Donald Trump ចាញ់ឆ្នោតភ្លាម មេទ័ពធំៗរបស់អាមេរិក និងចិន ជួបពិភាក្សាគ្នាភ្លែត – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានអន្ដរជាតិ

Donald Trump ចាញ់ឆ្នោតភ្លាម មេទ័ពធំៗរបស់អាមេរិក និងចិន ជួបពិភាក្សាគ្នាភ្លែត

Published

on

យោធា​អាមេរិក ចិន កាល​ពី​ថ្ងៃ​ពុធ បាន​បើក​កិច្ច​ប្រជុំ​រួមគ្នារយៈពេល ៣ថ្ងៃ ពិភាក្សាលើ​បញ្ហា​សំខាន់ៗមួយចំនួន ដូចជាកិច្ចប្រឹងប្រែង​គ្រប់គ្រង​ស្ថានភាព​រាតត្បាត​ជំងឺកូវីដ ១៩ ជំនួយមនុស្សធម៌ និង​ការពារគ្រោះ​មហន្តរាយ​ធម្មជាតិ​ជាដើម។

កិច្ច​ពិភាក្សា​នេះ គឺ​ជា​ព្រឹត្តិការណ៍​កម្រ​មួយ​រវាង​យោធាអាមេរិក និង​ចិន ស្របពេល​ដែល​ភាព​តាន​តឹង​របស់​មហាអំណាច​យោធាទាំង​ពីរ កំពុង​ពុះកញ្ជ្រោល​ខ្លាំង​ក្នុង​រដ្ឋកាល​លោក Donald Trump កាន់​អំណាច។

យោង​តាម​សេចក្តីថ្លែងការ​ណ៍ពី​ក្រសួង​ការពារ​ជាតិ​ប្រទេស​ចិន កិច្ច​ពិភាក្សា រាប់​បញ្ចូល​វិធីទប់ស្កាត់ ការពារ​កូវីដ ១៩ កិច្ចសហការ​ឆ្លើយតបសម្រាប់​គ្រោះទឹក​ជំនន់ និង​ព្យុះទីហ្វុង ក៏​ដូច​ជា​កិច្ច​សហប្រតិបត្តិការណ៍ទាំង​ស៊ីវិល និង​យោធា រវាងប្រទេស​ទាំង​ពីរ។

កិច្ចប្រជុំ​នេះ ធ្វើ​ឡើង​តាម​រយៈ​វីដេអូអនឡាញ ដោយ​ភាគី​ចិន នៅទីក្រុងណានជីង ខេត្តជៀនស៊ូ ខណៈ​ភាគីអាមេរិក ចូល​រួម​ពី​កោះ​ហាវ៉ៃ។

ក្រុមអ្នក​សង្កេតកិច្ចការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ លើក​ឡើង​ថា នេះជា​កិច្ច​ប្រជុំ​លើកទី ១៦ រវាង​យោធាចិន និង​អាមេរិក ហើយ​ត្រូវ​គេ​រំពឹង​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ប៉ះទង្គិច​គ្នា​ដោយ​យោធា​រវាង​មហាអំណាច​ទាំងពីរ ក្រោយការ​បោះឆ្នោត​នៅ​អាមេរិក បាន​ធ្វើ​ឲ្យ​មានការ​ប្រែ​ប្រួល​ខ្លាំង​នៅ​ក្នុង​រចនាសម្ព័ន្ធ និង​គោលយោបាយរបស់​មន្ទីរបញ្ចាកោណ ដូច​ជាករណីលោក Donald Trump ​បណ្តេញ​រដ្ឋមន្ត្រីការពារ​ជាតិ​អាមេរិក Mark Esper ចេញ​ពី​តំណែង​ជាដើម។

ជាមួយ​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​​មន្ទីរបញ្ចាកោណ របស់​អាមេរិកជាច្រើន បាន​ស​ម្រេចចិត្ត​លាលែង​ចេញ​ពី​តំណែង ដោយ​ការ​រង្គោះរង្គើក្នុង​រចនាសម្ព័ន្ធ​មន្ត្រីជាន់ខ្ពស់ គឺ​ដោយ​សារ​ពួកគេ​បារម្ភ លោក Trump អាចនឹង​ពិចារណា​ចាត់​វិធានការ​ក្តៅ​ប្រឆាំង​ប្រទេស​ចិន មុននឹងត្រូវ​ចុះចេញពីតំណែង​នា​ថ្ងៃ ២០ មករា ឆ្នាំ២០២១។

លោក Pang Zhongying អ្នក​ជំនាញផ្នែក​ទំនាក់ទំនង​អន្តរជាតិ នៃ​ សាកលវិទ្យាល័យ Ocean University ក្នុង​ប្រទេសចិន បាននិយាយថា កិច្ចពិភាក្សា​នេះ គឺ​ជាសញ្ញា​ប្រាកដប្រជាមួយដើម្បី​បញ្ចៀស​ការ​ប៉ះទង្គិចគ្នា​ដោយយោធា ចំពេលចំណង​ការទូតរវាង​ប្រជាជាតិ​មហាអំណាច​ទាំង​ពីរ កំពុង​ស្ថិតក្នុងភាព​ស្រពិចស្រពិល៕  

ប្រែសម្រួល៖ សុភា
ប្រភព៖ SCMP

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម