ពិភពលោក ពេលនេះនៅ​សល់កន្លែង​ណា​ខ្លះដែលគ្មានវីរុសកូវីដ ១៩? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

ពិភពលោក ពេលនេះនៅ​សល់កន្លែង​ណា​ខ្លះដែលគ្មានវីរុសកូវីដ ១៩?

Published

on

បើ​និយាយ​ពីអាហ្សង់ទីន ទៅដល់​ហ្ស៊ីមបាវ៉េ ពីបុរីវ៉ាទីកង់ នៅ​អ៊ីតាលី ទៅដល់សេតវិមាន នៅអាមេរិក ពី​វិមាន​គ្រែមឡាំង របស់​រុស្ស៊ី មកដល់​ទីក្រុងភ្នំពេញ គ្មាន​កន្លែង​ណាមួយ គ្មាន​ការ​រាតត្បាត​ជំងឺកូវីដ ១៩ នោះទេ។ ក៏ប៉ុន្តែ​ មិន​មែន​ជុំវិញពិភពលោក សុទ្ធ​តែ​គ្មានកន្លែងស្រស់ស្អាត គ្មានកូវីដ ១៩ អុកឡុក​នោះ​ដែរ ក្នុង​នោះនៅ​មាន​ប្រទេស​ចំនួន ២ ទ្វីបចំនួន ១ និង​ប្រជាជាតិ​ដែន​កោះ នៅ​មហាសមុទ្រប៉ាស៊ីហ្វិកចំនួន ៥ផ្សេងទៀត សុទ្ធតែ​មិន​ទាន់​ការ​ឆ្លង​ករណី​កូវីដ ១៩។

ប្រទេស Tonga

នៅឯតំបន់មហាសមុទ្រប៉ាស៊ីហ្វិក​ខាង​ត្បូង មាន​ដូច​ជាប្រទេស Tonga, Kiribati, Samoa, Micronesia និង​ប្រជាជាតិ​ដែន​កោះ Tuvalu សុទ្ធតែ​មិន​ទាន់​រក​ឃើញ​ករណី​កូវីដ ១៩ សូម្បីតែ​មួយ ធ្វើ​ឲ្យ​ប្រជាជាតិ​ដែន​កោះទាំង​នោះ មាន​បរិយាកាស​បរិសុទ្ធ ខ្យល់​អាកាស​ស្រស់ថ្លា សម្រាប់​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​។

យោង​តាម​លោក Paula Taumoepeau ប្រធានសភា​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ ប្រទេស Tonga បញ្ជាក់​ថា ប្រទេស​លោក​អាច​ទប់​ស្កាត់​កូវីដ ១៩ ដោយ​ជោគជ័យ ១០០% គឺ​ដោយ​សារ រដ្ឋាភិបាល​បាន​សម្រេច​ផ្អាក​ការ​ចូល​ចត​គ្រប់​នាវា​ទេសចរណ៍ និង​បិទ​ជើងហោះហើរទាំង​អស់ ចាប់​តាំងពី​ខែ​មីនា មកម៉្លេះ។ លោកថា រដ្ឋាភិបាល​សម្រេច​ចិត្ត​បិទ​ប្រទេស​មក​ទល់​នឹង​ពេល​នេះ គឺ​ដើម្បី​ការពារ​ជីវិត​ពលរដ្ឋសរុបប្រមាណ ១សែននាក់ ដែល​កំពុង​រស់នៅ​លើ​កោះ​នេះ ខណៈ​ចំនួន​ស្លាប់​នៅ​ត្រឹម​តែ​សហរដ្ឋអាមេរិក គឺច្រើន​ជា​ចំនួន​ប្រជាជន​សរុបលើ​កោះ​របស់​លោក​ដល់​ទៅ​ជាង ២ដង​ទៅហើយ។

“ខ្ញុំគិត​ថា រដ្ឋាភិបាល​ធ្វើការ​ងារ​បានល្អ ក្នុង​ការ​ទប់ស្កាត់​កូវីដ ១៩ ឲ្យចាក​ចេញ​ពី​ប្រទេស Tonga ប៉ុន្តែវា​ក៏​ប៉ះពាល់​ធ្ងន់ធ្ងរដូច​គ្នា​ទៅ​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម ពិសេស​វិស័យ​ទេសចរណ៍​ និងសេវាស្នាក់​នៅ​តែម្តង”។ នេះ​ជាការ​បញ្ជាក់​បន្ថែម​ពី​លោក Taumoepeau។

ប្រទេស Samoa

ពិតណាស់ ប្រជាជាតិ​ដែន​កោះ​ប៉ាស៊ីហ្វិក​ខាងត្បូង ភាគច្រើន​ពឹង​ផ្អែក​លើ​វិស័យ​ទេសចរណ៍ ដែលជា​ប្រភពចំណូល​ធំបំផុតសម្រាប់ប្រទេស​ខ្លួន ខណៈ​ស្ថានភាព​កូវីដ ១៩ បើ​ទោះ​ជា​មិន​បាន​រាតត្បាតក្នុង​ប្រទេស​ទាំង​នោះ ប៉ុន្តែ​អត្រា​បាត់បង់ការងារ​ធ្វើ និង​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ចជាតិ សុទ្ធតែ​កំពុង​កើតមាន​ក្នុង​ប្រទេស​របស់​ពួកគេ។

យ៉ាង​ណា ការសម្រេច​ចិត្ត​របស់រដ្ឋាភិបាល​ប្រជាជាតិ​ដែន​កោះទាំង​នោះ នៅ​តែ​ជារឿងត្រឹម​ត្រូវ ព្រោះ​ប្រទេស​របស់​ពួកគេ ភាគច្រើន​ជា​ប្រទេស​ក្រីក្រ មាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ បើ​ពិត​ជាមាន​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩ នៅ​ទីនោះ វា​នឹង​ធ្ងន់ធ្ងរ​ខ្លាំង​មិន​ខាន។

ជាមួយ​គ្នានេះ ក្រៅ​ពី​ដែន​កោះ​ទាំង ៥ខាងលើ នៅ​មាន​ប្រទេស​ ២ និង​ទ្វីប​មួយផ្សេងទៀត មិនធ្លាប់​រាយការពី​ករណី​ជំងឺកូវីដ ១៩ សូម្បី​តែមួយករណី ក្នុងនោះ​មាន ប្រទេស​កូរ៉េខាងជើង ស្ថិតនៅ​តំបន់អាស៊ីបូព៌ា ​ប្រទេសតួកម៉េនីស្ថាន ស្ថិតក្នុង​តំបន់អាស៊ីកណ្តាល និង​ទ្វីបអង់តាក់ទិក ដែល​កន្លែង​ទាំង​នេះ សុទ្ធ​សឹង​មិន​មាន​ករណី​ឆ្លង​កូវីដ ១៩៕

ប្រទេស តួកម៉េនីស្ថាន

ប្រែសម្រួល៖ សុភា
ប្រភព៖ Japan Times  

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម