល​កាន់តែ​ធំកាលណា ទាក់ទាញ​រិះគន់ច្រើនឡើងកាលណោះ ព្រោះគ្រប់គ្នា​រមែង​សម្លឹងឆ្ពោះមក។

ទោះបីម​នុស្សជាច្រើនឱ្យតម្លៃលើការសរសើរ លើកទឹកចិត្ត​ ច្រើនជាងការរិះគន់ព្រោះការ​​សរសើរនាំមកនូវអារម្មណ៍សប្បាយរីករាយ ឯពាក្យ​រិះគន់បង្កើត​អារម្មណ៍មិនល្អដោយស្វ័យប្រវត្តិ។ ទោះយ៉ាងណាក៏ដោយការរិះគន់ភាគច្រើន ជាឱកាសដើម្បី យើង​ដឹងខ្លួន ចេះកែលំអខ្លួននិងរីកចម្រើន​ដោយខ្លួនឯងជាជាងការសរសើរដែលមិនពិត គ្រាន់តែផ្គាប់ចិត្ត។

ប៉ុន្តែ មានផលប៉ះពាល់ច្រើន ពី​ការរិះគន់ដែលមាន​ចេតនាផ្ទុយពីគោលបំណង​បង្កើតការរីកចម្រើន នោះគឺការរិះគន់ទាញទម្លាក់ បំបាក់មុខ​ឬមានគោលដៅ​ចង់​ធ្វើឱ្យបរាជ័យ​តែម្តង​
ដែលជាទូទៅ​ការរិះគន់​ប្រភេទ​នេះ​ត្រូវបានចាក់ឫសនៅក្នុងឥរិយាបថរបស់មនុស្ស អមជាមួយ ការស្តីបន្ទោស ការចង្អុលបង្ហាញតែ​ផ្នែកអវិជ្ជមាន និងប្រើសម្តីវាយប្រហារ​អ្នកណាម្នាក់ ដើម្បីខ្លួនឯងក្លាយជាមនុស្សដែលគ្រាន់បើជាង។

នេះគឺជាយុទ្ធសាស្ត្រជាក់ស្តែងមួយចំនួន ដែលមនុស្ស​សម័យនេះ និយមប្រើដើម្បីឱ្យខ្លួនគេ​ទទួលបានអត្ថប្រយោជន៍ពីការរិះគន់ទាំងនោះ​ ទាំង​មិនអើពើនិងការ​បំផ្លិចបំផ្លាញដោយសម្តី​របស់ខ្លួន គួរហៅថា ការរិះគន់បែប​បំផ្លិចបំផ្លាញធ្វើឡើងដោយមានចេតនាចង់ឃើញ​ការ​ឈឺចាប់ វាយខូចកេរ្តិ៍ឈ្មោះ វាយលុកសមត្ថភាពជំនាញ អាជីព បុគ្គលភាព​ជាសាធារណៈ សើចចំអកមាក់ងាយគំនិតអ្នកដទៃ ។ល។ដែលជាមធ្យោបាយទុច្ចរិតប្រើដោយមនុស្ស​ខ្លួនឯងអសមត្ថភាពពិតតែម្តង​ហើយមាន​គំនិតច្រណែន​និន្ទាច្រើន។

ប្រសិនយល់ហើយថា ​នោះជា​ទង្វើទុច្ចរិតហេតុអ្វីបណ្ឌិតត្រូវអើពើ អជ្ញាធរត្រូវ​ព្រងើយ?

ថ្ងៃខ្លះ បើកភ្នែកមក​ក៏ត្រូវបានធ្វើឱ្យខូចចិត្ត​ដោយសារ ការអត្ថាធិប្បាយ ឬមតិ អត្ថបទ ព័ត៌មានដែល វាយប្រហារ ញុះញង់ មួលបង្កាច់ គៃបន្លំមតិ និងប្រឌិតកេងចំណេញ ចំណែក​យើងត្រូវ​ឈឺចាប់និងវិលវល់ មិនដឹងតវ៉ាតាមរបៀបណា?

កុំគិតថា រឿងនេះ​កើតមានចំពោះតែយើងម្នាក់ឯង! មនុស្សជាច្រើនបានរងឥទ្ធិពលពីការរិះគន់ក្នុង ពិភពលោកមួយ​ដែលប្រព័ន្ធឌីជីថលកំពុង​អនុញ្ញាត្តិឱ្យបុគ្គលអាក្រក់ៗ អាចប្រព្រឹត្តិ ការ​រំលោភលើអ្នកដទៃបាន ទាំងការឆ្មក់ថត​រូបភាព ទាំងការបង្ហោះផ្សាយមិនមាន​ការអនុញ្ញាត្តិ ​ហើយខ្លួនគេលាក់មុខយ៉ាងអនាមិកដោយ​កម្សាក។

មធ្យោបាយមានតែពីរ គឺ​ត្រូវបញ្ចប់ការនិយាយទុច្ចរិត ឬឈប់ស្តាប់មនុស្ស​កម្សាកអស់ទាំងនោះ។ ប៉ុន្តែ​ត្រូវចាំថា ចេតនាទិតៀននៃការរិះគន់ប្រកបដោយការបំផ្លិចបំផ្លាញ គឺដើម្បីធ្វើបាប បង្កការឈឺចាប់ បំផ្លាញឱ្យអន្តរាយនិងជះឥទ្ធិពលអាក្រក់ច្រើនទៀតដូច្នេះមនុស្សកម្សាកនឹង​មិនបញ្ឈប់ងាយឡើយ។  ប្រសិន​បើការចាត់វិធានការណ៍ច្បាប់ជារឿងចាំបាច់ គេគួរប្រញាប់ធ្វើ ព្រោះថា ការព្រងើយកន្តើយចំពោះការរិះគន់មិនមែនជាជម្រើសល្អទេក្នុងរឿងមួយចំនួន​។

ប្រសិនបើអ្នកណាម្នាក់ រងការរិះគន់បំផ្លិចបំផ្លាញជាប្រចាំនោះ គួរតែរាយការណ៍ទៅសមត្ថកិច្ច​និងរកវិធានការណ៍ច្បាប់ ប្រឆាំការរំលោភបំពានឥតឈប់ឈរបែបនេះដោយស្ងាត់ស្ងៀមឡើយ។

គ្រប់គ្រងអារម្មណ៍មិន​ចេញប្រតិកម្មទាំងកំហឹងហើយ​បង្កើនការ​គោរពខ្លួនឯង

មនុស្ស​កំពុង​បុកមករកចំណុចខ្សោយរបស់យើង ឱ្យយើង​វិលវល់ វង្វេងនិទោសៈ ដូច្នេះស្វែងរកការបំភ្លឺ តែរក្សាភាពស្ងប់ហើយកត់សម្គាល់ពិចារណាលើយោបល់ទាំងនោះសិនថា មួយណាជា​ចេតនា​ស្ថាបនា មួយណាជាចេតនា​ទុច្ចរិត​។ ការរិះគន់ក្នុងន័យស្ថាបនាជារឿយៗយើង​តែង​អាចរៀនបានច្រើនហើយ​នោះជាផ្នែកមួយនៃជីវិតរស់នៅដែលយើងគ្រប់គ្នា​ត្រូវការ​ដូច្នេះគ្រប់គ្នា​គួរតែរៀនពីរបៀបដើម្បីទទួលបានមតិកែលម្អ និងរបៀបមិនយកចិត្តទុកដាក់ឬវាយបកទៅនឹងមតិយោបល់ដែលបង្កអន្តរាយកើតចេញពីការរិះគន់បែបបំផ្លិចបំផ្លាញ។

នៅពេលចាំបាច់ខ្លះ​យើងគួរប្រាប់អ្នកផង​អំពីអារម្មណ៍យើង​ថាវា​យ៉ាងណាចំពោះបញ្ហាបំពារបំពាននោះ។ ធម្មតា​ យើង​ចាំបាច់ថែរក្សាសន្តិភាពជាមួយបណ្តាញ​និងមនុស្សម្នាក្នុងសង្គមរស់នៅ តែ​ការអត់ធ្មត់ច្រើនជ្រុលដើម្បីចៀសវាងជម្លោះ មិនមែនជាមធ្យោបាយតែមួយគត់ទេ ព្រោះមនុស្ស​ទុច្ចរិត​តែជ្រៀតចូលតាមចំណុចខ្សោយនេះ ហើយធ្វើការ​វាយប្រហារ​។ សម្តីខ្លះអាចបង្កឱ្យមនុស្ស​ស្លាប់បាន ដូចជាការរិះគន់ច្រំដែលនិងងងឹតងងល់ ការវាយប្រហារ​ថ្កោលទោស លាតត្រដាងរឿងបុគ្គល ។ល។ មនុស្ស​បែបនេះជាឧក្រឹដ្ឋជនដែលពុំសមនឹងទទួលបានការយោគយល់អធ្យាស្រ័យ​អ្វីឡើយ។

កាត់ផ្តាច់ទំនាក់ទំនង​ជាមួយមនុស្សដែលមានគ្រោះថ្នាក់ទាំងនោះ
ពិភពលោកនេះបង្កើតមកនូវមនុស្សច្រើនប្រភេទផ្សេងៗគ្នា ហើយក្នុងចំណោមនោះ​ អ្នកខ្លះរស់នៅមកដើម្បីតែនឹងច្រណែន​ ថ្លឹងថ្លែង រឿង​អ្នកដទៃ។ គ្រប់គ្នា​អាចកាត់ផ្តាច់អន្តរកម្មជាមួយមនុស្បប្រភេទដែលមានលំនាំនៃការរស់នៅ ការ​គិត និង​បង្កការ​វាយប្រហារលើអ្នកដទៃមិនរើសមុខ ជាមួយ​ចរិត​រិះគន់អវិជ្ជមាន។ កាត់ចោលតំណភ្ជាប់ជាមួយមនុស្សប្រភេទនេះជា​រឿងអទិភាព។

រឿងសំខាន់ដែលត្រូវចងចាំគឺថា កាលៈទេសៈណាក៏ដោយកុំឆ្លើយតបដោយកំហឹង ព្រោះអាចជាអន្ទាក់ដែលពួកគេចង់បានឱ្យមានឈុតឆាកមិនល្អហើយបំផ្លាញរូបភាពក្នុងសង្គម​របស់យើង។

ព្យាយាមរក្សាភាពស្ងប់ស្ងាត់និងប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយការគោរព យោគយល់។ ការធ្វើបែបនេះនឹងជួយដោះស្រាយស្ថានភាព  បង្ហាញថា យើងជាមនុស្សខ្លាំងមិនជាប់នុយ មិនបាត់បង់​ការគ្រប់គ្រងខ្លួនឯងឬនិយាយក៏ដូចជាធ្វើអ្វីមួយដែលអាចធ្វើឱ្យខូចខាតបាន។ មនុស្ស​កំពុង​រិះគន់អ្នកដទៃ មិនដែលរស់ក្នុងសុភមង្គលបានទេ ហើយថ្ងៃណាមួយ​គេថែមទាំង​នឹងត្រូវ​បាត់បង់សូម្បីតែ​ស្មារតី​ខ្លួនឯង ព្រោះ​ឥទ្ធិពលនៃការគិតអវិជ្ជមាន ​ដែលសន្សំទុកសម្រាប់ព្យាបាទជីវិតខ្លួនគេ។​

សាយពេជ្រ

Click to comment

Leave a Reply

Your email address will not be published.

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម