Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង កំពុងគិតអ្វីខ្លះ ក្រោយ Joe Biden ជាប់ឆ្នោត

បានផុស

នៅ

ក្រុមអ្នក​ឃ្លាំ​មើល​កូរ៉េខាងជើង បាន​និយាយ​នៅ​ថ្ងៃ​អង្គារ៍នេះថា រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង កំពុង​សម្លឹងមើល​ដោយ​ប្រុង​ប្រយ័ត្ន​បំផុតទៅ​លើ​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​របស់​លោក Joe Biden និង​រដ្ឋាភិបាល​ថ្មី​នៅ​អាមេរិក ដែល​អាច​នឹង​ត្រូវ​ការ​ពេល​វេលាយូរបន្តិចដើម្បី​រៀប​ចំ​គោល​នយោបាយ​ថ្មី​ចំពោះ​កូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លើក​ឡើង​នេះ គឺ​ក្រោយ​ទូរទស្សន៍​រដ្ឋ​កូរ៉េខាងជើង បាន​រាយការណ៍​ពី​ជ័យជម្នះ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​របស់លោក Joe Biden ក្លាយ​ជា​ប្រធានាធិបតី​ទី ៤៦ របស់សហរដ្ឋអាមេរិក។

ក្រុមអ្នក​ឃ្លាំ​មើល​និយាយ​ថា អ្វីកូរ៉េខាងជើង ចង់ដឹង​មុនគេបង្អស់ពី​រដ្ឋាភិបាល​លោក Biden គឺថា មន្ត្រី​ការទូត​កំពូល​រូបណា ត្រូវជ្រើស​ជាអ្នក​ទទួល​ខុស​ត្រូវ​ដោះ​ស្រាយបញ្ហាសេសសល់ជាមួយប្រទេស​ខ្លួន។

លោកសាស្ត្រាចារ្យ Cheong Seong-chang នៃ​វិទ្យាស្ថាន Sejong Institute ក្នុង​ទីក្រុងសេអ៊ូល និង​ត្រូវជាមិត្តស្និត​ស្នាលនៃ​​មន្ត្រី​របស់​ Wilson Center មាន​មូលដ្ឋាន​នៅរដ្ឋធានីវ៉ាស៊ីងតោន បាននិយាយថា កូរ៉េខាងជើង ពេលនេះកំពុង​ធ្វើ​ដូច​ជា​ខ្លួន​មិន​យក​ចិត្ត​ទុកដាក់​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​អាមេរិក នោះ​ឡើយ តាម​រយៈ​ការ​បង្ហាញ​ជាផ្លូវការ​លើ​កញ្ចក់ទូរទស្សន៍​រដ្ឋរបស់ខ្លួន។ តែការពិត មេដឹកនាំ​កូរ៉េខាងជើង គឺយក​ចិត្តទុក​ដាក់​លើ​លទ្ធផល​បោះឆ្នោត​នេះជាខ្លាំង ព្រោះ​ការ​ប្រែប្រួល​ក្នុង​រដ្ឋបាល​សហរដ្ឋអាមេរិក អាច​ជះឥទ្ធិពល​ខ្លាំង​ទៅលើ​សន្តិសុខជាតិ​កូរ៉េខាងជើង។

លោក Cheong បន្ត​ថា កូរ៉េខាងជើង អាច​នឹង​ខក​ចិត្ត​ជាមួយលទ្ធផល​បោះឆ្នោតនេះ ដោយ​សារ​តែ គីម ជុងអ៊ុន គឺ​ធ្លាប់​មាន​ទំនាក់​ទំនង​ល្អជាមួយ​ប្រធានាធិបតីអាមេរិក Donald Trump ហើយកូរ៉េខាងជើង ក៏មិន​ចាំបាច់​បារម្ភ​ច្រើន បើ​សិន​ជា​លោក​ Trump ជាប់​ឆ្នោត​ជាថ្មីនោះ។ លោកថា ពេល​នេះ កូរ៉េខាងជើង កំពុង​បានរម្ភ ប្រធានាធិបតី​ថ្មី Joe Biden អាច​នឹង​បង្កើន​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​ទៀត​លើ​ប្រទេស​ខ្លួន ឬ​យ៉ាងណា ក្រោយ​ឡើង​កាន់​អំណាច​ជាផ្លូវការ​នា​ខែមករា ឆ្នាំ២០២១ ខាងមុខ។

ទោះមាន​ការលើកឡើងយ៉ាងនេះក្តី ប៉ុន្តែក្រុមអ្នកឃ្លាំមើលនយោបាយឧបទ្វីបកូរ៉េ កន្លងមកនេះធ្លាប់លើកឡើងជារឿយៗថា កូរ៉េខាងជើង ប្រហែលជាមិនសម្ងំស្ងៀមនោះឡើយ បើ​សិនជាលោក Joe Biden ជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់អាមេរិកមែននោះ ដោយអាច​នឹង​ធ្វើ​ឲ្យពិភពលោក​ភ្ញាក់ផ្អើល ជាមួយការបាញ់​សាកល្បង​មីស៊ីលជាថ្មី៕

ប្រែសម្រួល៖ សុភា
ប្រភព៖ The Korea Times

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម